ជាតិ
ក្រសួងវប្បធម៌ តាំងពិព័រណ៍ហូលពិតានខ្មែរ នៅសារមន្ទីរជាតិ រយៈពេល៣ខែ
23, Mar 2024 , 5:29 pm        
រូបភាព
 
ភ្នំពេញ៖ ហូលពិតាន ចំនួន១៧ផ្ទាំង ក្នុងចំណោម៧០ផ្ទាំង បានដាក់តាំងពិព័រណ៍ នៅក្នុងសារមន្ទីរជាតិ ជូនសាធារណជនទស្សនា ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ហូលពិតានទាំងនោះ ត្រូវបានត្បាញតាំងពីអំឡុងឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៦។

ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពី “ហូលពិតានខ្មែរ៖ ការវិវត្ត និងបញ្ហាប្រឈម” គឺជាការតាំងពិព័រណ៍ បង្ហាញពីសកម្មភាព ដ៏មានសារសំខាន់ ក្នុងការចូលរួមចំណែក ផ្សព្វផ្សាយតម្បាញសូត្រខ្មែរ។
  

 
តាមរយៈការតាំងបង្ហាញនេះ សាធារណជន អាចឈ្វេងយល់ពីគុណតម្លៃ និងទំនៀមទម្លាប់ នៃការប្រើប្រាស់ហូលពិតាន ក្នុងសង្គមខ្មែរ។ សាធារណជន ក៏អាចស្វែងយល់ ពីបញ្ហាប្រឈម ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ ការផលិត នៅក្នុងសង្គមខ្មែរ នាពេលបច្ចុប្បន្ន​ផងដែរ។
 
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើង ក្នុងពិធីបើកពិព័រណ៍ នៅសារមន្ទីរជាតិភ្នំពេញថា សិប្បកម្មតម្បាញហូល ផាមួង និងសំពត់ប៉ាក់ខ្មែរ មានប្រវត្តិជាយូរលង់ណាស់មកហើយ។ សិប្បកម្មនេះ បានក្លាយជាអត្តសញ្ញាណវប្បធម៌  និងជាប្រពៃណី នៃការប្រើប្រាស់ របស់ប្រជាជនកម្ពុជា មកដល់បច្ចុប្បន្ន។ 
  

 ហូលពិតាន ដែលតាំងពិព័រណ៍ ក្នុងសារមន្ទីរជាតិភ្នំពេញ

លោកស្រីបន្ថែមថា ហូលពិតាន គឺជាផ្នែកមួយ នៃសិប្បកម្មតម្បាញបុរាណ។ បើតាមភស្តុតាង សិលាចារិក បានបង្ហាញថា ប្រជាជនខ្មែរ បានប្រើប្រាស់ពាក្យពិតាន ជាភាសាសំស្ត្រឹត តាំងពីសតវត្សរ៍ទី១២មកម្ល៉េះ។ លោកស្រីថា ពាក្យនេះ សំដៅទៅលើអ្វី ដែលនៅលើ ឬជាទីគោរព។ 
 
«ផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រ ហូលពិតាន ឬមជ្ឈដ្ឋានខ្លះ ស្គាល់ថាជា “ព្រះបត់” ជា​ប្រភេទតម្បាញហូល ដែលខុសពីតម្បាញហូលធម្មតា ជាពិសេសជាតម្បាញដែលបង្កប់ដោយភាពច្នៃប្រឌិត។ ហូលពិតាន ត្រូវបានប្រើប្រាស់ តាមកន្លែងទីសក្ការៈនានា ក្នុងសង្គមខ្មែរតាំងពីសម័យបុរាណ ដោយជំនួសឱ្យការគូរជាគំនូរ ឬជាការប្រើប្រាស់ តុបតែងលម្អ សម្រាប់ការគោរពបូជាផងដែរ»។ នេះជាការបញ្ជាក់បន្ថែម របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌។  

 
ក្នុងការតាំងពិព័រណ៍ហូលពិតាន រយៈពេល៣ខែនោះ ក៏មានការតាំងបង្ហាញពីសម្ភារមួយចំនួន ដើម្បីយកទៅត្បាញជាហូលដែរ។ បន្ថែមពីនោះ ក៏មានតាំងវត្ថុធាតុដើមមួយចំនួន សម្រាប់ធ្វើល័ក្ដធម្មជាតិ តាមក្បួនបុរាណផងដែរ។
 
សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រមូលឯកសារ ពាក់ព័ន្ធនឹងហូលពិតាន ដែលភាគច្រើន ជាភាសាបារាំង និងបានចងក្រង បកប្រែ បំពេញបន្ថែម ឱ្យក្លាយជាឯកសារគោល របស់សិប្បកម្មតម្បាញហូលពិតាន ក្នុងទិសដៅបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ។ 
 
ក្រសួងក៏មានមានគម្រោង បង្កើតសារមន្ទីរនរវិទ្យា ដែលពាក់ព័ន្ធនឹងប្រពៃណី ទំនៀមទម្លាប់ សម្លៀកបំពាក់ ដោយរួមបញ្ចូល ទាំងហូលពិតានផងដែរ ដោយកំពុងស្ថិតក្នុងដំណាក់កាលត្រៀម។ ជាពិសេស កិច្ចខិតខំប្រឹងប្រែងប្រមូល ទាមទារសមុច្ច័យ ការគៀរគរថវិកា និងការប្រមូលផ្ដុំអ្នកជំនាញ៕


 សម្ភារៈ និងវត្ថុធាតុដើម សម្រាប់ត្បាញហូល និងធ្វើល័ក្ដបុរាណ
 
 

Tag:
 ពិតាន
  ហូល
  ហូលពិតាន
  ត្បាញ
  វប្បធម៌
  ប្រពៃណី
  សារមន្ទីរ
  ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com