អន្តរជាតិ
កម្ពុជាបរិច្ចាគ១លានដុល្លារទៅឡាវទុករៀបចំកិច្ចប្រជុំអាស៊ាន
26, Mar 2024 , 5:05 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត (ឆ្វេង) និងសមភាគីឡាវ លោក សុនសៃ ស៊ីផាន់ដន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅថ្ងៃទី២៥ ខែមីនា។ រូបភាព Facebook_Samdech Thipadei Hun Manet
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត (ឆ្វេង) និងសមភាគីឡាវ លោក សុនសៃ ស៊ីផាន់ដន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅថ្ងៃទី២៥ ខែមីនា។ រូបភាព Facebook_Samdech Thipadei Hun Manet
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ ខែមីនា បានប្រកាសនឹងបរិច្ចាគទឹកប្រាក់ ១លានដុល្លារទៅឡាវ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ទន្ទឹមនេះ មេដឹកនាំប្រទេសទាំងពីរ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងស៊ីជម្រៅផងដែរ។

 
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបំពេញទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ក្នុងការស្វះស្វែងរកកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជិតខាង។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅក្នុងថ្ងៃទី២៥ ខែមីនា សម្តេចហ៊ុន ម៉ាណែត បានប្រកាសគាំទ្រឡាវយ៉ាងពេញលេញ ក្នុងការធ្វើជាប្រធានអាស៊ានផ្លាស់វេននៅក្នុងឆ្នាំ២០២៤។
 
«កម្ពុជាសូមចូលរួមជាមួយមិត្តឡាវនូវនូវថវិកា ១លានដុល្លារសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ»។ សម្តេចបានប្រកាសបែបនេះ ដោយបង្ហាញពីសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីផងដែរ។ 
 
ចំណែកសមភាគីឡាវ លោក សុនសៃ ស៊ីផាន់ដន បានបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរ បានឯកភាពបន្តអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលមានស្រាប់ ហើយសន្យាអភិវឌ្ឍកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងស៊ីជម្រៅ។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានអញ្ជើញសមភាគីឡាវឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅចុងឆ្នាំ២០២៤ ផង។ 
 
បន្ថែមពីនេះ មេដឹកនាំទាំងពីរ បានពិនិត្យលើពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិការចំនួន ៧ពាក់ព័ន្ធនឹងថាមពល ព្រំដែន និងការទិញថាមពលស្អាតជាដើម៕ 

Tag:
 កម្ពុជា
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com