អន្តរជាតិ
សេតវិមានថា អាម៉េរិកផ្ដល់ព័ត៌មានឱ្យរុស្ស៊ីពីផែនការវាយប្រហារតាំងពីដើមខែ
24, Mar 2024 , 3:19 pm        
រូបភាព
មន្រ្តីសេតវិមាន នៅថ្ងៃទី២៣ ខែមីនា អះអាងថា អាម៉េរិកបានផ្ដល់ព័ត៌មានទាក់ទងផែនការវាយប្រហារនៅមូស្គូឱ្យរុស្ស៊ីតាំងពីដើមខែមីនា។ បើតាមសេតវិមាន ការវាយប្រហារនៅសាលប្រគំតន្រ្តីនោះ មិនជាប់ទាក់ទងអ៊ុយក្រែនឡើយ ហើយក្រុមរដ្ឋឥស្លាម (ISIS) ជាអ្នកពីក្រោយតែមួយគត់។

 
ការបាញ់ប្រហារនៅទីតាំងប្រគំតន្រ្តី Crocus Concert Hall ដោយខ្មាន់កាំភ្លើង៤ ធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៤៣នាក់បាត់បង់ជីវិត។ អាជ្ញាធររុស្ស៊ីក៏ចាប់ខ្លួនមនុស្សសរុប១១នាក់ផងដែរ។ 
 
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខអាម៉េរិក Adrienne Watson លោកស្រី Watson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលអាម៉េរិកនៅដើមខែនេះបានចែករំលែកព័ត៌មានជាមួយរុស្ស៊ីអំពីការវាយប្រហារដែលបានគ្រោងទុកនៅទីក្រុងមូស្គូ។ លើសពីនេះ អាម៉េរិកក៏បានចេញសេចក្តីណែនាំជាសាធារណៈដល់ប្រជាជនខ្លួននៅរុស្ស៊ីកាលពីថ្ងៃទី៧ ខែមីនាផងដែរ។
 
«ISIS ទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារនេះ។ គ្មាន​ការ​ចូល​រួម​របស់​អ៊ុយក្រែន​ណា​មួយ​ឡើយ»។ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិអាម៉េរិកបន្តបែបនេះ។
 
ការចេញមកច្រានចោលការពាក់ព័ន្ធរបស់អ៊ុយក្រែន ទំនងជាឆ្លើយតបទៅរុស្ស៊ីដែលហាក់ភ្ជាប់ទីក្រុងកៀវនឹងព្រឹត្តិការណ៍បាញ់ប្រហារនេះ។ អ៊ុយក្រែន ក៏បានបដិសេធតួនាទីរបស់ខ្លួនដែរ ដោយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់នៅថ្ងៃទី២៣ ខែមីនាថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទី កំពុងស្វែងរកវិធីដើម្បីបង្វែរការស្តីបន្ទោសចំពោះការសម្លាប់រង្គាលនេះ។
 
មេដឹកនាំអ៊ុយក្រែន អះអាងទៀតថា រុស្ស៊ីធ្លាប់ធ្វើរឿងបែបនេះកន្លងមក រួចបន្ទោសអ្នកផ្សេងវិញ។
 
ពេលប្រកាសព័ត៌មានចាប់ខ្លួនមនុស្ស១១នាក់ លោក ពូទីន បាននិយាយថា ពួកគេបានព្យាយាមលាក់ខ្លួន និងផ្លាស់ទីឆ្ពោះទៅអ៊ុយក្រែន។ យ៉ាងណាមិញ រុស្ស៊ីមិនបានបញ្ចេញព័ត៌មានរឹងមាំណាមួយជុំវិញការពាក់ព័ន្ធរបស់អ៊ុយក្រែនឡើយ នៅពេលដែលក្រុមរដ្ឋឥស្លាមចេញទទួលខុសត្រូវហើយនោះ៕
 
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com