ជាតិ
សមរាត្រី ជាទិដ្ឋភាពដ៏អស្ចារ្យរបស់ពលរដ្ឋខ្មែរ និងទេសចរ
22, Mar 2024 , 8:19 pm        
រូបភាព
សមរាត្រីនៅអង្គរវត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
សមរាត្រីនៅអង្គរវត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
សៀមរាប៖ សមរាត្រី ឬEquinox តាមភាសាអង់គ្លេស ជាព្រឹត្តិការណ៍ដែលតែងកើតឡើងជាទៀងទាត់មួយឆ្នាំ ពីរដង គឺខែប្រាំងត្រូវនឹងខែមីនា និងខែវស្សា ត្រូវនឹងខែកញ្ញា។ ប្រជាពលរដ្ឋខ្មែរ ឬភ្ញៀវទេសចជាតិ និងអន្ដរជាតិ តែងទន្ទឹងរង់មើលព្រឹត្តិការណ៍នេះ ដោយអន្ទះសា ទោះអ្នកខ្លះធ្លាប់បានមើលរួចហើយក៏ដោយ។

 
តើអ្វីទៅជាចំណុចពិសេសនៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ? គឺព្រះអាទិត្យនឹងងើបរះចំកំពូលប្រាង្គកណ្ដាល​ប្រាសាទអង្គរវត្តតែម្ដង។ វាពិតជាអច្ឆរិយៈណាស់ សម្រាប់បាតុភូតធម្មជាតិមួយនេះ ដែលកើតឡើង​នៅលើប្រាសាទបុរាណខ្មែរ។ 
 
អ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីនារដូវប្រាំងនេះ អាចកើតឡើងរវាង​ថ្ងៃទី២០ដល់២៣​ ខែមីនា។ សម្រាប់ព្រឹត្តិការណ៍ ព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទអង្គរ នាឆ្នាំនេះ កើតឡើងនៅថ្ងៃទី២១ មីនា។
 
ខ្ញុំបានដាក់ទូរសព្ទរោទិ៍នាម៉ោង៤ភ្លឺ។ គាប់ជួនរដូវខែបុណ្យរ៉ាម៉ាឌនផងនោះ ខ្ញុំ ជាអ្នកកាន់សាសនាអ៊ីស្លាម បានហូបបាយរួច និងចាកចេញពីផ្ទះ ឆ្ពោះទៅខាងលិចក្រុងសៀមរាប ដែលមានសភាពស្ងាត់បន្ដិចដែរ ដោយមានម៉ូតូឡានមួយៗ ចរាចរលើដងផ្លូវនៅឡើយ ព្រោះពេលវេលាទើបតែម៉ោង៥ព្រឹក។ ដោយសារសភាពស្ងាត់បែបនេះ ទើបធ្វើឱ្យខ្ញុំគិតក្នុងចិត្តថា ប្រហែលមិនសូវមានមនុស្សម្នា មកមើលសមរាត្រីទេដឹង នៅឆ្នាំនេះ។ ប៉ុន្តែការគិតរបស់ខ្ញុំ ផ្ទុយខុសស្រឡះ។ 
 
គ្រាន់តែមកដល់ទីតាំងប្រាសាទអង្គរភ្លាម ចាប់ពីផ្លូវកូរ៉េ ឡើងមកផ្លូវមុខអង្គរបន្ដិច វត្តមានរ៉ឺម៉កកង់បី ម៉ូតូ ឡាន ជាច្រើនចត ស្អេកស្កះ។ ទម្រាំរកកន្លែងចតឡានបាន ខ្ញុំត្រូវបើកចុះឡើងៗមួយសន្ទុះដែរ។ 
 


