ជាតិ
ព្រះរាជជីវប្រវត្តិសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
23, Mar 2024 , 9:29 pm        
រូបភាព
 
ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រឈួនចាប់ពីអំឡុងឆ្នាំ២០១៩។ ហើយទ្រង់បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម៩៣ព្រះវស្សា នាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ព្រះរាជពិធីថ្វាយព្រះភ្លើង នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

ខាងក្រោមនេះ គឺជាព្រះរាជជីវប្រវត្តិ របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា៖
សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងព្រះសង្ឃ៦អង្គទៀត បានក្លាយជាព្រះសង្ឃ ព្រះពុទ្ធសាសនាដំបូងគេនៅកម្ពុជា ក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ និងបានក្លាយជាព្រះឧបជ្ឈាយ៍បំបួស កុលបុត្តក្នុងព្រះពុទ្ធសាសនា និងបានធ្វើឱ្យព្រះពុទ្ធសាសនា រីកចម្រើនដូចសម័យបច្ចុប្បន្ន។ 
 
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ទ្រង់ប្រសូតនៅថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំវក ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅភូមិត្រពាំងចក ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប ក្នុងត្រកូលកសិករ។
 
មាតានាម ប៉ិច អាត់ បិតានាម ទេព ឈិត។ ទ្រង់មានបងប្អូនរួមព្រះឧទរ ចំនួន៣រូប។ កូនប្រុសច្បង ឈ្មោះ ឈិត បុក។ កូនស្រីទី២ឈ្មោះ ឈិត សុវណ្ណ ដោយចាប់កំណើតបានតែ៧ខែ ក៏ទទួលមរណភាពទៅវិញ។ ចំណែកកូនពៅឈ្មោះ ឈិត វង់ គឺសម្ដេច ទេព វង្ស។
  

 
ព្រះជន្ម១១ឆ្នាំ ទ្រង់បានទៅនៅ និងសិក្សាអក្សរសាស្ត្រ លេខនព្វន្ត និងចំណេះវិជ្ជាផ្សេងៗ ក្នុងសំណាក់ព្រះតេជព្រះគុណ ព្រះសមុហ៍គហ ហ៊ីង ម៉ៅ ព្រះចៅអធិការវត្តរាជបូណ៌ ស្រុកសៀមរាប ខេត្តសៀមរាប។ ព្រះជន្ម១៥ឆ្នាំ ទ្រង់បានចូលសុំបព្វជ្ជាជាសាមណេរ នៅវត្តរាជបូណ៌ ដោយបាននិមន្តព្រះតេជព្រះគុណ ព្រះសមុហ៍គណ ហ៊ីង ម៉ៅ ព្រះចៅអធិការវត្តរាជបូណ៌ ជាព្រះឧបជ្ឈាយ៍។ ក្រោយសាងព្រះផ្នួសបាន៩ខែ ទ្រង់ក៏លាចាកសិក្ខាបទ(សឹក) ទៅជាគ្រហស្ថវិញ ហើយបានទៅនៅបម្រើមាតាបិតា ដោយធ្វើការងារកសិកម្មតាមសមគួរ។
 
ព្រះជន្ម២១ឆ្នាំ ទ្រង់បានចូលសុំឧបសម្ប័ទជាភិក្ខុ នៅវត្តរាជបូណ៌ នៅថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៥២ ដោយបាននិមន្តព្រះតេជព្រះគុណ ព្រះសមុហ៍គណ ហ៊ីង ម៉ៅ (នាមបញ្ញត្តិ) ព្រះចៅអធិការវត្តរាជបូណ៌ ជាព្រះឧបជ្ឈាហ៍។ ព្រះតេជព្រះគុណ តន់ លុយ (ពុទ្ធត្ថេរ) និងព្រះតេជព្រះគុណ ថាត់ បិន(ឥន្ទជោតិ) ជាព្រះឧបសម្បទាចារ្យ។ ព្រះឧបជ្ឈាហ៍ បានឱ្យនាមប្បញ្ញត្តិថា “បញ្ញាសិរី”។
 
