អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ សន្យាយកក្របីទឹកដាក់ជាផ្នែកមួយនៃអំណាចទន់
21, Mar 2024 , 7:29 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីកម្ពុជា និងក្របីទឹកពូជKo Muang Phet។ រូួបភាពX_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីកម្ពុជា និងក្របីទឹកពូជKo Muang Phet។ រូួបភាពX_Srettha Thavisin
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី២០ ខែមីនា បានបង្ហាញការចាប់អារម្មណ៍ យកសត្វក្របីទឹក ធ្វើជាផ្នែកមួយនៃអំណាចទន់របស់ថៃដែលនឹងប្រើប្រាស់ ដើម្បីផ្សព្វផ្សាយលើឆាកអន្តរជាតិ និងព្រមទាំងមានសក្ដានុពលក្នុងការបង្កើនចំណូលជាតិទៀតផង។ ការយកក្របីទឹកដាក់ជាអំណាចទន់ នឹងជួយឱ្យតម្លៃកាន់តែកើនឡើងថែមទៀត។

 
លោក Jittanart Limthongkul ម្ចាស់ក្របី និងម្ចាស់កសិដ្ឋាន Vanasuwan Farm មានប្រសាសន៍ ថា លោកចង់ឱ្យរដ្ឋាភិបាលប្រើប្រាស់ក្របីថៃក្នុងការបង្ហាញពីអំណាចទន់។ ការអះអាងបែបនេះ ធ្វើឡើងក្រោយពីលោក បានដាក់បង្ហាញក្របីទឹក Ko Muang Phet នៅលើផ្លូវ Phra Athit ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទេសចរជាច្រើន។ ក្របីKo Muang Phet មាន​តម្លៃរហូតដល់ ​១៨ ​លាន​បាតឬ ៤៩,៩ ម៉ឺនដុល្លារ។
 
ក្រោយតំណាង​សមាគម​អ្នក​បង្កាត់​ក្របី​ថៃ​ដាក់ស្នើ​​ទៅ​វិមាន​រដ្ឋាភិបាល​អំពីសំណូមពរយកសត្វក្របីទឹកជាអំណាចទន់របស់ប្រទេស នាយក​រដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាន​អនុម័ត​គំនិត​នេះ​ភ្លាមៗតែម្ដង។ អ្នក​បង្កាត់​ពូជ​ក៏​បាន​នាំក្របីទឹក Ko Muang Phet ដែល​ជា​ក្របី​ឃ្លាច​ស​ធំ ​ជាង​គេ​ក្នុង​ពិភពលោក​ឱ្យលោកសេដ្ឋាទស្សនាផងដែរ។ ក្របី​នេះ​មាន​អាយុ​ ៤​ ឆ្នាំ ​ទម្ងន់ ​១,៥​តោន និង​កម្ពស់​១,៨​ម៉ែត្រ ។ 
 
ក្របីទឹក ជាប្រភេទក្របី ដែលចូលចិត្តទឹកខ្លាំង ហើយវាចំណាយពេលស្ទើរតែពេញមួយថ្ងៃនៅក្នុងទឹក។ ក្របីប្រភេទនេះ មានកំណើតនៅក្នុងអាស៊ីអាគ្នេយ៍ អាម៉េរិកខាងត្បូង និងខាងជើង អ៊ីតាលី និងបណ្តាប្រទេសមួយចំនួនទៀត។ 
 
លោក Jittanart មានគម្រោងនាំក្របីយក្សជាច្រើនក្បាល រួមទាំង Ko Muang Phet ទៅចូល រួមពិធីសង្ក្រាន្តលេងទឹកនៅថ្ងៃទី ១៣ និង ១៤ ខែមេសា ហើយសម្គាល់ថា នាយករដ្ឋ មន្ត្រីបានណែនាំឱ្យធានាសុវត្ថិភាពសាធារណៈ។ ជាការឆ្លើយតបលោក Jittanart បានបញ្ជាក់ថា ក្របី​ទឹក​មិន​កាចនោះទេ ហើយ​ថែមទាំងចូល​ចិត្ត​ទឹក​ទៀតផង។ 
 
លោកនាយករដ្ឋមន្ត្រីសេដ្ឋា បានសន្យានឹងផ្សព្វផ្សាយក្របីថៃជាអំណាចទន់ ហើយលោកប្រាកដថា អ្នកទេសចរនឹងរំភើបចិត្តនៅពេលឃើញពួកវាជាផ្នែកមួយនៃពិធីបុណ្យសង្ក្រាន្តនៅខែក្រោយ។ ហើយលោកក៏បាន​បញ្ជា​ឱ្យអ្នកនាំពាក្យ​រដ្ឋាភិបាល និង​ក្រសួងកសិកម្ម និង​សហករណ៍​ធ្វើ​កម្មវិធី​បង្ហាញ​ក្របី​ថៃ​នៅ​​ចិន​ក្នុង​ខែឧសភាផងដែរ​។
 
តាមរយៈសំណេរលើបណ្ដាញសង្គម X លោកសេដ្ឋាលើកឡើងថា ថៃមាន​កសិដ្ឋាន​ក្របី​ជាច្រើនកន្លែង ហើយការដាក់ក្របីក្នុងអំណាចទន់ នឹងជួយឱ្យតម្លៃក្របីកាន់តែឡើងថ្លៃ។  
 
«​ប្រសិនបើ​ក្របី​យក្ស​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​តាមផ្លូវ​នៅចិន និង​វៀតណាម តម្លៃ​របស់​វា​នឹងកើនឡើង​ភ្លាមៗ​»​។ នាយក​រដ្ឋមន្ត្រី​ថៃបានសង្កតើធ្ងន់បែបនេះផងដែរ។ 
 
ទន្ទឹមនេះ លោកសេដ្ឋា ក៏បានលើកឡើងពីការរៀបចំឱ្យមានផលិតផលពាក់ព័ន្ធនឹងក្របីផងដែរ ដូចជាទឹកដោះក្របី និងសុកក្របី និងការធ្វើវាលស្មៅសម្រាប់ចំណីក្របី ដែលទាំងអស់នេះនឹងបង្កើតប្រាក់ចំណូលដល់កសិករ ពោលគឺអាចកើនឡើងដល់ទៅបីដងជាងការធ្វើកសិកម្មស្រូវ៕

Tag:
 ថៃ
  ក្របី
© រក្សាសិទ្ធិដោយ thmeythmey.com