ជាតិ
បទសម្ភាសន៍
វីដេអូ
បណ្ណាល័យ​ «សួនបញ្ញា» នៅតែស្វាគមន៍កុមារ និងយុវជនទៅអានសៀវភៅ ​
23, Mar 2024 , 10:40 am        
រូបភាព
បាត់ដំបង៖ បណ្ណាល័យ “សួនបញ្ញា” ដែលមានទីតាំងក្នុងខេត្តបាត់ដំបង ជិតភ្នំសំពៅ បានបិទទ្វារតាំងពីអំឡុងពេលកូវីដ-១៩មកម្ល៉េះ។ ដ្បិតតែមិនបានដំណើរការជាផ្លូវការក៏ពិតមែន ប៉ុន្តែបណ្ណាល័យនេះ នៅតែបើកទ្វារស្វាគមន៍ទទួលយុវជន និងកុមារ ឱ្យចូល​អានសៀវភៅ និងប្រើប្រាស់បណ្ណាល័យតាមតម្រូវការ។



 
លោក សុខ ឡាក់ សហស្ថាបនិកយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ បានរៀបចំដំណើរទស្សនកិច្ចសិក្សា ទៅខេត្តបាត់ដំបង ដើម្បីពិភាក្សាជាមួយ ស្ថាបនិកាបណ្ណាល័យសួនបញ្ញា ក្នុងការរកវិធីសាស្រ្ត ធ្វើយ៉ាងណាឱ្យបណ្ណាល័យនេះ បើកជាផ្លូវការឡើងវិញជាមួយស្ថិរភាព។
លោក សុខ ឡាក់ ថាបើទោះបីជា បណ្ណាល័យ”សួនបញ្ញា” បានបិទតាំងពីអំឡុងពេលកូវីដ-១៩ ហើយរហូតមកដល់ពេលនេះ ពុំទាន់បើកជាផ្លូវការក្ដី ប៉ុន្តែបណ្ណាល័យនេះ នៅតែមានសកម្មភាពជាប្រចាំ។ យុវជន និងកុមារក្នុងតំបន់ តែងមកអានសៀវភៅ និងធ្វើសកម្មភាពផ្សេងៗ ទាក់ទងនឹងការសិក្សា នៅបណ្ណាល័យនេះ។ លោក សុខ ឡាក់ បន្ថែម៖«ដំណើរទស្សនកិច្ចនេះ យើងបានយកសៀវភៅមួយចំនួន មកឱ្យបណ្ណាល័យ។ យើងក៏ជជែកពិភាក្សាគ្នាដើម្បីធ្វើយ៉ាងណា ឱ្យបណ្ណាល័យនេះ មានដំណើរការទៅមុខទៀតជានិរន្ត»។ 
 
ក្នុងដំណើរទស្សនកិច្ចនោះ យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ ក៏បានអញ្ជើញវាគ្មិន ចំនួន៣រូប ដើម្បីចែករំលែកពីប្រធានបទ វិធីសាស្ត្រអានសៀវភៅ និងតែងនិពន្ធ ប្រធានបទ ដើរតាមក្ដីស្រមៃ សម្រេចក្ដីសុបិន និងប្រធានបទ ជំនះភាពក្រីក្រ បញ្ចប់ការសិក្សា។ តាមរយៈការចែករំលែកបទពិសោធនោះ យុវជនដែលបានចូលរួម សុទ្ធសឹងបង្ហាញការយកចិត្តទុកដាក់ស្ដាប់។ ពួកគេបានសួរដេញដោលទៅវាគ្មិន យ៉ាងផុសផុលគ្រប់ប្រធានបទ ពិសេសប្រធានបទ ជំនះភាពក្រីក្រ បញ្ចប់ការសិក្សា។ «ខ្ញុំសង្ឃឹមថា ប្រធានបទទាំងបីនេះ នឹងក្លាយជាកម្លាំងជំរុញឱ្យយុវជន គាត់មានការប្រឹងប្រែងរៀនសូត្រ និងមានក្ដីស្រមៃ»។ លោក សុខ ឡាក់ សង្ឃឹមដូច្នេះ។
 
លោក សុខ ឡាក់ ថាបណ្ណាល័យ “សួនបញ្ញា” បានដើរតួនាទីយ៉ាងល្អ ក្នុងការជំរុញយុវជន នៅតំបន់ឆ្ងាយពីទីក្រុង ឱ្យមានសៀវភៅអាន។ បុរសសម្បុរសរូបនេះ អះអាងថា ក្នុង​ពេលដែលបណ្ណាល័យបើក គឺមុន​ការរីករាលដាលនៃជំងឺកូវីដ-១៩ បណ្ណាល័យនេះទទួលបា​នអ្នកអានសៀវភៅ និងអ្នកខ្ចីសៀវភៅយកទៅមើលនៅផ្ទះជាច្រើន។ «តាមរយៈសកម្មភាពរបស់បណ្ណាល័យ ឃើញថាក្មេងៗមានភាពប្រសើរឡើងច្រើន។ កុមារនៅទីនោះ ចូលចិត្តទីតាំងបណ្ណាល័យ និងសួនកុមារ ដែលបណ្ណាល័យបានរៀបចំ។ ម្ដាយឪពុកសប្បាយចិត្ត ព្រោះពេលពួកគាត់នាំកូនៗមកអានសៀវភៅ កូនៗរបស់ពួកគាត់កាត់បន្ថយការមើលទូរសព្ទ។ បណ្ណាល័យ ក៏មានសកម្មភាពផ្សេងៗសម្រាប់យុវជនដែរ ដូចជាការបោះតង់យុវជន ដើម្បីជំរុញការអានជាដើម»។ នេះជាការអះអាងរបស់ស្ថាបនិកបណ្ណាល័យប​ញ្ញវន្ដ។ 
 
សហស្ថាបនិកយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ លោក សុខ ឡាក់ សង្ឃឹមថាសាធរណជន ចូលរួមគាំទ្របេសកកម្មបណ្ណាល័យសហគមន៍ ដើម្បីជំរុញឱ្យអ្នកមូលដ្ឋាន ទទួលបានសេវាកម្មអាន ក៏ដូចជាសេវាកម្មបណ្ណាល័យ។ លោកក៏សង្ឃឹមថា អាជ្ញាធរ ក្រុមហ៊ុនឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ជួយជំរុញបេសកកម្មនេះ ដើម្បីឱ្យយុវជន ក៏ដូចជាសាធារណជន មានទម្លាប់ក្នុងការអាន ដែលនាំឱ្យពួកគេ ក្លាយជាធនធានមនុស្ស ដ៏មានគុណភាព ជួយអភិវឌ្ឍប្រទេសជាតិ៕
 

Tag:
 អំណាន
  អប់រំ
  សិក្សា
  អក្សសាស្ត្រ
  សហគមន៍​
© រក្សាសិទ្ធិដោយ thmeythmey.com