ក្រោយពីឧបសម្ប័ទជាភិក្ខុរួច ទ្រង់បាននៅសិក្សាព្រះបរិយត្តិធម៌ក្នុងសំណាក់ ព្រះតេជព្រះគុណ ព្រះសមុហ៍គណ ហ៊ីង ម៉ៅ អស់មួយរយៈកាលទៀត។ បន្ទាប់មក ទ្រង់បានថ្វាយបង្គំលា ព្រះឧបជ្ឈាហ៍និមន្តចេញពីវត្តរាជបូណ៌ ខេត្តសៀមរាប ចូលមកស្នាក់អាស្រ័យ នៅវត្តសារាវ័នតេជោ សង្កាត់លេខ៣ ក្រុងភ្នំពេញ ក្នុងសម័យកាលព្រះតេជព្រះគុណ ព្រះធម្មឃោសាចារ្យ អ៊ិត តុប (នាមប្បញ្ញត្តិ) ជាព្រះចៅអធិការវត្តសារាវ័នតេជោ។ ទ្រង់បានសិក្សាព្រះបរិយត្តិធម៌ មានភាសាបាលីជាដើម ក្នុងសំណាក់ព្រះតេជព្រះគុណ ព្រះគម្ភីរត្ថេរ ទន់ ហង្ស និងព្រះគ្រូសំវរប្បញ្ញា ចក់ សេង ដរាបដល់បានប្រឡងជាប់ វិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (សាលាបាលីរង)។
  

 
អំណឹះពីនោះមក ទ្រង់បាននិមន្តត្រឡប់ទៅគង់នៅវត្តរាជបូណ៌ ខេត្តសៀមរាបវិញ ដើម្បីបានទៅថែទាំអាពាធរបស់ព្រះតេជព្រះគុណ ព្រះសមុហ៍គណ ហ៊ីង ម៉ៅ ជាព្រះឧបជ្ឈាហ៍ និងបានជួយគ្រប់គ្រងភិក្ខុសាមណេរ ព្រមទាំងជួយមើលការខុសត្រូវ ការស្ថាបនាសមិទ្ធផលនានា ក្នុងវត្តរាជបូណ៌។
 
នៅពេលខ្មែរក្រហម បានចូលកាន់កាប់អំណាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបអាវខ្មៅ បានបណ្ដេញប្រជាជន ចេញពីរាជធានី ខេត្ត ទីប្រជុំជនធំៗ ទៅកាន់ទីជនបទ។ ជាងនេះទៅទៀត ពួកគេបានបង្ខំព្រះសង្ឃ នៅទូទាំងប្រទេសឱ្យលាចាកសិក្ខាបទ និងចាកចេញពីវត្ត នៅថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំថោះ សប្តស័ក ព.ស.២៥១៨ គ.ស.១៩៧៥។ 
 
ព្រះសង្ឃវត្តរាជបូណ៌ទាំងអស់ រួមទាំងភិក្ខុ ទេព វង្ស ត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទ និងចាកចេញពីវត្ត ទៅនៅស្រុកជីក្រែង (ប្រាសាទបាគង)។ ក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បណ្ឌិត ទេព វង្ស ត្រូវបានអង្គការខ្មែរក្រហម បង្ខំឱ្យធ្វើការហួសកម្លាំង ដូចជាប្រជាពលរដ្ឋដទៃទៀតដែរ។ លើសពីនោះទៅទៀត អង្គការខ្មែរក្រហម បានចោទប្រកាន់ដោយគ្មានហេតុផល និងធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃទៅលើរូប បណ្ឌិត ទេព វង្ស រហូតបាត់បង់ស្មារតី។ រួចគេយកទៅចងជាប់នឹងដើមឈើ ក្រោយប្រាសាទលលៃ អស់រយៈពេល១យប់។ លុះព្រឹកឡើង អង្គការខ្មែរក្រហម បានយកបណ្ឌិត ទេព វង្ស ទៅឃុំឃាំងនៅពន្ធនាគាររយៈពេល៣ខែទៀត។


