ជាតិ
ដំណាំតាមដងស្ទឹងសង្កែ ជាកន្លែងទាក់ទាញទេសចរថ្មីរបស់ខេត្តបាត់ដំបង
27, Mar 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ ក្រៅពីរបរធ្វើស្រែ អ្នកភូមិដែលមានលំនៅតាមដងស្ទឹងសង្កែ ជាពិសេសក្នុងភូមិសាស្រ្តឃុំឈើទាល ស្រុកបាណន់ បានប្រើប្រាស់ដីជម្រាលស្ទឹង ដើម្បីដាំដុះដំណាំចម្រុះរយៈពេលខ្លី។ ទស្សនីយភាពបៃតងនៃដំណាំនេះ បានទាក់ទាញភ្ញៀវទេសចរដែលឆ្លងកាត់ ឆ្លៀតចូលទស្សនា និងទិញកសិផលពីប្រជាពលរដ្ឋដោយផ្ទាល់។



ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៦ខែមីនាថា មុនធ្វើដំណើរទៅដល់រមណីយដ្ឋានប្រាសាទបាណន់ ភ្ញៀវទេសចរ ជាពិសេសអន្តរជាតិ តែងតែឈានចូលទស្សនា​ផលដំណាំតាមជម្រាលស្ទឹងសង្កែ ដោយដើរកាត់ស្ពានយោល ដើម្បីផ្តិតយករូបភាពស្អាតៗ និងស្វែងយល់ពីការនេសាទ និងជីវភាពរស់នៅរបស់ពលរដ្ឋ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំឈើទាល ស្រុកបាណន់។ 
 
ទិដ្ឋភាពបៃតងនៃផលបន្លែបង្ការ តាមដងស្ទឹងសង្កែទាំងនេះ គឺជាចំណុចដ៏ទាក់ទាញ ដែលផ្ដល់ឱ្យទេសចរនូវបទពិសោធន៍ថ្មីៗ អារម្មណ៍ស្រស់ស្រាយ ការចងចាំល្អ មុនពេលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ ភ្ញៀវទេសចរក៏បានសរសើរពលរដ្ឋខ្មែរថា មានគំនិតច្នៃប្រឌិត ដែលបានយកដីទំនេរចោលទាំងនេះ ទៅដាំដុះបន្លែ ដើម្បីផ្គង់ផ្គង់ជីវភាព និងបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង។ នេះជាលើកឡើងរបស់ លោក អ៊ុច អ៊ុំភីនីស្សារ៉ា។ 
  


លោក ប្រាប់ដូច្នេះថា៖«ភ្ញៀវទេសចរមួយចំនួន បានធ្វើដំណើរឆ្លងកាត់ទីតាំងនេះ(ឃុំឈើទាល) តែងតែចាប់អាម្មណ៍ចំពោះរូបភាពដ៏ស្រស់ស្អាតនៃផលដំណាំ ហើយគាត់បានចុះទៅមើលដល់កន្លែងទៀត។ ពួកគាត់ថា(ភ្ញៀវទេសចរ) វាគឺជារឿងល្អ ដែលពលរដ្ឋខ្មែរ ចេះច្នៃប្រឌិតយកជម្រាលស្ទឹងទៅដាំបន្លែ ដើម្បីជាប្រយោជន៍ផ្នែកជីវភាព និងទស្សនីយភាពក្នុងការកម្សាន្តរបស់ភ្ញៀវទេសចរផង»។ 
 
ប្រធានមន្ទីរទេសចរណ៍រូបនេះ ចាត់ទុក ការដំដុះណាំតាមដងស្ទឹងរបស់ពលរដ្ឋឃុំឈើទាលនេះ គឺជាគំរូដ៏ល្អសម្រាប់ទីតាំងផ្សេងៗទៀត ដែលមានសណ្ឋានដី ឬភូមិសាស្រ្តប្រហាក់ប្រហែលគ្នា គួរតែសាកល្បង។ ប្រសិនបើ អាចបំផុសចលនាឱ្យពលរដ្ឋតាមដងស្ទឹងសង្កែ ដាំដុះកាន់តែច្រើនថែមទៀត លោកជឿថា វានឹងផ្ដល់ប្រយោជន៍ច្រើនដល់កសិករ និងវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ឱ្យកាន់តែសម្បូរបែប។
  


លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រាប់ដូច្នេះថា៖«ដំណាំទាំងនេះ គឺជាចំណុចទាក់ទាញដ៏សំខាន់ដែរ។ ដូច្នេះ បើអាចបំផុសចលនាឱ្យប្រជាពលរដ្ឋដាំដុះគ្រប់កន្លែងតាមដងស្ទឹងសង្កែ នោះវានឹងផ្ដល់ប្រយោជន៍ច្រើនដល់កសិករ និងវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបងឱ្យកាន់តែសម្បូរបែប»។ 
 
ជាទូទៅ អ្នកឃុំឈើទាល ដាំដុះបន្លែនៅក្នុងរដូវប្រាំង ពីព្រោះកម្រិតទឹកស្ទឹងសង្កែទាប ថ្លាល្អ រួមទាំងដីមានជីជាតិផងដែរ។ ស្អំ ស្ពៃ ត្រកួន និងសណ្ដែក ជាដំណាំពេញនិយមជាងគេនៅតំបន់នោះ៕   
 
សូមលោក-អ្នកនាងទស្សនារូបភាពរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំប​ងខាងក្រោម៖  











Tag:
 មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
  ស្ទឹងសង្កែ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com