RFI
អន្តរជាតិ
អ.ស.ប.៖ ពិភពលោកខ្ជះ​ខ្ជាយម្ហូប​​​អាហារ​អស់​១០០០​ពាន់លាន​ដុល្លារ នៅ​ឆ្នាំ​២០២២
29, Mar 2024 , 7:59 am        
រូបភាព
Gaspillage de repas AP - Dave Zajac
Gaspillage de repas AP - Dave Zajac
ដោយ៖អៀង សុខម៉ិញ / RFI ខេមរភាសា
 
“​ខ្ជះ​ខ្ជាយ​អាហារ​​គឺ​ជា​សោក​នាដកម្ម​ពិភពលោក”។ នេះ​បើ​តាម​ពាក្យ​បរិហារ​របស់​អង្គការ សហប្រជាជាតិ។ នៅក្នុង​​​របាយការណ៍​អ.ស.ប.ចេញ​ផ្សាយ​នា​​ថ្ងៃ​ពុធ​ទី ២៧​មីនានេះ ក្នុង​មួយ​ថ្ងៃៗ មានម្ហូប​​អាហារ​ក្នុង​បរិមាណស្មើ​នឹង​​១ពាន់​លាន​ពេល ត្រូវ​បាន​គ្រួសារ​នីមួយៗ នៅលើ​ពិភពលោក​​ចាក់​ចោល​ដោយ​ឥតប្រយោជន៍​ នៅ​ឆ្នាំ​២០២២។ អាហារ​ដែល​ចាក់​ចោល​ទាំងអស់​នោះ​​នៅ​ល្អ​អាច​បរិភោគ​បាន​ទេ។



នៅក្នុង​របាយការណ៍​ចេញផ្សាយ​នា​ថ្ងៃ​ពុធ​ទី ២៧​មីនា ២០២៤ កម្មវិធី​​ដើម្បី​បរិសា្ថនដែល​ជា​ស្ថាប័ន​​របស់​អង្គការ​សហប្រជាជាតិ ហៅកាត់​ថា​PNUE (UNEP)បាន​បរិហារ​ថា ការ​ខ្ជះ​ខ្ជាយ​អាហារ​គឺ​ជា​សោកនាដកម្ម​ពិភពលោក។ ពិ​ត​ជាគួរ​ឱ្យ​ហួស​ចិត្ត​ខ្លាំងណាស់៖ មាន​អាហារ​រាប់​ពាន់​លាន​ចាន​ត្រូវចាក់​ចោល​ ក្នុង​ពេល​ដែល​​​មនុស្ស​រាប់​រយ​​លាន​នាក់​កំពុង​រង​ទុក្ខ​ទេវនារស់​ប្រឈម​នឹង​ភាព​អត់​ឃ្លាននិង​​ទុរ្ភិក្ស។
 
ជា​សរុប​មាន​អាហារ​ក្នុង​បរិមាណ​យ៉ាង​ហោច​១ពាន់​លាន​ចាន (ពេល) ត្រូវ​បាន​គេ​ចាក់​ចោល​ក្នុង​មួយ​ថ្ងៃៗ​នៅ​ឆ្នាំ​២០២២ ឬ​ត្រូវ​ជា​ជាង​១ពាន់​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ​បើ​គិត​ជា​ទឹក​ប្រាក់។ អាហារ​ចាក់​ចោល​នេះ​​​អាច​ចិញ្ចឹម​​គ្រប់ជន​រងគ្រោះខ្វះ​អាហារ​នៅ​លើ​ពិភពលោក​ដែល​មាន​​ប្រមាណ​៨០០ពិភពលោក បានមួយ​ពេល​ក្នុង​ថ្ងៃ។ ជាង​នេះទៅ​ទៀត បើ​តាម​របាយការណ៍​ដដែល តួលេខ​ប្រាប់​​អំពី​បរិមាណ​​​​​​ចាក់​ចោល​អាហារ​នៅ​ហូប​បាន​ ជា​ការ​ប៉ាន់​ស្មាន ដែល​ទំនង​ទាប​ជាង​ការ​ពិតជាក់​ស្តែង​ឆ្ងាយ​ណាស់។
 