 
ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដួលរលំទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា ក៏ចាប់ផ្ដើមរស់រានមានជីវិតសាជាថ្មីម្ដងទៀត។ នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ បណ្ឌិត ទេព វង្ស ត្រូវបានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា សម្រេចជ្រើសរើសជាឧបសម្បទាបេក្ខៈ១រូប ក្នុងចំណោមឧបសម្បទាបេក្ខៈ៧រូប ដំបូងគេបំផុត ឱ្យចូលសាងព្រះផ្នួសឧបសម្ប័ទជាភិក្ខុភាវៈលើកទី២ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ។ ដោយបាននិមន្តគណៈសង្ឃថេរវាទ ពីប្រទេសវៀតណាម ចំនួន៧អង្គ គឺព្រះតេជព្រះគុណ យីវ ងីម (ឋិតសីលោ) ជាព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ថាច់ ធៀងតុង(កុសលចិត្តោ) និងព្រះតេជព្រះគុណ ធីវ វីត(ឧឡារោ) ជាព្រះឧបសម្បទាចារ្យ ព្រមទាំងព្រះសង្ឃ៤អង្គទៀត គង់ជាគណៈបូរកៈ (ហត្ថបាស)។ 
 
ព្រះភិក្ខុ៧អង្គ ដែលបានបួសមុនគេបង្អស់ ក្រោយសម័យខ្មែរក្រហម ត្រូវបានផ្ដួលរំលំ រួមមាន ១ ភិក្ខុ កើត វ៉ាយ សតិសម្ពោជ្ឈង្គិកោ ព្រះជន្ម៨១ឆ្នាំ ខេត្តកំពង់ធំ។ ២ ភិក្ខុ ប្រាក់ ឌិត ធម្មវិច្ចយសម្ពោជ្ឈង្គោ ព្រះជន្ម៦៧ឆ្នាំ ខេត្តតាកែវ។ ៣ ភិក្ខុ ឌិត សារុន វីរិយសម្ពោជ្ឈង្គិកោ ពុំបានដឹងព្រះជន្ម ខេត្តកណ្ដាល។ ៤ ភិក្ខុ អ៊ិត ស៊ុម បីតិសម្ពោជ្ឈង្គោ ព្រះជន្ម៦០ឆ្នាំ ខេត្តតាកែវ។ ៥ ភិក្ខុ កែន វង្ស សម្មាធិសម្ពោជ្ឈង្គោ ព្រះជន្ម ៥៤ឆ្នាំ ខេត្តព្រៃវែង។ ៦ ភិក្ខុ នន្ទ ង៉ែត បស្សទ្ធិសម្ពោជ្ឈង្គោ ព្រះជន្ម៥៦ឆ្នាំ ខេត្តតាកែវ។ ៧ ភិក្ខុ ទេព វង្ស ឧបេក្ខាសម្ពោជ្ឈង្គិកោ ព្រះជន្ម ៤៨ឆ្នាំ ខេត្តសៀមរាប។
 
ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៩ ក្រុមប្រឹក្សារណសិរ្យ សាមគ្គីសង្គ្រោះជាតិកម្ពុជា និងក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា បានរៀបចំរចនាសម្ព័ន្ធសង្ឃ ឱ្យមាននាទីជាប្រធានសង្ឃខេត្ត ក្រុង ជាប្រធានសង្ឃស្រុក និងជាប្រធានសង្ឃវត្ត។
  

