ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
៦ខែ សមត្ថកិច្ច បានអនុវត្តវិធានការច្បាប់ និងអប់រំក្មេងទំនើងជាង២ពាន់នាក់
26, Mar 2024 , 11:32 am        
រូបភាព
សមត្ថកិច្ច បានឃាត់ខ្លួនក្មេងទំនើង០២ក្រុម ចំនួន០៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សា  នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅបូរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ច បានឃាត់ខ្លួនក្មេងទំនើង០២ក្រុម ចំនួន០៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅបូរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
៦ខែ នៃអាណត្តិរដ្ឋាភិបាលថ្មី ដោយគិតចាប់ពីខែកញ្ញា ២០២៣ ដល់ខែកុម្ភៈ ២០២៤ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើង បានចំនួន៩៣៩ករណី ។ ក្នុងនោះសមត្ថកិច្ច បានអនុវត្តវិធានការច្បាប់ និងរដ្ឋបាល លើក្មេងទំនើង ចំនួន២៥៣៣នាក់ (នារី ៩៩នាក់)។



លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចបានបញ្ជូនសំណុំរឿងក្មេងទំនើង ដែលបានបង្កអសន្តិសុខសង្គម ចំនួន៤១៧ករណី ក្នុងនោះមានក្មេងទំនើង ៨២៥នាក់ (ស្រី១៣នាក់) ទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់។
 
ជាមួយគ្នានេះ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយបានអប់រំក្មេងទំនើង ១៧០៨នាក់ (នារី៨៦នាក់) ស្មើនឹង៥២២ករណី។ សម្រាប់វិធានការរដ្ឋបាលនេះ សមត្ថកិច្ច តម្រូវឱ្យក្មេងទំនើងទាំងនោះ ធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ ដោយមានម្ដាយឪពុកមកធានា ហើយសន្យាឈប់ធ្វើសកម្មភាព បង្កអសន្តិសុខទៀត។ ក្នុងករណីដែលពួកគេ មិនរាងចាលនោះ ពួកគេ នឹងប្រឈមមុខផ្លូវច្បាប់ នៅពេលសមត្ថកិច្ច ឃាត់ខ្លួនបានជាលើកទី២។ នេះបើតាមលោក ទូច សុឃៈ។
 
សកម្មភាពក្មេងទំនើង ដែលសមត្ថកិច្ចបង្ក្រាបបាន រួមមាន៖ ករណីប្រើអំពើហិង្សា , បង្ហោះម៉ូតូ, លួចឆក់ និងប្លន់, គ្រឿងញៀន, រំលោភ និងករណីផ្សេងៗទៀត។
 
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានសង្កត់ធ្ងន់ថា ការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងនៅតាមមូលដ្ឋាននេះ គឺស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
 
«ខ្ញុំសូមផ្ញើសារជូនទៅដល់យុវជន សូមចៀសឱ្យផុតពីសកម្មភាពក្មេងទំនើងនេះ ដែលវាជះផលអវិជ្ជមានដល់យើងខ្លួនឯង»។ នេះបើតាមលោក សុឃៈ ដែលជំរុញឱ្យឪពុកម្ដាយ ជួយអប់រំដល់កូនចៅឱ្យដល់លើមាគ៌ាត្រឹមត្រូវ ដើម្បីក្លាយជាពលរដ្ឋ។ ចំណែកអាជ្ញាធរមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយ និងទប់ស្កាត់ករណីក្មេងទំនើងឱ្យបានទាន់ពេលវេលា ដោយអនុវត្តតាមវិធានការច្បាប់ និងវិន័យរដ្ឋបាល ស្របតាមទិដ្ឋភាពជាក់ស្ដែង៕  
 
អត្ថបទទាក់ទង
 

Tag:
 ទូច សុឃៈ
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com