ជាតិ
មន្ទីរធម្មការ ធ្វើកិច្ចសន្យាជាមួយបុគ្គល៣រូប ឱ្យឈប់ផ្សព្វផ្សាយរឿងអាគមឩមអាម
23, Mar 2024 , 3:39 pm        
រូបភាព
រូបពីហ្វេសប៊ុក ក្រសួងធម្ម_ការ និងសាសនា
រូបពីហ្វេសប៊ុក ក្រសួងធម្ម_ការ និងសាសនា
 
ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានចុះធ្វើកិច្ចសន្យា ជាមួយបុគ្គល៣រូប នៅរាជធានីភ្នំពេញ  ដែលបានបង្ហោះវីដេអូ ផ្សព្វផ្សាយពីអាគមឩមអាម និងប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន។

លោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានធ្វើកិច្ចសន្យា បញ្ឈប់ការផ្សាយបន្តទៀត នៅរាល់រូបភាព និងវីដេអូថ្មី ទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។ គ្រូផេះអង្កាមរូបនេះ ក៏យល់ព្រមលុបរូបភាព និងវីដេអូចាស់ៗទាំងឡាយទៀតផង។ 

លោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម (ស្ដាំដៃពាក់អាវស) រូបពីហ្វេសប៊ុក ក្រសួងធម្មការនិងសាសនា

លោក សុត កុសល្យ អាយុ៥០ឆ្នាំ មុខរបរជាមន្ត្រីរាជការ ក្រសួងមហាផ្ទៃ និងជាគ្រូចាប់សរសៃ រួមទាំងកូនស្រីឈ្មោះ កុសល្យ សុខមីល អាយុ១៤ឆ្នាំ ដែលហៅគ្រូក្មេងមើលឃើញបីភព ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញដែរ។
 
លោក សុត កុសល្យ និងកូនស្រី បានសន្យាបញ្ឈប់រាល់ការបង្ហោះវីដេអូ សកម្មភាពការទស្សទាយ សម្ដែងអភិនីហារ ដោះអំពើ ដែលនាំឱ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។ លោក សុត កុសល្យ បានអះអាងថានឹងទទួលខុសត្រូវ ចំពោះមុខច្បាប់ ប្រសិនមានរូបភាពបង្ហោះចេញពីខ្លួន និងក្រុមគ្រួសារទាំងអស់របស់ខ្លួន។ 

រាប់ពីឆ្វេង លោក សុត កុសល្យ (ទី៣), ក្មេងស្រី កុសល្យ សុខមីល (ទី២) រូបពីហ្វេសប៊ុក ក្រសួងធម្មការ និងសាសនា

ពួកគេក៏បានអំពាវនាវ ដល់មហាជនដែលប្រើប្រាស់ បណ្ដាញសង្គមទាំងអស់ បញ្ឈប់ការយកវីដេអូទាំងចាស់ ទាំងថ្មីរបស់ខ្លួន ទៅបង្ហោះចែកចាយ នៅលើបណ្ដាញសង្គមបន្តទៀត។ ប្រសិនមិនបញ្ឈប់ទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ 
 
លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្នគ្រូអាគមឩមអាម រីករាលដាលពេញប្រទេស ដែលធ្វើ​ឱ្យមិនមានសណ្ដាប់ធ្នាប់ និងធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះ។ លោកបានណែនាំឱ្យ អ្នកដែលបានធ្វើសកម្មភាពខាងលើ បញ្ឈប់រាល់សកម្មភាព​ទាំងឡាយណា ដែលប៉ះពាល់សេចក្ដីថ្លៃថ្នូរសង្គម និងធ្វើឱ្យបាត់បង់តម្លៃ ដ៏ផូរផង់របស់ដូនតា។ ជាពិសេសត្រូវលុបរាល់វីដេអូ រូបថត ដែលមិនសមរម្យពីបណ្ដាញសង្គម។ 
 
រូបពីហ្វេសប៊ុក ក្រសួងធម្មការ និងសាសនា

លោកក៏មិនអនុញ្ញាត​ឱ្យ ថតបង្ហោះសកម្មភាព ដោះអំពើ ឬមន្តអាគមផ្សេងៗ ពេលធ្វើពិធីផ្សេងៗឡើយ។ លោកបានណែនាំឱ្យបុគ្គលទាំងបីខាងលើ ត្រូវធ្វើវីដេអូបញ្ជាក់ប្រាប់ដល់មហាជន ឬអ្នកដែលយកវីដេអូទៅត្រូល តាមបណ្ដាញសង្គម ឱ្យបញ្ឈប់រាល់សកម្មភាពទាំងនោះ។ បើមិនបញ្ឈប់ទេ អ្នកចែកចាយបន្តនោះ នឹង​ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយខ្លួនឯង៕
 
 
 
 

Tag:
 សាសនា
  ក្រសួងធម្មការ
© រក្សាសិទ្ធិដោយ thmeythmey.com