 
ដោយឡែកតែភិក្ខុ ទេព វង្ស មួយដែលពីមុនជាព្រះវិន័យធរ គណខេត្តសៀមរាប ក្រុមប្រឹក្សារណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា និងក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា បានរក្សាងារព្រះវិន័យធរ ទុកដដែល ថែមទាំងប្រគេនឋានៈជាប្រធានសង្ឃមជ្ឈឹម។ បន្ទាប់មកព្រះតេជគុណ កើត វ៉ាយ ជាព្រះឧបជ្ឈាហ៍ធំ បានប្រគល់ភារកិច្ចប្រគេនព្រះភិក្ខុ ទេព វង្ស ជាព្រះឧបជ្ឈាយ៍ជំនួសព្រះអង្គ។ ព្រះវិន័យធរ ទេព វង្ស បានបំបួសភិក្ខុសាមណេរទូទាំងប្រទេស ជាបន្តបន្ទាប់។
 
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨១ ព្រះវិន័យធរ ទេព វង្ស បានបំបួសកុលបុត្រ ដែលមានសទ្ធាមុតមាំ ក្នុងព្រះពុទ្ធសាសនា ចំនួន១៥អង្គ មកពីខេត្តស្វាយរៀង ឱ្យឡើងជាភិក្ខុភាវៈដំបូងបំផុត នៅពទ្ធសីមាវត្តឧណ្ណាលោម គឺ ភិក្ខុ កែន នាងសុខ, ភិក្ខុ អ៊ុក ភុន, ភិក្ខុ ជេត ឌិត, ភិក្ខុ ហ៊ឹម ជា, ភិក្ខុ ប៉ុល មុំ, ភិក្ខុ មាស ភេទ, ភិក្ខុ សុខ អឹង, ភិក្ខុ សោម ទឹម, ភិក្ខុ ព្រំ សុខ, ភិក្ខុ ព្រំ វ៉ា, ភិក្ខុ មាស ណន, ភិក្ខុ រស់ យ៉េង ភិក្ខុ សំរឹទ្ធ នាង, ភិក្ខុ ព្រំ ហាំ និងភិក្ខុ ស៊ីវ សុផាន់។
 
នាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨១ នាពទ្ធសីមាវត្តឧណ្ណាលោម ព្រះតេជព្រះគុណព្រះវិន័យធរ ទេព វង្ស បានបំបួសកុលបុត្រ ដែលមានសទ្ធាមុតមាំ ក្នុងព្រះពុទ្ធសាសនា ចំនួន០៦អង្គ ឱ្យឡើងជាភិក្ខុភាវៈដំបូងបំផុត ក្នុងខេត្តកំពត។ ដោយមានភិក្ខុ ឯម កឿន វត្តជុំគ្រៀល(ព្រះប្រធានសង្ឃខេត្តកំពត/ ព្រះមេគណខេត្ត ជំនាន់ទី១។ ភិក្ខុ ទិត សែស វត្តអង្គរជ័យ (ព្រះឧបជ្ឈាយ៍ ខេត្តកំពត/បាឡាត់គណខេត្ត ជំនាន់ទី១។ ភិក្ខុ អ៊ុង កាន់ឆោម (ហៅ ញ៉ោម) វត្តត្រពាំងខ្វា ស្រុកអង្គរជ័យ។ 
  

 
ភិក្ខុ ឥន្ទ វង្ស វត្តជុំគ្រៀល (ព្រះធម្មធរគណខេត្តជំនាន់ទី១)។ ភិក្ខុ ញឹម ផេង វត្តក្បាលរមាស ស្រុកកំពត។ ភិក្ខុ គង់ សុភី វត្តជុំគ្រៀល ស្រុកកំពត។ បន្ទាប់មក បានបំបួសកុលបុត្រជាលើកទី២ ចំនួន៨អង្គ សម្រាប់ខេត្តកំពត។
ព្រះវិន័យធរ ទេព វង្ស ជាអនុប្រធាន១អង្គ ក្នុងគណៈអចិន្ត្រៃយ៍ចំនួន៥រូប ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ និតិកាលទី១ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នាឆ្នាំ១៩៨១។ ក្នុងឆ្នាំ១៩៨២ ព្រះវិន័យធរ ទេព វង្ស ជាអនុប្រធានទី៣ ក្នុងស្ថាប័នដឹកនាំរណសិរ្យ សាមគ្គីកសាង ការពារមាតុភូមិកម្ពុជា ក្រុមប្រឹក្សារណសិរ្យទូទាំងប្រទេស។
 
