ជាតិ
ហូលពិតាន ជាមរតកដូនតាដ៏ពិសិដ្ឋ ប៉ុន្តែទីផ្សារតូចចង្អៀត
24, Mar 2024 , 8:19 pm        
រូបភាព
ភ្នំពេញ៖ សិប្បកម្មតម្បាញហូល ផាមួង និងសំពត់ប៉ាក់ខ្មែរ មានប្រវត្តិជាយូរលង់ណាស់មកហើយ ដែលបានក្លាយជាអត្តសញ្ញាណវប្បធម៌ និងជាប្រពៃណី នៃការប្រើប្រាស់របស់ប្រជាជនកម្ពុជា មកដល់បច្ចុប្បន្ន​។ ហូលពិតាន គឺជាផ្នែកមួយ នៃសិប្បកម្មតម្បាញបុរាណ។ ទោះ​ជាយ៉ាងណា បច្ចុប្បន្ននេះ ទីផ្សារហូលពិតាន មានភាពតូចចង្អៀតខ្លាំង។

បើតាមភស្តុតាងសិលាចារឹក បានបង្ហាញថា ប្រជាជនខ្មែរ បានប្រើប្រាស់ពាក្យពិតាន ជាភាសាសំស្ត្រឹត យ៉ាងហោចណាស់ តាំងពីសតវត្សរ៍ទី១២មកម្ល៉េះ។ ពាក្យនេះសំដៅទៅលើអ្វីដែលនៅលើ ឬជាទីគោរព។ ផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រ ហូលពិតាន ឬមជ្ឈដ្ឋានខ្លះ ស្គាល់ថាជា “ព្រះបត់” ជាប្រភេទតម្បាញហូល ដែលខុសពី​តម្បាញហូលធម្មតា។ 
  

 ហូលពិតានត្បាញរឿងកូរសមុទ្រទឹកដោះ

ហូលពិតាន បង្កប់ដោយភាពប្រណីត និងត្រូវបានប្រើប្រាស់ តាមទីសក្ការៈនានាក្នុងសង្គមខ្មែរ តាំងពីសម័យបុរាណមក ដោយជំនួសឱ្យការគូរជាគំនូរ សម្រាប់ការគោរពបូជា ឬជាការប្រើប្រាស់ ដើម្បីតុបតែងលម្អផងដែរ។ ទំនៀមទម្លាប់នេះ បានបន្តមកឥតដាច់ ។ បច្ចុប្បន្នប្រជាជនខ្មែរ នៅតាមតំបន់មួយចំនួន នៅនិយមប្រើប្រាស់ហូលពិតាន នៅតាមទីវត្តអារាម និងកិច្ចពិធីក្នុងភូមិស្រុក។
 
ដោយហេតុថា ពលរដ្ឋខ្មែរមានទំនៀមទម្លាប់ ចាត់ទុកហូលពិតាន ជាវត្ថុពិសិដ្ឋ ទើបមានការលម្អក្បាច់រចនា យ៉ាងចម្បូរបែប។ ប្រជាជនខ្មែរ មិនហ៊ាន​យកហូលពិតាន ទៅប្រើប្រាស់ជាសម្លៀកបំពាក់ ឬយកទៅប្រើប្រាស់ ក្នុងន័យអ្វីផ្សេងឡើយ ដ្បិតចាស់បុរាណ មានជំនឿមុតនាំថា ហូលពិតានជារបស់សម្រាប់ថ្វាយព្រះ។
 
ក្បាច់រចនា តាមបែបទេសភាព និងសាច់រឿងនានា ពាក់ព័ន្ធនឹងពុទ្ធប្រវត្តិ ជំនឿតាមបែបសាសនា ឬទេវកថា នៅលើហូលពិតាន បានបង្ហាញថា ការផលិតហូលពិតាន មានភាពស្មុគស្មាញ ប្រើប្រាស់ពេលវេលាវែង និងតម្រូវឱ្យមានអ្នកជំនាញ ប្រកបដោយទេពកោសល្យ ដើម្បីផលិតឱ្យបានហូលពិតានមួយផ្ទាំង។
  

 ហូលពិតាន ត្បាញពីពុទ្ធប្រវត្តិ 

អ្នកតម្បាញ ដែលអាចរៀបចំដំឡើង ក្បាច់ល្អប្រណីត ទាំងនោះបាន គឺចាំបាច់ត្រូវមានចំណេះដឹងជាក់លាក់ ក្នុងការដំឡើងក្បាច់គោម និងត្រូវមានមូលដ្ឋានជំនឿសាសនាជ្រាលជ្រៅ ទើបមានគំនិតក្នុងការស្រង់យកក្បាច់ ឬរូបភាពនៃសាច់រឿងផ្សេងៗ  ទៅបញ្ចូលក្នុងផ្ទៃហូលពិតានទាំងមូល។
 