ខ្ញុំបានទៅដល់អង្គរនាម៉ោង៥និង៥០នាទីព្រឹក។ មិនបង្អស់យូរឡើយ ខ្ញុំស្ពាយកាបូបដាក់កុំព្យូទ័រមួយ និងដៃកាន់កាមេរ៉ា បោះជំហានវែងៗសំដៅទៅស្ពានហាលខាងលិចអង្គរវត្ត ដែលជាច្រកចូលកណ្ដាល និងចំអ័ក្សប្លង់ ដែលព្រះអាទិត្យរះចំកំពូលប្រាសាទ។ លើស្ពានហាល ពលរដ្ឋ ទេសចរជាតិ-អន្ដរជាតិ ប្រុសស្រី ក្មេងចាស់ ម្នីម្នាប្រញាប់ដើរចូលប្រាសាទ។ ខ្ញុំឯណេះក៏អន្ទះសាដែរ នឹងប្រឹងបោះជំហានកាន់តែញាប់ៗទៅ ដូចកំពុងរត់ម៉ារ៉ាតុន តាមពីក្រោយភ្ញៀវជាតិ និងបរទេស។ អារម្មណ៍ពេលនោះ ប្រសិនមានស្លាបហើរ ចង់ហោះឱ្យឆាប់ដល់ទីតាំងតែម្ដង ព្រោះខ្លាចថ្ងៃរះចោល។ 
 
បោះជំហានឡើងកាំជណ្ដើរនៅគុហ៍តារាជ ក៏មានអារម្មណ៍ថា មានមនុស្សច្រើន ដែលធ្វើឱ្យដំណើរយ៉ាងអន្ទះអន្ទែងនេះ បោះជំហានទៅមុខបានតិចៗប៉ុណ្ណោះ។ ទៅដល់ខាងលើបន្ដិច គឺស្ទះកាន់តែខ្លាំង ដ្បិតច្រកខាងកើតគុហ៍តារាជ ឬស្ពានហាលខាងក្នុងឯណោះ កកកុញទៅហើយ។ ដោយសារខ្លួនតូចផងនោះ ខ្ញុំក៏ខំប្រជ្រៀតចូលទៅមុខបានបន្ដិច រុលចូលបានទៅជ្រុងខាងត្បូង។ ប៉ុន្តែនៅតែអត់មានកន្លែងនៅស្រួលបួល ខ្ញុំក៏សម្រេចចុះទៅវាលស្មៅវិញ។ ទីនោះ ខ្ញុំបានជួបស្រ្តីចំណាស់ៗមួយក្រុមគ្នា៥នាក់ កំពុងឱ្យស្រ្តីក្មេងៗពីរនាក់ ថតរូបជូនពួកគាត់។ ទឹកមុខពួកគាត់ បង្ហាញថា រីករាយជាខ្លាំងជាមួយទិដ្ឋភាពនៅអង្គរពេលនោះ។
 
មិនបង្អង់យូរឡើយ ខ្ញុំក៏បានចូលទៅសួរស្ត្រីចំណាស់ទាំងនោះ ដោយបានជួបអ្នកស្រី ប៉ុញ បេន និងជជែកបន្ដិច ទើបដឹងថា ក្រុមរបស់ពួកគាត់មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មានវ័យ៧០ឆ្នាំ តែរាងកាយមើលទៅនៅស្វាហាប់ អ្នកស្រី បេន ដែលបានមកសម្រាកនៅសៀមរាបមួយយប់ កាលពីថ្ងៃទី២០ មីនា បានប្រាប់ថា ពួកគាត់មានគ្នាជាង១០នាក់ ដើម្បីនាំគ្នាមករង់ចាំមើលព្រឹត្តិការណ៍សមរាត្រីនៅអង្គរ នៅថ្ងៃទី២១ មីនា។ 
 
នៅពេលសួរថា មានហេតុផលអ្វីដែលអ្នកស្រីមើល​មកទស្សនាព្រឹត្តិការណ៍សមរាត្រីនៅពេលនេះ? អ្នកស្រី បេន ប្រាប់ថា ដោយសារតែចង់ឃើញភាពអស្ចារ្យ​នៃអង្គរវត្តដោយផ្ទាល់ភ្នែក ដែលកន្លងមក ធ្លាប់តែឃើញក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ អ្នកស្រីបន្តថា៖« អង្គរខ្មែរ យើងត្រូវតែមកឱ្យឃើញឱ្យផ្ទាល់នឹងភ្នែក កុំឮតែគេនិយាយ គេនៅដល់ណាដល់ណី គេមកមើលដែរ ចុះយើងនៅស្រុកខ្មែរហើយម៉េចមកមិនបាន»។
 
