ជាតិ
សេដ្ឋកិច្ច
រដ្ឋ ប្រកាសលើកទឹកចិត្តពន្ធដារក្នុងវិស័យអប់រំ ដល់ដំណាច់ឆ្នាំ២០២៨
28, Mar 2024 , 11:59 am        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖​ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖​ MEF
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារទៅដល់វិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។​ ការលើកទឹកចិត្តនេះ មានវិសាលភាពនៅគ្រប់គ្រឹះស្ថានសាធារណៈ​ និងឯកជនទាំងប្រទេសរហូតដំណាច់ឆ្នាំ២០២៨។​

 
បើតាមប្រកាសរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២០មីនា គ្រឹះស្ថានសិក្សាទាំងអស់​ មិនថាគ្រឹះស្ថានសិក្សាសាធាណៈជន និងឯកជនទេ ដែលផ្តល់សេវាសុទ្ធសាធខាងផ្នែកអប់រំ ចាប់ពីថ្នាក់មត្តេយ្យ ដល់ឧត្តមសិក្សា​ គឺទទួលបានការលើកទឹកចិត្តពន្ធដារ​។ ការលើកចិត្តនេះ ក៏រដ្ឋផ្តល់ឱ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ។ 
 
លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានបញ្ជាក់ថា គ្រឹះស្ថានសិក្សានឹងរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរាមា។ ជាមួយគ្នានេះ ការផ្គត់ផ្គង់សេវាអប់រំ ​និងការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មផ្សេងៗទៀត ដែលបម្រើឱ្យការអប់រំ រួមទាំងការផ្គត់ផ្គង់ម្ហូបអាហារ និងការស្នាក់នៅរបស់សិស្ស​​ និស្សិត ត្រូវចាត់ទុកថាជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម(VAT ១០ភាគរយ)ឡើយ។​
 
ដោយឡែក អាករលើធាតុចូលលើទំនិញ ឬសេវាដែលបានទិញដោយគ្រឹះស្ថានសិក្សាសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវាអប់រំ គឺមិនត្រូវបានអនុញ្ញាតជាឥទានអាករលើធាតុចូលទេ ក៏ប៉ុន្តែរដ្ឋអនុញ្ញាតឱ្យកាត់កងជាចំណាយបាន។ លើសពីនេះ អ្នករកស៊ីក្នុងវិស័យអប់រំ ក៏រួចផុតពីកាតព្វកិច្ចពន្ធកាត់ទុកលើការទូទាត់ ដូចជា សេវានានរួមទាំងសេវាគ្រប់គ្រង ឬពិគ្រោះយោបល ឬសេវាប្រហាក់ប្រហែល។ ជាពិសេសម្ចាស់គ្រឹះស្ថានសិក្សា គឺរួចផុតពីកាតព្វកិច្ចពន្ធកាត់ទុកលើការប្រាក់ និងភាគលាភ។ ចំពោះការលើកលែងពន្ធកាត់ទុកនេះ  គ្រឹះស្ថានសិក្សាត្រូវមានវិក្កយបត្រចេញដោយអ្នកផ្គត់ផ្គង់ និងមានឯកសារបញ្ជាក់ពីការទូទាត់ ដោយត្រូវកត់ត្រាជារៀងរាល់ខែ តាមទម្រង់រដ្ឋបាលសារពើពន្ធបានកំណត់។
 
ដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារខាងលើនេះ គ្រឹះស្ថានសិក្សាត្រូវចុះបញ្ជីពន្ធដារ នៅរដ្ឋបាលសារពើពន្ធ, ដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់។​ គ្រឹះស្ថានសិក្សា ត្រូវកាន់កាប់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធនូវរបាយការណ៍សវនកម្មឯករាជ្យ ចំពោះគ្រឹះស្ថានសិក្សាដែលមានផលរបរប្រចាំឆ្នាំលើសពី ៤០០០លានរៀល។
 
ប្រកាសរបស់លោកឧបនាយកមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដដែលបានបញ្ជាក់ថា ការលើកទឹកចិត្តពន្ធដារក្នុងវិស័យអប់រំនេះ គឺធ្វើឡើងរហូតដល់ដំណាច់ឆ្នាំ២០២៨។  ហេតុដូច្នេះ គ្រឹះស្ថានសិក្សានីមួយៗត្រូវបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់ពន្ធកាត់ទុកលើការជួលទីតាំង ពន្ធលើប្រាក់បៀវត្ស ពន្ធអចលនទ្រព្យ ពន្ធប៉ាតង់ និងពន្ធអាករដទៃទៀតស្របតាមច្បាប់​ និងលិខិបទដ្ឋានគតិយុត្តពន្ធដារជាធរមាន៕ 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com