ជាតិ
គោព្រៃ ត្រយ៉ង ត្រីគល់រាំង ដើមត្នោត ផ្ការំដួល ជានិមិត្តរូបកម្ពុជា ត្រូវបានហាមមិនឱ្យប្រើជាម៉ាកយីហោ
× ភ្នំពេញ៖ គោព្រៃ ត្រយ៉ង អណ្តើកសរសៃ(អណ្ដើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់សម្រាប់ម៉ាកយីហោ ណាមួយដែលមានលក្ខណៈដូចឬត្រាប់តាម ដោយគ្មានការអនុញ្ញាត។
សេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែមីនា បានរម្លឹកថា ព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពី «ការកំណត់ប្រភេទសត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃប្រទេសកម្ពុជា» បានកំណត់យក គោព្រៃ ត្រយ៉ង អណ្តើកសរសៃ (អណ្ដើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ជានិមិត្តរូបនៃប្រទេសកម្ពុជា។ ដូច្នេះ សត្វ និងរុក្ខជាតិ៨ប្រភេទនេះ នឹងត្រូវហាមឃាត់មិនឱ្យប្រើប្រាស់សម្រាប់ម៉ាកណាមួយ ដែលមានលក្ខណៈដូច ឬត្រាប់តាម ដោយគ្មានការអនុញ្ញាតនោះទេ។
ការចម្លង ឬត្រាប់តាមនិមិត្តរូបទាំងនេះ ដោយគ្មានការអនុញ្ញាត អាចធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
យោងតាមច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា៤ ចែងថា ម៉ាកដែលមិនអាចចុះបញ្ជីបាន គឺជាម៉ាកដែលដូចគ្នា ត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ,ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ,ឈ្មោះ ,ឈ្មោះសង្ខេប ,អក្សរកាត់នៃឈ្មោះ ,សញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋ អង្គការ អន្តររដ្ឋាភិបាល ឬអង្គការ ដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ៕
Tag:
សត្វត្រយ៉ង
អណ្ដើកហ្លួង
ត្រីគល់រាំង
ដើមត្នោត
ផ្ការំដួល
ចេកពងមាន់
© រក្សាសិទ្ធិដោយ thmeythmey.com