នេះ​ជា​របាយការណ៍​ស្តី​ពីការ​ខ្ជះខ្ជាយ​អាហារ​ទី​ពីរ​ របស់​​អង្គការ​សហប្រជាជាតិ​ដែល​ផ្តល់​ព័ត៌មាន​បាន​កាន់​តែ​លម្អិត និង​ស​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់អំពី​ទំហំ​ដ៏​ធំ​នៃ​បញ្ហា​ខ្ជះខ្ជាយ​អាហារ។ ផ្សារ​ទំនើប ហាង​លក់​សាច់​ ហាង​ចាប់ហួយ​ចោល​គ្រឿង​បរិភោគ​តែ​១២%​នៃ​សំរាម​អាហារ​ទេ និង​ប្រមាណ​២៨% សម្រាប់​ភោជនីដ្ឋាន អាហារដ្ឋាន​នៅ​កន្លែង​ធ្វើការ...។​ ការ​ខ្ជះខ្ជាយ​និង​ចោល​អាហារ​ខ្លាំង​ជាង​គេបំផុត​​ គឺ​នៅ​តាម​ផ្ទះ ដែល​តំណាង​ឱ្យ​ដល់​ទៅ​៦០%​ នៃ​ការ​បោះចោល​អាហារ ឬត្រូវ​ជា​​​៦៣១​លាន​តោនសំរាមអាហារ​ ព្រោះហេតុ​​តែ​ទិញ​ហួស​សេចក្តីត្រូវការ​ផង មិន​ចូល​ចិត្ត​អាហារ​សល់​ផង និង​ដោយ​ភាព​ធ្វេសប្រហែស គ្មានការទុក​ដាក់​អាហារ​បាន​ត្រឹម​ត្រូវ​ទើប​ខូច​បោះចោល។ ផ្ទុយ​ពី​ជំនឿ ការ​ខ្ជះខ្ជា​អាហារ​មិនមែន​ជា​បញ្ហា​កើត​មាន​តែ​នៅក្នុង​ប្រទេសអ្នក​មាន​ទេ ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ​ក៏​ខ្ជះខ្ជាយ​ខ្លាំងណាស់​ដែរ។ នេះ​បើ​តាម​របាយការណ៍​ដដែល។
 
សម្រាប់​ម្ចាស់​​របាយការណ៍ ការ​ខ្ជះខ្ជាយ​អាហារ​ ជា​បរាជ័យសម្រាប់​បរិស្ថាន​ ព្រោះវាបញ្ចេញ​ដល់​ទៅ​​​១០%​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់​ក្នុង​ពិភពលោក​ និង​ចំណាយ​ដី​កសិកម្មធំ​ឥតប្រយោជន៍​​សម្រាប់​ដាំដុះ​ដំណាំ​ដែល​គ្មានចូល​ក្រពះ​នរណា​សោះ។ បើ​គិត​ជា​ប្រទេស​វិញ ការ​ចោល​អាហារ​ ជាអ្នក​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស​ធំ​លំដាប់​ទី​បី បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​ចិន តែ​មនុស្ស​ម្នា​មិន​សូវ​គិត​គូរ​សោះ។ អង្គការ​សហសហប្រជាជាតិ​សង្ឃឹម​ថា របាយការណ៍​នេះ​នឹង​ដាស់​ស្មារតី​មនុស្ស​គ្រប់​រូប​ឱ្យ​បាន​យល់​ថា គេ​អាច​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​សន្សំ​​ថវិកាបានដោយ​គ្រាន់​តែ​បរិភោគ​អាហារ​ទិញ​រួច​ឱ្យ​អស់ពី​ចាននិង​ពី​ទូរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com