ក្នុងឆ្នាំ១៩៨៣ ព្រះវិន័យធរ ទេព វង្ស បាននិមន្តសម្ដែងធម្មទេសនា អប់រំព្រះសង្ឃ ពុទ្ធបរិស័ទ ក្នុងគោលដៅពង្រឹងការប្រតិបត្តិ  និងរៀបចំគ្រប់គ្រងវត្ត ក្រោយការបើកវគ្គឡើងវិញ នៅវត្តកោះ ខណ្ឌដូនពេញ។ ក្នុងឆ្នាំ១៩៨៤ ព្រះអង្គបាននិមន្តជាធិបតី ក្នុងពិធីប្រជុំរណសិរ្យ នៅវត្តជុំគ្រៀល ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកកំពត (បច្ចុប្បន្ន ស្រុកទឹកឈូ) ដែលនិមន្តទទួលព្រះដំណើរ ដោយព្រះព្រហ្មបញ្ញា ទិត សែស ព្រះឧបជ្ឈាយ៍ខេត្តកំពត និងព្រះជលធីវាសី ឯម ភឿង ព្រះប្រធានសង្ឃខេត្ត។
 
ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៨៥ ព្រះវិន័យធរ ទេព វង្ស ត្រូវបានតែងតាំង ជាសហប្រធានកិត្តិយស នៃគណៈកម្មការរៀបចំពិនិត្យ ស្រាវជ្រាវ ត្រិះរិះពិចារណា រៀបចំកែលម្អគ្រប់ខ្លឹមសារ ចៀសវាងការខុសឆ្គង ដល់ទំនៀមទម្លាប់សង្គមជាតិ។ 
  

 
នៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩១ នៅក្នុងព្រះវិហារវត្តឧណ្ណាលោម ព្រះវិន័យធរ ទេព វង្ស ត្រូវបានការកសង្ឃ ៨រូបផ្សេងទៀត បោះឆ្នោត​ជ្រើសរើសចំហជាឯកច្ឆន្ទ ឱ្យធ្វើជាប្រធានការកសង្ឃទូទាំងប្រទេស។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះវិន័យធរ ត្រូវបានទទួលស្គាល់ និងតែងតាំងឋានៈជាសង្ឃនាយក មានសមណស័ក្ដិទីជា ព្រះមហាសុមេធាធិបតី ដោយក្រុមប្រឹក្សាជាតិរណសិរ្យ សាមគ្គីកសាងការពារមាតុភូមិកម្ពុជា។
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩១ សម្ដេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា តម្លើងព្រះឋានៈព្រះមហាសុមេធាធិបតី សង្ឃនាយក ទេព វង្ស ឧបេក្ខាសម្ពោជ្ឈង្គិកោ ជាសម្ដេចព្រះសង្ឃរាជ គណៈមហានិកាយនៃកម្ពុជា តាមសំណើររបស់លោក ជា ស៊ីម ប្រធានគណៈបក្ស ប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា នៃរដ្ឋកម្ពុជា។
 