ហូលពិតាន ជាផលិតផលតម្បាញប្រណីត ជាមួយនឹងកម្មវត្ថុប្រើប្រាស់ជាក់លាក់ ទើបមានការលំបាក ក្នុងការផ្ទេរចំណេះដឹង ទៅមនុស្សជំនាន់ក្រោយ។ ការចងកៀត និងលើកគោមរំលេច ឱ្យចេញជាក្បាច់ភ្ញី  ទេសភាព ឬសាច់រឿងផ្សេងៗ ត្រូវការជាចាំបាច់ នូវកម្រិតបច្ចេកទេស និងបទពិសោធខ្ពស់ ព្រមទាំងភាពអត់ធ្មត់ ដោយក្ដីស្រឡាញ់ផងដែរ។ 
 
ចាស់ទុំភាគច្រើន អាចត្រឹមផ្ទេរចំណេះដឹង ដល់កូនចៅ ឬអ្នកបន្តវេន ឱ្យចេះត្បាញ ប៉ុន្តែពួកគាត់ពិតជាមានការលំបាក ក្នុងការរកវិធីសាស្ត្រ ផ្ទេរចំណេះដឹង លើកគោមក្បាច់ទេសភាព ឬសាច់រឿង ដល់អ្នកជំនាន់ក្រោយ។
  

 សម្ភារសម្រាប់ត្បាញហូលពិតាន និងគ្រឿងផ្សំធ្វើល័ក្ដធម្មជាតិ តាមក្បួនបុរាណ

ហូលពិតាន ជាប្រភេទសិប្បកម្មបុរាណខ្មែរមួយ ដែលប្រឈមហានិភ័យបាត់បង់។ តាំងពីដើមរៀងមក ការផលិតហូលពិតាន គឺជាសកម្មភាពបែបគ្រួសារ តកូនចៅ ជាមួយនឹងការបង្ហាត់បង្រៀន តាមរយៈការអនុវត្ត និងការពន្យល់ផ្ទាល់ ដោយពុំមានការចងក្រង ជាឯកសារបញ្ជាក់ អំពីនីតិវិធីលម្អិត ក្នុងការត្បាញ ការចងក្រងជាសាច់រឿង ឬពណ៌ដែលត្រូវប្រើប្រាស់ តាមប្រភេទហូលនោះទេ។
 
ធនធានមនុស្ស ដែល “ចេះតាមចាំ ចំណាំតាមធ្វើ” ក៏មានការថយចុះជាបណ្ដើរៗ ដោយសារវ័យកាន់តែចាស់ ខណៈអាជីពមួយនេះ ទាមទារអ្នកមានទេពកោសល្យពីធម្មជាតិ ។ ជាពិសេសអាជីព និងជំនាញ កាន់តែសម្បូរបែប ក្នុងសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន ទើបធ្វើធនធានមនុស្សក្នុងវិស័យតម្បាញហូលពិដាននេះ កាន់តែថមថយ។ ដោយឡែកធនធាន ដែលនៅបន្តអាជីពនេះ ភាគច្រើនសុទ្ធតែជាសិប្បករ ដែលស្រឡាញ់ និងមិនចង់បាត់បង់ជំនាញ របស់ដូនតា ដែលបន្សល់ទុក។ 
 
ទោះជាផលិតផលសូត្រខ្មែរ ដូចជា ផាមួង ហូល ផាហ៊ុម ប៉ាក់ ជាផលិតផលកំពុងពេញនិយម ក៏ទីផ្សារសម្រាប់ហូលពិតាន នៅតែមានលក្ខណៈតូចចង្អៀតនៅឡើយ។ ភាគច្រើននៃការផលិត គឺអាស្រ័យតាមការបញ្ជាទិញ ដែលមានលក្ខណៈមិនទៀងទាត់ និងមានចំនួនតិចតួច ដែលធ្វើឱ្យអ្នកជំនាញខ្លះ បោះបង់ការផលិត និងចាប់យកអាជីពថ្មី។
  

 សកម្មភាពក្នុងពិព័រណ៍ហូលពិតាន នៅសារមន្ទីរជាតិ

ដោយឡែកអតិថិជនហូលពិតាន ក៏ជាប្រភេទអតិថិជន ដែលមានចំណេះដឹង ឬយល់ច្បាស់អំពីគុណតម្លៃ នៃហូលពិតាន ព្រមជាមួយនឹងវត្ថុបំណងច្បាស់លាស់ ក្នុងការទិញ ដែលនេះក៏បញ្ជាក់ឱ្យឃើញ ពីភាពតូចចង្អៀត នៃតម្រូវការផងដែរ។
 