បានត្រឹមមើលឃើញព្រះអាទិត្យរះចំកំពូលពីចំហៀងក្ដី តែអ្នកស្រី បេន ពិតជារីករាយខ្លាំងណាស់ ពេលមក​ដល់ទឹកដីអង្គរ ពិសេសបានឃើញព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ ដោយផ្ទាល់ភ្នែក។ ស្ត្រីចំណាស់រូបនេះ នឹងសន្សំប្រាក់ ដើម្បីបានមកមើលព្រឹត្តិការណ៍នេះ នៅរដូវវស្សាម្ដងទៀត នាអំឡុងខែកញ្ញាខាងមុខ។ 
 


ក្រៅពីបានមកឃើញផ្ទាល់ អ្នកស្រុកមេមត់រូបនេះ ផ្ដាំទៅពលរដ្ឋដទៃទៀតយ៉ាងដូច្នេះ៖« ចង់ឱ្យចាស់ៗឯទៀត ដែលមានលុយកាក់ និងកូនចៅឱ្យមកទាំងអស់គ្នាទៅ សប្បាយណាស់»។
 
នៅវេលាម៉ោង៦និង២០នាទី ព្រឹត្តិការណ៍ដ៏អស្ចារ្យក៏មកដល់ នោះគឺដុំមូលក្រហម​ បានអណ្ដែតខ្លួនមកលើ កំពូលប្រាសាទ ដែលញុំាងឱ្យអ្នកទស្សនាបន្លឺសំឡេងហ៊ោកញ្ជ្រៀវ។ ម្នាក់ៗបានភ្ជង់កាមេរ៉ាទូរសព្ទ ខ្លះមានម៉ាស៊ីនថតធំ តម្រង់ទៅកំពូលប្រាសាទ។ អ្នកខ្លះដែលមានកម្ពស់ល្មម ដូចជាខ្ញុំជាដើម ប្រឹងចង្អឹតផ្ដិត​ព្រឹត្តិការណ៍ដ៏ខ្លីមួយនេះកុំឱ្យរំលង។ ប្រហែល៥នាទីក្រោយមក ព្រះអាទិត្យក៏រះខ្ពស់ទៅលើផុត កំពូលប្រាសាទ ទើបមនុស្សម្នាបំបែកគ្នាបណ្ដើរៗចេញពីស្ពានហាល ឬជុំវិញនោះ ដើម្បីត្រឡប់ទៅផ្ទះវិញ។ ចំណែកអ្នកខ្លះ ក៏នៅឈរថតរូប អមជាមួយនឹងបំភ្លឺពណ៌មាសឆ្អិនឆ្អៅ ដែលមិនទាន់ទៅផុតនៅឡើយ។ 
 
ខ្ញុំក៏បានជួបស្រ្តី២នាក់ ដែលជាបងប្អូននឹងគ្នា ខំងើបពីព្រលឹមមកមើលថ្ងៃរះនេះ។ អ្នកស្រី អ៊ូ សុខហ៊ុន ប្រាប់ថា៖« គម្រោងមកមើលថ្ងៃរះតែម្ដង មិនមែនមកដើរលេងអីទេ ព្រោះចង់ដឹងថាពិតឬមិនពិត ឥឡូវឃើញពិតហើយ»។​ 
 
អ្នកស្រី សុខហ៊ុន ឈានដល់វ័យចំណាស់ មានសុខភាពកាន់តែទ្រុឌទ្រោមរូបនេះ បានបន្ថែមថា ក្នុងនាមជាខ្មែរមួយរូប ត្រូវប្រឹងប្រែងមកមើលព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ដែលជាការចងចាំដ៏ល្អ និងមានមោទកភាព ក្នុងនាមជាកូនខ្មែរ។ យ៉ាងណាមិញ ស្រ្តីរូបនេះ ហាក់មិនទាន់អស់ចិត្តទេ ដ្បិតមើលបានពីចំហៀង ។ ដូច្នេះអ្នកស្រី បានដាក់គោលដៅថា នឹងមកម្ដងទៀត  ហើយមកឱ្យបានមុនគេ ដើម្បីចាប់យកប្លង់ឈរកណ្ដាលតែម្ដង។ 
 