ចាប់ពីឆ្នាំ១៩៩២ សម្ដេចព្រះសង្ឃរាជ ទេព វង្ស បាននិមន្តជាព្រះអធិបតីភាព ក្នុងកម្មវិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសប្រចាំឆ្នាំ នៅរាជធានីភ្នំពេញ។ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៩៥ សម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះពោធិវ័ង្ស នន្ទ ង៉ែត សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម បាននិមន្តទៅស្វាធ្យាជយន្តោ និងពុទ្ធជ័យ សុំទឹកដី និងប្រោះព្រំគ្រឿងចក្រ ដែលបម្រុងនឹងឈូសឆាយដីឱ្យស្មើ ដើម្បីសាងសង់អគារពុទ្ធសាសនបណ្ឌិត្យ ជាលើកដំបូង ក្រោមជំនួយឧបត្ថម្ភ របស់អង្គការរីស្សូ កូសី កៃ ប្រទេសជប៉ុន។
  

 
ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៩៨ សម្ដេចព្រះសង្ឃរាជ បានតែងតាំងលោកធម្មាចារ្យ ប៊ុត សាវង្ស ជាអគ្គបណ្ឌិត ផ្នែកធម៌ និងវិន័យព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់ សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម សម្ដេចព្រះសង្ឃនាយករងទី២។
 
ថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៨ សម្ដេចព្រះសង្ឃរាជ បាននិមន្តចូលរួម ក្នុងពិធីបើកសន្និសីទពិភពលោក លើកទី១ ស្ដីពីការផ្សព្វផ្សាយពុទ្ធសាសនា នៅក្យូតូប្រទេសជប៉ុន។ ថ្ងៃទី៥-៩ ខែធ្នូ ឆ្នាំ២០០២ សម្ដេចព្រះសង្ឃរាជ ជាប្រមុខដឹននាំពុទ្ធសាសនា បានថ្លៃងសុន្ទរកថាស្ដីពី ឥរិយាបថពុទ្ធសាសនា ចំពោះសន្តិភាពពិភពលោក ក្នុងសន្និសីទកំពូល ពុទ្ធសាសនាពិភពលោក លើកទី៣ មានប្រទេសចំនួន១៥ ដែលបានប្រារព្ធពិធីបើក នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាលើកដំបូង ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលពុទ្ធសាសនា ដ៏ឧត្តុង្គឧត្តមនេះ។
 
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៣ សម្ដេចព្រះសង្ឃរាជ មានមហាកិត្តិយស ទទួលនូវគ្រឿងឥស្សរិយយស អគ្គមហាសទ្ធម្មជោតិកធជ ពីរដ្ឋាភិបាល នៃសហភាពភូមា។ ពិធីប្រគេនគ្រឿងឥស្សរិយយស បានប្រារព្ធនៅក្រុងយ៉ាងហ្គន មហាមណ្ឌលវិបស្សនានៃតំបន់ កាបា អាយី ប្រទេសភូមា។
 
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានតែងតាំង ព្រះមហាសុមេធាធិបតី ទេព វង្ស សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ នៃកម្ពុជា ជាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
  

 
ថ្ងៃទី២៤-២៩ ខែសីហា ឆ្នាំ២០០៦ សម្ដេចព្រះមហាសង្ឃរាជ បានដឹននាំគណៈប្រតិភូកម្ពុជា យាងនិងអញ្ជើញចូលរួម មហាសន្និបាតពិភពលោកលើកទី៨ នៃអង្គការសាសនាដើម្បីសន្តិភាព លើប្រធានបទ ប្រឈមមុខនឹងអំពើហិង្សា និងជំរុញសន្តិសុខរួម ដែលប្រារព្ធឡើងនៅទីក្រុងក្យូតូប្រទេសជប៉ុន។
 
មហាសន្និបាតពិភពលោកលើកទី៨នេះ មានការនិមន្ត និងអញ្ជើញចូលរួមពីមេដឹកនាំសាសនាធំៗ សាសនាប្រពៃណីគ្រប់តំបន់ទាំងអស់ ក្នុងពិភពលោក និងមេដឹកនាំប្រទេសមួយចំនួន សរុបទាំងអស់ជាង៨០០រូប តំណាងឱ្យប្រទេសជាង១០០។ មហាសន្និបាតពិភពលោកនេះ បានបោះឆ្នោតជ្រើសតាំង សម្ដេចព្រះមហាសង្ឃរាជ ជាសហប្រធានថ្មី មួយព្រះអង្គក្នុងចំណោម ៤០រូប ដែលតំណាងឱ្យសាសនាធំៗទាំងអស់ លើពិភពលោក។  
 
