កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន ម៉ាណែត ផ្តល់ថវិការ៨០០លានរៀល ទ្រទ្រង់ជនពិការ និងអត្តពលិកប៉ារ៉ាឡាំពិក
22, Mar 2024 , 9:33 am        
រូបភាព
រូបភាព៖ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត
រូបភាព៖ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ថវិកា២០០លានរៀលក្នុងមួយឆ្នាំ និងបន្តផ្តល់រយៈពេល៣ឆ្នាំបន្តបន្ទាប់ទៀត សរុប៨០០លានរៀល ដល់មូលនិធិជនពិការសម្តេចតេជោ ដើម្បីទ្រទ្រង់ ជនពិការ និងអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា។ សម្តេច ក៏បានលើកសរសើរ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រួមទាំងកីឡាករ-ការិនីជនពិការ ដែលប្រឹងប្រែប្រជែងមេដាយយ៉ាងច្រើននៅរយៈពេលចុងក្រោយ។



ចូលរួមសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញការគិតគូ និង ធានាដល់ការធ្វើបរិយាប័ន្ន ក៏ដូចជាលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព ដើម្បីពួកគេទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាព។
 
រដ្ឋាភិបាល នឹងផ្តល់កាលានុវត្តភាព ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច ដើម្បីជនមានពិការភាពទទួលបានឱកាសពេញលេញចូលរួមគ្រប់សកម្មភាព នៅក្នុងសង្គម។
  


ជាក់ស្ដែង​ កីឡាការជនមានពិការភាព​ ក៏បានរួមចំណែកយ៉ាងសកម្មក្នុងការដណ្តើមមេដាយជាច្រើន​ជូនជាតិ។ តាមរយៈ​បេសកកម្មនេះ​ រាជរដ្ឋាភិបាល​នឹងបន្តផ្តល់ការគាំទ្រទាំងផ្នែកស្មារតី​ និងគោលការណ៍ឧបត្ថម្ភគាំទ្រ​ សម្រាប់ជាការបំប៉ន​ និងលើកកម្ពស់បន្ថែមក្នុងការហ្វឹកហាត់​ និងបច្ចេកទេសសម្រាប់គ្រប់ការប្រកួតនាពេលខាងមុខ​។
 
តបតាមការស្នើសុំរបស់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) សម្តេច ហ៊ុន ម៉ាណែត យល់ព្រមផ្តល់ថវិកា ៨០០លានរៀល ក្នុងរយៈពេល៤ឆ្នាំ ពោលក្នុងមួយឆ្នាំ ២០០លានរៀល គិតចាប់ពីឆ្នាំ ២០២៤ តទៅដល់មូលនិធិជនពិការសម្តេចតេជោ ដើម្បីទ្រទ្រង់ជនពិការ និងអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា។
  


«ខ្ញុំសូមអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ជនពិការ និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលជនពិការជាតិតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលសម្រេចបានសមិទ្ធផលដូចសព្វថ្ងៃ»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី មុនលោកទទួលយកសំណើធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន។ សម្តេច ក៏បាន​លើកសរសើរ​​អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ​ដែល​​ព្យាយាម​តំណាង​ជាតិ​​ដណ្តើមបាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗផងដែរ​។ 
 
មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន បានបង្កើតឡើងដោយក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៧ ក្នុងគោលបំណងផ្តល់សេវាស្តារនីតិសម្បទា ជំរុញកំណើនសេដ្ឋកិច្ច និងសម្រួលឱកាសការងារសម្រាប់ជនពិការ និងមានឱកាសស្មើគ្នាក្នុងការចូលរួមក្នុងសកម្មភាពសង្គម៕



Tag:
 ប៉ារ៉ាឡាំពិកកម្ពុជា
  ហ៊ុន ម៉ាណែត
  យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com