អន្តរជាតិ
លោកបៃឌិនលុបចោលបំណុលរបស់សិស្សរាប់លានដុល្លារ មុនការបោះឆ្នោត
23, Mar 2024 , 11:19 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២១ ខែ មីនា បានប្រកាសលុបចោលបំណុលជាង ៦ពាន់លានដុល្លារ សម្រាប់បុគ្គលិកសេវាសាធារណៈចំនួនជាង ៧ម៉ឺននាក់ ដែលបានជាប់បំណុលក្នុងពេលសិក្សា។ ការលុបចោលនេះ ធ្វើឡើងមុននឹងការបោះឆ្នោតប្រធានាធិបតី ខែវិច្ឆិកា ខាងមុខ។



តុលាការកំពូលអាម៉េរិក ធ្លាប់ប្រឆាំងនឹងផែនការលើកលែងបំណុលរបស់សិស្សដែលចូលបម្រើការងាររដ្ឋម្តងហើយ កាលពីខែមិថុនា ឆ្នាំ២០២៣។ កាលនោះផែនការរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន គឺលុបចោលបំណុល ៤៣ពាន់លានដុល្លារ សម្រាប់មនុស្សជាង ៤០លាននាក់។ 
 
តាមគេហទំព័រជំនួយនិស្សិតសហព័ន្ធ មនុស្សប្រហែលជាង ៤៣លាននាក់ នៅអាម៉េរិក ជាប់បំណុលសិស្ស សរុបជាង ១,៦៣ទ្រីលានដុល្លារ។ បំណុលច្រើនជាងគេគឺ បំណុលរដ្ឋ (Federal Loan)។ 
 
គម្រោងរបស់សេតវិមាន គឺនឹងសងបំណុលជូនពលរដ្ឋម្នាក់ៗចាប់ពី ២ម៉ឺនដុល្លារឡើងទៅ ក្រោមកម្មវិធីលើកលែងកម្ចីសេវាសាធារណៈ។ គ្រូបង្រៀន គិលានុបដ្ឋាយិកា អ្នកពន្លត់អគ្គីភ័យ សុទ្ធតែមានសិទ្ធិក្នុងការទទួលបានការលើកលែងបំណុលនេះ ដោយសារពួកគេធ្លាប់ជានិស្សិត និងបានចង់ចូលបម្រើការងាររដ្ឋ។ 
 
នៅក្នុងការលុបបំណុលចុងក្រោយនេះ ធ្វើឡើងលើបុគ្គលិករដ្ឋចំនួន ៧៨០០០នាក់ ដោយការលុបចោល បំណុលជាមធ្យមប្រមាណ ៧៧០០០ដុល្លារ។
 
«បុគ្គលិកសេវាសាធារណៈទាំងនេះបានលះបង់អាជីពរបស់ពួកគេក្នុងសហគមន៍របស់ពួកយើង ប៉ុន្តែដោយសារតែភាពបរាជ័យរបស់រដ្ឋបាលមុន ពួកគេមិនបានទទួលបានសំណងត្រឹមត្រូវស្របតាមច្បាប់ទេ»។ លោក បៃឌិន បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២១ ខែមីនា។ ពាក់ព័ន្ធនឹងរដ្ឋបាលអាណត្តិមុន លោកបៃឌិនទំនងសំដៅដល់អាណត្តិរបស់លោក ដូណាល់ ត្រាំ។ 
 
គម្រោងលើកលែងបំណុលនេះ ត្រូវបានសមាជិកបក្សសាធារណរដ្ឋប្រឆាំងជាញយៗ។ បក្សសាធារណរដ្ឋ បានរិះគន់ការលើកលែងបំណុលរបស់លោកបៃឌិន ដោយលើកឡើងថាអ្នកបង់ពន្ធជាអ្នកទទួលខុសត្រូវលើបំណុលនោះ។ មិនតែប៉ុណ្ណោះ ការលុបចោលពន្ធខាងលើ នឹងធ្វើឱ្យតម្លៃសិក្សាឡើងថ្លៃ។ 
 
សូមបញ្ជាក់ថា ការលុបចោលបំណុលរបស់លោកបៃឌិនបែបនេះ ធ្វើឡើងស្របពេលមុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិក។ ការលុបចោលបំណុលខាងលើធ្វើឡើងទំនងលោកបៃឌិន ចង់បានសន្លឹកឆ្នោតបន្ថែមពីក្រុមយុវជន៕ 

Tag:
 អាម៉េរិក ចូ បៃឌិន បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com