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ សម្ដេចព្រះមហាសង្ឃរាជ ប្រោសព្រះរាជទានគោរមងារចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាកិត្តិឧទ្ទេសបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា។
 
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ១៣:០០ សម្ដេចព្រះមហាសង្ឃរាជ ជាមួយ សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះសង្ឃ១០អង្គទៀត បានប្រជុំថ្វាយព្រះបរមបច្ឆាមរណនាមជា “ព្រះបរមរតនកោដ្ឋ” ថ្វាយព្រះបរមសព ព្រះករុណា ព្រះមហាវីរក្សត្រ។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឬទ័យ ឡាយព្រះរាជក្រឹត្យថ្វាយព្រះបរមបច្ឆាមរណនាមនេះ នៅក្នុងថ្ងៃដដែល។
  

 
ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ សម្ដេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានចាត់បញ្ជូនទៅប្រទេសជប៉ុន ដើម្បីចូលរួមពិធីបុណ្យថ្វាយព្រះរាជកុសល ដ៏អធិកអធមមួយ ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” រៀបចំឡើងដោយ អង្គការសន្និសីទកំពូល នៃពុទ្ធសាសនាពិភពលោក ដែលមានព្រះតេជព្រះគុណបណ្ឌិត Most Ven. Dr Kyuse Enshinjoh ជាប្រធាន។
 
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ សម្ដេចព្រះមហាសង្ឃរាជ យាងទទួលគោរមងារ កិត្តិឧទ្ទេសបណ្ឌិតផ្លូវការ ពីរាជបណ្ឌិត្យសភាកម្ពុជា នៅវត្តបទុមវតីរាជវរារាម ដែលមានបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី ជាអធិបតី។ 
 
នៅដើមឆ្នាំ២០១៩ នាទីក្រុងអ៊ូឡាំបាត់តា ប្រទេសម៉ុងហ្គោលី សម្ដេចព្រះមហាសង្ឃរាជ បានប្រកាសប្រាប់មិត្តបរទេសថា “ចាប់ពីពេលនេះតទៅ ខ្ញុំព្រះករុណា អាត្មាភាព ឈប់បាននិមន្តចូលរួម កិច្ចការបរទេសទៀតហើយ ព្រោះព្រះកាយពលទ្រុឌទ្រោមណាស់ហើយ»។
 
នៅបុរីញ៉ូវយ៉ក ក្នុងកិច្ចប្រជុំជាមួយ មេដឹកនាំសាសនាធំៗក្នុងលោក សម្ដេចព្រះមហាសង្ឃរាជ បានមានបន្ទូលជាច្រើនដង ទៅកាន់ព្រះលេខាធិការផ្ទាល់របស់សម្ដេចថា «ព្រះអង្គ! ខ្ញុំព្រះករុណានេះ មិនមែនជាអ្នកប្រាជ្ញទេ។ ក្រោយសង្គ្រាម ខ្ញុំព្រះករុណាមានសទ្ធា ហើយបួសដើម្បីបន្តវង្សសាសនា ទុកដាក់ឱ្យព្រះសង្ឃខ្មែរបន្តបន្ទាប់ទៀត បន្តដឹកនាំព្រះពុទ្ធសាសនា។
  

