កីឡាអន្តរជាតិ
អន្តរជាតិ
Tonali រងការចោទប្រកាន់ពីបទបំពានច្បាប់ល្បែងភ្នាល់ របស់អង់គ្លេស
29, Mar 2024 , 5:00 pm        
រូបភាព
Sandro Tonali ខ្សែបម្រើក្រុម Newcastle United ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ល្បែងភ្នាល់របស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ចំនួន ៥០ករណី។ នេះបើតាមការប្រកាសរបស់ FA។

Tonali វ័យ ២៣ឆ្នាំ បច្ចុប្បន្នកំពុងតែជាប់បម្រាមពីសកម្មភាពបាល់ទាត់រយៈពេល ១០ខែ ពីសំណាក់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) តាំងពីខែតុលា ឆ្នាំ ២០២៣ ចំពោះការបំពានច្បាប់ភ្នាល់នៅក្នុងប្រទេសអ៊ីតាលី។
 
ចំណែកក្នុងប្រទេសអង់គ្លេសវិញ ខ្សែបម្រើអន្តរជាតិអ៊ីតាលី បានបំពានច្បាប់ E8 ចំនួន ៥០ករណី នៃច្បាប់ភ្នាល់ខុសច្បាប់ ដែលកើតឡើងពីចន្លោះថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ FA បានផ្តល់ពេលវេលាសម្រាប់ Tonali ក្នុងការឆ្លើយតបរហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
 
កាលពីខែតុលា ឆ្នាំ ២០២៣ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានប្រកាសថា Tonali នឹងខកខានការប្រកួតពេញមួយរដូវកាល នៅសល់សម្រាប់ក្លិប និងជម្រើសជាតិ បន្ទាប់ពីសហព័ន្ធអន្តរជាតិ (FIFA) ផ្តល់សច្ចាប័នលើការហាមឃាត់រយៈពេល ១០ខែ ដល់អាជ្ញាធរបាល់ទាត់អ៊ីតាលី ចោទប្រកាន់លើ Tonali ពីបទបំពានច្បាប់ភ្នាល់។ បន្ទាប់ពីហាមឃាត់ ១០ឆ្នាំ Tonali ក៏ត្រូវបានពិន័យជាប្រាក់ ២០,០០០អឺរ៉ូ (២១,៥០០ដុល្លារ)។ 
 
កីឡាករវ័យ ២៣ឆ្នាំ ក៏ត្រូវបានសហព័ន្ធ FIGC តម្រូវឱ្យធ្វើសកម្មភាពសង្គមនានា រយៈពេល ៨ខែ ដើម្បីកែប្រែកំហុសរបស់គេ ពីរឿងរ៉ាវនៃការភ្នាល់ខុសច្បាប់។
 
ក្រោយការប្រកាសរបស់ FA ក្លិប Newcastle ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ​ទទួលស្គាល់ចំពោះការចោទប្រកាន់ ទៅលើបញ្ហារបស់ Tonali។
 
«ក្លិប Newcastle United ទទួលស្គាល់ចំពោះការចោទប្រកាន់ខុសច្បាប់ដែលទទួលបានដោយ Santro Tonali ទាក់ទងនឹងការរំលោភច្បាប់ភ្នាល់ FA។ Sandro បន្តអនុវត្តតាមការស៊ើប​អង្កេត​ ដែលពាក់ព័ន្ធយ៉ាងពេញលេញ ហើយគាត់នៅតែរក្សាការគាំទ្រពេញលេញរបស់ក្លិប។ ដោយសារតែដំណឹងការដែលកំពុងដំណើរការនេះ Sandro និង Newcastle United មិនអាចផ្តល់ការអត្ថាធិប្បាយបន្ថែមបានទេ នៅពេលនេះ។»៕

Tag:
 (Sandro Tonali
  Newcastle United)
© រក្សាសិទ្ធិដោយ thmeythmey.com