អន្តរជាតិ
អតីតចៅអធិការវត្តមួយនៅថៃ ត្រូវជាប់ពន្ធនាគារ៤៦៨ឆ្នាំព្រោះកិបលុយវត្ត
21, Mar 2024 , 5:39 pm        
រូបភាព
អតីតព្រះចៅអធិការវត្ត Pa Dhammakiri ក្នុងខេត្តនគររាជសីមា នៅថ្ងៃទី២០ ខែមីនា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ៤៦៥ឆ្នាំ ពីបទលួចប្រាក់វត្តប្រមាណ ៨,៣លានដុល្លារ (៣០០លានបាត)។ ទន្ទឹមនេះ បុគ្គលចំនួន ៨នាក់ផ្សេងទៀត ក៏មានពាក់ព័ន្ធក្នុងរឿងក្តីនេះដែរ។

 
បន្ទាប់ពីព្រះរាជអាជ្ញាដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតព្រះចៅអធិការ Phra Ajarn Khom របស់វត្ត Wat Pa Dhammakiri ក្នុងខេត្តនគររាជសីមា តុលាការបានសម្រេចកាត់ទោសអតីតចៅអធិការរូបនេះឱ្យជាប់ពន្ធនាគារដល់ ៤៦៥ឆ្នាំ ពីបទលួចប្រាក់វត្តប្រមាណ ៨,៣លានដុល្លារ។ អតីតព្រះចៅអធិការនោះ មានឈ្មោះពេញថា Khom Kongkaeowas។ 
 
ចំណែកមនុស្ស ៨នាក់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងរឿងក្តីខាងលើមានដូចជា អតីតព្រះចៅអធិការវត្តមុន Wutthima Thaomor, ប្អូនស្រី អតីតព្រះចៅអធិការ Phra Ajarn Khom, អ្នកបើកបររថយន្ត និងព្រះសង្ឃដែលត្រូវបានចាប់ផ្សឹក ៥រូបទៀត។ 
 
តាមការស៊ើបអង្កេត តុលាការបានរកឃើញថា អតីតព្រះចៅអធិការវត្ត Pa Dhammakiri បានឃុបឃិតជាមួយព្រះសង្ឃត្រូវបានចាប់ផ្សឹក ៥នាក់នោះ។ ចំណែកថវិកាដែលយកបាននោះ ត្រូវទុកក្នុងគណនីរបស់អតីតព្រះចៅអធិការ ហើយបងប្អូនស្រីរបស់លោក ជាអ្នកទទួលបន្ទុកក្នុងការដកប្រាក់។ 
 
ទន្ទឹមនេះ ប្រាក់ដែលត្រូវបានដក រួចទៅទុកនៅផ្ទះរបស់ព្រះចៅអធិការ ដែលត្រូវបានប៉ូលិសរកឃើញមានប្រមាណ ១,៤លានដុល្លារ។ ទន្ទឹមនេះ អតីតព្រះចៅអធិការវត្ត Pa Dhammakiri បានបញ្ជាឱ្យព្រះសង្ឃផ្សេងទៀត លាក់ទ្រព្យសម្បត្តិនៅក្រៅវត្តផងដែរ។ ក្រោយមក ប៉ូលិសបានរកឃើញទ្រព្យ និងលុយទាំងនោះ ដោយមានទំហំប្រមាណ ៨,៣លានដុល្លារ។ 
 
ជុំវិញបញ្ហាខាងលើ តុលាការបានរកឃើញកំហុសរបស់អតីតព្រះចៅអធិការវត្តចំនួន ៧៨ករណី ដោយមួយករណីៗ ត្រូវចាប់ពន្ធនាគារ៦ឆ្នាំ ដោយសរុបទាំងអស់ ៤៦៨ឆ្នាំ។ ចំណែក អតីតព្រះចៅអធិការវត្តមុន Wutthima ត្រូវជាប់ពន្ធនាគារ ៣១២ឆ្នាំ ហើយបងប្អូនស្រីរបស់ចៅអធិការវត្តជាប់ពន្ធនាគារ ៣០៨ឆ្នាំ។ 
 
តាមច្បាប់ថៃ ជនល្មើសអាចជាប់ពន្ធនាគារត្រឹមតែ ៥០ឆ្នាំប៉ុណ្ណោះ។ ចំណែកចុងចោទផ្សេងទៀត ត្រូវកាត់បន្ថយទោសមកត្រឹម ២ ទៅ៣ឆ្នាំ ដោយសារសហការជាមួយអាជ្ញាធរ៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com