 
ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានថ្វាយ ពានធម្មចក្ក ក្នុងព្រះពុទ្ធសាសនា ចំពោះ សម្តេចព្រះមហាសង្ឃរាជ។
ស្នាព្រះហស្ដ របស់ព្រះអង្គនៅក្នុងវត្តឧណ្ណាលោម សម្ដេចបានដឹកនាំ និងចលនាព្រះសង្ឃ គណៈកម្មការអាចារ្យពុទ្ធបរិស័ទ សប្បុរសជននានា ក្នុងការជួសជុលសំណង់មួយចំនួន និងកសាងសំណង់ថ្មីបន្ថែមទៀត។ ក្នុងនោះមានជួសជុលមហាចេតិយ សម្ដេចព្រះសង្ឃរាជ ជួន ណាត លើកទី១ នៅឆ្នាំ១៩៩១ និងលើកទី២ នៅឆ្នាំ១៩៩៦។
 
ជួសជុលប្រាសាទពោធិលោម លើកទី១ នៅឆ្នាំ១៩៩១ និងលើកទី២ នៅឆ្នាំ២០០២។ ជួសជុលព្រះវិហារ លើកទី១ នៅឆ្នាំ១៩៩១ និងលើកទី២ នៅឆ្នាំ២០០២។ ជួសជុលខ្លោងទ្វារវត្ត លើកទី១ នៅឆ្នាំ១៩៩១ និងលើកទី២ នៅឆ្នាំ២០០២។ ជួសជុលមហាកុដិសម្ដេចព្រះសង្ឃរាជ ជួន ណាត លើកទី១ នៅឆ្នាំ១៩៩៦ និងលើកទី២ នៅឆ្នាំ២០០២។ កសាងសាលាពុទ្ធិក និងកុដិលេខ១៧ កម្ពស់២ជាន់ នៅឆ្នាំ១៩៩៤។ កសាងកុដិលេខ៩ នៅឆ្នាំ២០០០។ 
  

 
កសាងកុដិបណ្ណាល័យ២ជាន់ នៅឆ្នាំ២០០៥។ កសាងរបងថ្មីព័ទ្ធជុំវិញវត្ត នៅឆ្នាំ២០០៦។ កសាងខ្លោងទ្វារទល់មុខមហាកុដិ សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅឆ្នាំ២០០៦។ កសាងមហាកុដិ (ព្រះសុគន្ធកុដិ) ទំហំ៣៦ម៉ែត្រx១៨ម៉ែត្រ នៅឆ្នាំ២០០៩។ កសាងមហាកុដិ ធម្មសារមន្ទីរ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ទំហំ៣៦ម៉ែត្រx១៨ម៉ែត្រ នៅឆ្នាំ២០០៩។
 
កសាងកុដិមន្ទីរពេទ្យ (កុដិលេខ១២) នៅឆ្នាំ២០០៩។ កសាងកុដិលេខ៧ ទំហំ១៣ម៉ែត្រx១២ម៉ែត្រ កម្ពស់២ជាន់ នៅឆ្នាំ២០០៩។ ជួសជុលកែលម្អ និងកសាងបន្ថែម កុដិលេខ១១ កុដិលេខ២ កុដិលេខ១០ និងកុដិមន្ទីរពេទ្យ នៅឆ្នាំ២០០៩។ កសាងបន្ថែម និងជួសជុលកុដិសាលាបាលី A,B,C នៅឆ្នាំ២០១៣។ កសាងជួងធំ ទម្ងន់១៩៩៩គីឡូក្រាម នៅឆ្នាំ២០១៤។
 
កសាងឧបដ្ឋានសាលាថ្មី ទំហំ៦០ម៉ែត្រ x ៣៦ម៉ែត្រ នៅឆ្នាំ២០១៥។ កសាងកុដិលេខ ៣១ ទំហំ១១ម៉ែត្រ x ១២ម៉ែត្រ កម្ពស់៤ជាន់ នៅឆ្នាំ២០១៥។ កសាងគងធំ(គងអាស៊ាន) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨៕
 

Tag:
 ព្រះរាជជីវប្រវត្តិ
  សម្ដេចសង្ឃ​
  សម្ដេច ទេព វង្ស
  សម្ដេចព្រះសង្ឃរាជ
© រក្សាសិទ្ធិដោយ thmeythmey.com