« សប្បាយតើ តែមិនទាន់អស់ចិត្ត ព្រោះបានតែពីចំហៀង ស្អែកមកប្រឡោះកណ្ដាល ក្រោកឡើងម៉ោង៣ពិតប្រាកដហើយ ទោះបីគេមិនឱ្យចូលក៏សុំគេចូលដែរ»។​ អ្នកស្រី សុខហ៊ុន បន្ថែម។
 


អង្គុយក្បែរគ្នានោះ គឺអ្នកស្រី អ៊ូ សុខហ៊ ជាបងស្រី របស់អ្នកស្រី សុខហ៊ុន ក៏បានកោតសរសើរភាពអច្ឆរិយៈ នៃព្រឹត្តិការណ៍សមរាត្រីនេះដែរ។ អ្នកស្រីលើកឡើងថា នេះជាហេតុការណ៍កើតឡើងពិតៗនៅអង្គរវត្ត មិនមែនជារូបភាពកាត់តឡើយ។ អង្គុយរង់ចាំកូនចៅ ដែលនៅផ្ដិតរូបភាពឆ្ងាយពីខ្លួនបន្ដិច ស្រី្តរូបនេះបន្ថែមថា នាខែកញ្ញាខាងមុខ ក្រុមគ្រួសារអ្នកស្រី និងអ្នកជិតខាង នឹងមកមើលព្រឹត្តិការណ៍នេះម្ដងទៀត។ 
 
អ្នកស្រីមានប្រសាសន៍ថា៖« តែប៉ុណ្ណេះហើយ មិនត្រឹមមកតែឯងទៀតទេ លើកទ័ពហើយ ហៅកូនចៅអ្នកជិតខាងអីមកទាំងអស់ ឱ្យមកមើលឱ្យឃើញ»។
 
ទន្ទឹមនឹងការកោតសរសើរប្រាសាទបុរាណ ដែលបន្សល់ពីដូនតាមក អ្នកស្រី សុខហ៊ ក៏ចង់ឱ្យកូនចៅជំនាន់ក្រោយ បន្តថែរក្សាមរតកមួយនេះ កុំឱ្យបាត់បង់ផងដែរ។ «សួរថា តាំងពីដូនតាមក មិនងាយឯណាគាត់បង្កបង្កើតបានប៉ុណ្ណឹង ហើយចុះយើងគ្រាន់តែថែរក្សាៗអត់បានមែន?»។ ស្ត្រីចំណាស់រូបនេះ បានបន្ថែម។
 
ចំណែកអ្នកស្រី សេរី វុទ្ធី ក៏បានមកមើលព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្តលើកទីមួយផងដែរ។ អ្នកស្រីមកសៀមរាប រយៈពេល៤ថ្ងៃ ជាមួយក្រុមស្រ្តីឯទៀតនៃកម្មវិធីសមាធិ។ អ្នកស្រី វុទ្ធី ប្រាប់ថា ពិតជារីករាយជាខ្លាំង ដែលបានឃើញព្រឹត្តិការណ៍នេះ និងមិនធ្វើឱ្យអ្នកស្រី ដែលខំងើបតាំងពីម៉ោង៣ភ្លឺ ខកចិត្តឡើយ។
 
សមរាត្រី ឬ Equinox ជាព្រឹត្តិការណ៍ដ៏មហស្ចារ្យ ដែលកើតមាននៅប្រាសាទអង្គរវត្ត។ មិនមែនជារឿងចៃដន្យទេ តែវាបានគូសវាសដោយច្បាស់លាស់​ របស់ស្នាដៃដូនតាខ្មែរ ដែលមានជំនាញលើផ្នែកតារាសាស្រ្ត និងជាមូលហេតុ ដែលអង្គរវត្ត សង់បែរទៅទិសខាងលិច។ ព្រឹត្តិការណ៍នេះ នឹងកើតឡើងម្ដងទៀតនាខែកញ្ញា ប៉ុន្តែអាចមានឧបសគ្គខ្លះ ដោយសារជារដូវវស្សា៕

Tag:
 សមរាត្រី
  Equinox
© រក្សាសិទ្ធិដោយ thmeythmey.com