នៅតាមវត្តអារាម និងទីកន្លែងគោរពបូជាផ្សេងៗ ព្រមទាំងនៅតាមលំនៅដ្ឋានរបស់ប្រជាជន ក៏ការប្រើប្រាស់ហូលពិតាន នៅមានកម្រិតកំណត់។ ចំពោះការប្រើប្រាស់ហូលពិតានភាគច្រើន គឺកើតមានតែនៅតាមខេត្ត ឬតំបន់ដែលធ្លាប់តែប្រើប្រាស់ ផលិតផលនេះតែប៉ុណ្ណោះ។
 
ចំណេះដឹងរបស់មហាជន ជាពិសេសយុវជន លើតម្លៃហូលពិតាន ក៏អាចជាបញ្ហាប្រឈម ហើយការផ្សព្វផ្សាយ បញ្ជ្រាបចំណេះដឹង ក៏នៅមានកម្រិតកំណត់។ ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រមូលឯកសារពាក់ព័ន្ធនឹងហូលពិតាន ដែលភាគច្រើន ជាភាសាបារាំង និងបានចងក្រង បកប្រែ បំពេញបន្ថែម ឱ្យក្លាយជាឯកសារគោល របស់សិប្បកម្មតម្បាញហូលពិតាន ក្នុងទិសដៅបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ។
  

 សកម្មភាពក្នុងពិព័រណ៍ហូលពិតាន នៅសារមន្ទីរជាតិភ្នំពេញ

ក្រសួងវប្បធម៌ ក៏មានគម្រោងបង្កើតសារមន្ទីរនរវិទ្យា ដែលពាក់ព័ន្ធនឹងប្រពៃណី ទំនៀមទម្លាប់ សម្លៀកបំពាក់ ដោយរួមបញ្ចូលទាំងហូលពិតានផងដែរ។ ទោះជាយ៉ាងណា ក្នុងដំណាក់កាលនេះ ក្រសួងវប្បធម៌ កំពុងខិតខំប្រឹងប្រែង ប្រមូល ទាមទារសមុច្ច័យ ការគៀរគរថវិកា និងការប្រមូលផ្ដុំអ្នកជំនាញ។
 
តាមរយៈគម្រោង បណ្ដុះបណ្ដាលជំនាញដូនតា ដែលរាជរដ្ឋាភិបាល ផ្ដល់នូវការគាំទ្រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងកំពុងបណ្ដុះបណ្ដាល ជំហានទី១ ដល់យុវជនចំនួន៣០០នាក់  នៅតាមបណ្ដារាជធានីខេត្តទាំង៨ ជាមួយនឹង១២ជំនាញ ដោយរាប់បញ្ចូលទាំងតម្បាញសូត្រផងដែរ។
 
ក្រសួងកំពុងបន្ត សិក្សាប្រមូលផ្ដុំមូលធនមនុស្ស ដែលមានជំនាញនេះ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាល ដល់យុវជន។ ហើយការបណ្ដុះបណ្ដាលតម្បាញហូលពិតាន អាចនឹងចាប់ផ្ដើមនៅខេត្តតាកែវ នាពេលខាងមុខ​។ ក្រសួងបានដាក់ចេញនូវវិធានការគាំទ្រ និងលើកទឹកចិត្ត ដល់សិប្បករទាំងអស់ តាមរយៈការជួយជ្រោម​ជ្រែងផ្នែកបច្ចេកទេស ការរៀបចំពិព័រណ៍ ការរៀបចំឱ្យមានជំនួប រវាងតម្រូវការ និងការផ្គត់ផ្គង់ ព្រមទាំងការទទួលស្គាល់នូវទេពកោសល្យ ដោយផ្ដល់ជាគោរមងារ ជាអាទិភាពជូនលោកយាយ ម៉ក់ ជាង ជាទេពសោភ័ណ ម៉ក់ ជាង ជាដើម។ 
  

 សកម្មភាពក្នុងពិព័រណ៍ហូលពិតាន នៅសារមន្ទីរជាតិភ្នំពេញ

ជាមួយគ្នានេះ អគ្គនាយកដ្ឋានជំនាញ បាននឹងកំពុងសិក្សាលម្អិត ទៅលើទម្រង់លើកទឹកចិត្តផ្សេងទៀត ដោយរួមទាំងជំនួយផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យសម្រេច។ ក្រសួងបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្រទាប់យុវជន ជាពិសេសការបញ្ជ្រាបការយល់ដឹង ការបណ្ដុះទឹកចិត្តស្រឡាញ់ ចំពោះសិល្បៈវប្បធម៌ជាតិ និងជំរុញសេចក្ដីសម្រេច ឱ្យមកចាប់យកអាជីព ដែលគាំទ្រដល់វប្បធម៌ ប្រពៃណីជាតិផងដែរ៕
 

Tag:
 សិល្បៈ
  វប្បធម៌
  ហូលពិតាន
  តម្បាញ
  ហូល
  ពិតាន
© រក្សាសិទ្ធិដោយ thmeythmey.com