អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញាពង្រឹងសមត្ថភាពយោធានិងការទូត
24, Mar 2024 , 8:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា ប្រកាសពង្រឹងសមត្ថភាពការពារជាតិ និងការទូតរបស់ខ្លួនដើម្បីរក្សាសន្តិភាព ដើម្បីទប់ទល់បញ្ហាប្រឈមមុខដែលកើនឡើង ពិសេសការកសាងកម្លាំងយោធានៅក្បែរជប៉ុនតែម្ដង។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ NHK ។

«ការកសាងកម្លាំងយោធា រួមទាំងការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីល កំពុងកើនឡើងនៅក្នុងតំបន់ជុំវិញជប៉ុន ហើយការប៉ុនប៉ងដើម្បីផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំង កំពុងកើនឡើង។» ប្រមុខរដ្ឋាភិបាលជប៉ុន ហ្វូមីអូ គីស៊ីដា ថ្លែងបែបនេះក្នុងពិធីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាការពារជាតិនៅ Yokosuka ក្បែរទីក្រុងតូក្យូនៅថ្ងៃទី២៣ ខែមីនា។
 
បើតាមលោក គីស៊ីដា ជប៉ុនប្រឈមមុខនឹងបរិយាកាសសន្តិសុខដែលស្មុគស្មាញ និងលំបាកបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយរដ្ឋាភិបាលនឹងពង្រឹងសមត្ថភាពការពារ និងការទូតរបស់ខ្លួន ដើម្បីរក្សាសន្តិភាព និងទប់ស្កាត់ភាពអាសន្នផ្នែកសន្តិសុខនេះ។
 
ការគំរាមកំហែងធំជាងគេក្នុងតំបន់សម្រាប់ជប៉ុន ទំនងគ្មានអ្វីក្រៅពីកូរ៉េខាងជើងនោះឡើយ។ រដ្ឋកុម្មុយនីស្តឯកោមួយនេះ​ កំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំងឡើងទោះមានទណ្ឌកម្មជុំទិសក្ដី។ ទីក្រុងព្យុងយ៉ាង ក៏តែងបាញ់មីស៊ីលចូលសមុទ្រខាងកើតដែលនៅមិនឆ្ងាយពីជប៉ុនជាញឹកញយថែមទៀត។
 
ទំនាក់ទំនងជាមួយចិន ក៏ជាបញ្ហាប្រឈមមួយសម្រាប់ជប៉ុនដែរ ដោយសារប្រទេសទាំង២ ក៏មានទំនាស់អធិបតេយ្យនៅសមុទ្រចិនខាងកើតដែរបន្ថែមពីលើរឿងឈឺចាប់ផ្នែកប្រវត្តិសាស្រ្តនោះ។ នាវាជើងទឹកចិនដែលធ្វើដំណើរទៅកំញើញតៃវ៉ាន់ ក៏នៅមិនឆ្ងាយប៉ុន្មានដែរពីកោះអូគីណាវ៉ាដែលនៅចុងខាងត្បូងបំផុតរបស់ជប៉ុន។
 
លោក គីស៊ីដា នឹងធ្វើដំណើរទៅជួបប្រធានាធិបតីអាម៉េរិក ចូ បៃឌិន សម្រាប់ជំនួបប្រជុំកំពូលមួយនៅថ្ងៃទី១០ ខែមេសា ក្នុងគោលបំណងជំរុញសម្ព័ន្ធភាពសន្តិសុខទ្វេភាគីសម្រាប់រយៈពេលយូរ ខណៈប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននិងកូរ៉េខាងជើងដែលបន្តបញ្ចេញសាច់ដុំយោធារបស់ខ្លួនឥតឈប់ឈរ៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com