ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
យុទ្ធនាការប្រឆាំងអំពើពុករលួយនៅវៀតណាមកំពុងសកម្មជាខ្លាំង។ ថ្ងៃទី២៧មីនា តុលាការក្រុងហាណូយ បានផ្តន្ទាទោស មហាសេដ្ឋីអចលនទ្រព្យ លោក ដូ អាញ ឌុង ឲ្យជាប់ក្រោយចម្រឹងដែក ៨ឆ្នាំ។ ចំណែកនៅក្រុងហូជីមីញ រដ្ឋអាជ្ញាទាមទារពីសប្តាហ៍មុន ឲ្យកាត់ទោសប្រហារជីវិត មហាសេដ្ឋីនីអចលនទ្រព្យ លោកស្រី ជឿង មី ឡាន ក្នុងបទលួចគៃបន្លំហិរញ្ញវត្ថុ។
មហាសេដ្ឋីអចលនទ្រព្យ លោក ដូ អាញ ឌុង (Đỗ Anh Dũng) ត្រូវតុលាការហាណូយ កាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំ ពីបទពុករលួយ ក្លែងបន្លំ បោកបញ្ឆោតអ្នកវិនិយោគទុន។ ទំហំទឹកប្រាក់ដែលខាតបង់ក្នុងអំពើល្មើសនេះ ត្រូវកាសែតរដ្ឋវៀតណាម ប៉ាន់ប្រមាណថា ៣៥៥ លានដុល្លារ ហើយមានជនរងគ្រោះ ប៉ះពាល់ ប្រមាណជាង ៦ ៦០០ នាក់។
លោក ដូ អាញ ឌុង ត្រូវរដ្ឋអំណាចវៀតណាមចាប់ឃុំខ្លួន កាលពីខែមេសាឆ្នាំទៅមិញ។ លោកជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឈអចលនទ្រព្យ តាន់ ហ័ង មីង (Tân Hoàng Minh) ដែលមានជំនាញខាងផ្ទះល្វែង និងគ្រឿងសង្ហារិមការិយាល័យ ហើយក៏មានក្រុមហ៊ុនច្រើនផ្សេងទៀតដែលគ្មានសកម្មភាពច្បាស់លាស់។ តាមការផ្សាយរបស់កាសែតរដ្ឋវៀតណាម, អង្គហេតុដំបូង ក្រុមហ៊ុន តាន់ ហ័ង មីង ប្រកាសនៅដើមឆ្នាំ២០២២ថា ខ្លួនជួបវិបត្តិកូវីដ១៩ ដែលធ្វើឲ្យគម្រោងសាងសង់ជាច្រើនស្ទះជាប់គាំង ហើយនិងជំពាក់កម្ចីធនាគារ ប្រហែល ៨១០ លានដុល្លារ ចាំបាច់ត្រូវរកមូលនិធិដោះបំណុលជាបន្ទាន់។ ក្រុមហ៊ុនបានប្រកាសលក់មូលបត្របំណុល ដោយបូកទាំងកញ្ចប់បំណុលរបស់ក្រុមហ៊ុន៣ទៀត ដែលមានតែឈ្មោះ និងគ្មានសកម្មភាពសេដ្ឋកិច្ចសោះ។
តាមរយៈការលក់មូលបត្របំណុលនិងការបង្វិលលុយចុះឡើង ធ្វើឲ្យលោក ដូ អាញ ឌុង អាចគៃបន្លំចំណេញបានប្រាក់ជាច្រើនរយលានដុល្លារ។ នេះបើតាមក្រសួងសន្តិសុខសាធារណៈវៀតណាម។
កូនប្រុសសេដ្ឋីរូបនេះ ឈ្មោះ ដូ ហ័ង វៀត មានតួនាទីជាអគ្គនាយករងក្រុមហ៊ុនតាន់ ហ័ង មីង ដែលជាមេផ្សំគំនិត ក៏ត្រូវតុលាការ ផ្តន្ទាទោសពន្ធនាគារ ៣ ឆ្នាំ។ ក្នុងសំណុំរឿងតែមួយ តុលាការហាណូយ កាត់ទោសអ្នកពាក់ព័ន្ធ ១៣ នាក់ទៀត ឲ្យជាប់ក្រោយចម្រឹងដែក ទៅតាមទំហំទោសផ្សេងៗគ្នា រហូតដល់កម្រិតជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ។
រដ្ឋអំណាចកុម្មុយនិស្តវៀតណាម បានធ្វើយុទ្ធនាការកម្ចាត់អំពើពុករលួយ យ៉ាងសកម្ម។ សូម្បីតែ ការលាចុះពីតំណែងរបស់ប្រធានាធិបតីវៀតណាម វ៉ វ៉ាន់ ធឿង (Võ Văn Thưởng) ពេលថ្មីៗនេះ ក៏ត្រូវគេសង្ស័យថាទំនងជាប់ព័ន្ធនឹងអំពើពុករលួយដែរ។ ដ្បិតថា អង្គការប្រឆាំងអំពើពុករលួយ បានចាប់ឃាត់ខ្លួនមន្ត្រីរដ្ឋការ ជាច្រើននាក់ ក្នុងខេត្តដែលលោកធ្វើជាប្រធានសាខាបក្ស។ កាសែតរដ្ឋវៀតណាម ក៏អះអាងថាលោក វ៉ វ៉ាន់ ធឿង បានប្រព្រឹត្តល្មើសច្បាប់ និងត្រូវបង្ហាញភាពជាគំរូ។
អ្នកដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយវៀតណាម គឺលោក ង្វៀន ភូចុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។ AFP - MINH HOANG ពាក់ព័ន្ធនឹងអំពើពុករលួយដែរ កាលពីសប្តាហ៍មុន នៅតុលាការក្រុងហូជីមីញ (ព្រៃនគរ) រដ្ឋអាជ្ញាបានទាមទារឲ្យកាត់ទោសប្រហារជីវិត លោកស្រី ជឿង មី ឡាន មហាសេដ្ឋីនីអចលនទ្រព្យ ដែលជាមេគំនិត ក្នុងបទលួចគៃបន្លំហិរញ្ញវត្ថុ ខ្លីលុយពីធនាគារ ចំនួន ១២,៥ ពាន់លានដុល្លារ។
នៅវៀតណាម ការបោសសម្អាតអំពើពុករលួយ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឡើងក្រោមកណ្តាប់ដៃដ៏តឹង ដែលដឹកនាំផ្ទាល់ របស់ លោក ង្វៀន ភូចុង (Nguyễn Phú Trọng) អគ្គលេខាធិការគណបក្សកុម្មុយនិស្តវៀតណាម។ ជាលទ្ធផល ចាប់ពីឆ្នាំ២០២១មក ទាំងមន្ត្រីរដ្ឋការនិងឈ្មួញ អ្នករកស៊ី ត្រូវជាប់បទចោទប្រកាន់ក្នុងសំណុំបទល្មើសពុករលួយ សរុបមនុស្សប្រមាណ ៤ ៤០០ នាក់៕