ជាតិ
វីដេអូ
ក្រៅពីនេសាទ ពលរដ្ឋកំពង់ភ្លុក រស់ដោយសារទេសចរណ៍
× សៀមរាប៖ កំពង់ភ្លុក គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង ដែលអណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប។ ទីនេះ ជាទីទេសចរណ៍មួយដ៏មានប្រជាប្រិយ ដែលទេសចរភាគច្រើនបានស្គាល់។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ដើម្បីផ្ដល់សេវាកម្មទេសចរណ៍ ដល់ភ្ញៀវឱ្យមានភាពងាយស្រួល ប្រជាជនកំពង់ភ្លុកបានរួមគ្នាបង្កើតសហគមន៍មួយ មានឈ្មោះសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅឆ្នាំ២០១៣។ ក្រៅពីនេសាទ ពលរដ្ឋនៅតំបន់កំពង់ភ្លុក បានពឹងផ្អែកលើវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់មួយ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក-អ្នក ទស្សនាវីដេអូខាងក្រោមដូចតទៅ៖
នារដូវវស្សា «កំពង់ភ្លុក» នឹងប្រែសម្រស់គួរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្តគយគន់សម្រស់ដ៏ស្រស់ត្រកាលបែបធម្មជាតិ លើផ្ទៃទឹកនៃបឹងទន្លេសាប។ទេសចរដែលមកទស្សនានៅទីនេះ តែងតែដើរមើលការរស់នៅរបស់ប្រជាពលរដ្ឋ ជិះទូកតាមព្រៃលិចទឹក គយគន់ថ្ងៃលិច និងការធ្វើត្រីឆ្អើរ ឬបង្គាជាដើម។ សម្រាប់លោក សាង គង់ ប្រធានសហគមន៍ទេសចណ៍ធម្មជាតិកំពង់ភ្លុក បឹងទន្លេសាប គឺជាបេះដូងរបស់ពលរដ្ឋនៅកំពង់ភ្លុក និងពលរដ្ឋនៅកម្ពុជា។
នៅតំបន់កំពង់ភ្លុក មានព្រៃចំនួន ៤៨ហិកតា ដែលទេសចរអាចអុំទូកទស្សនាតាមព្រៃលិចទឹក។ ដើម្បីអាចទស្សនាទិដ្ឋភាពតំបន់កំពង់ភ្លុកនៅរដូវវស្សា អមដោយទេសភាពទឹក ភ្ញៀវទេសចរអាចមកកម្សាន្តនៅខែសីហា ដល់ខែមករា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៧ខែ មីនា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដោយមានស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរទៅកាន់ឧទ្យានកម្សាន្ត Angkor WildLife and Aquarium, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្គរ, ការជិះកន្ត្រកវិល ដែលខ្ពស់ជាងគេនៅខេត្តសៀមរាប, ជិះរថយន្ត Jeepទស្សនាភូមិព្រះដាក់ និងតំបន់ទេសចរណ៍កំពង់ភ្លុកជាដើម៕
Tag:
កំពង់ភ្លុក
សៀមរាប
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com