ជាតិ
សេដ្ឋកិច្ច
តបនឹងក្រុមហ៊ុនVISA៖ NBC អះអាងថា ការទូទាត់ឌីជីថលនៅកម្ពុជា កើនយ៉ាងរហ័ស
29, Mar 2024 , 7:59 pm        
រូបភាព
លោកស្រី ជា សិរី​ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
លោកស្រី ជា សិរី​ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
ដោយ: ថ្មីៗ
ប្រតិបត្តិការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាពិសេស ក្នុងឆ្នាំ២០២៣ ចំនួនប្រតិបត្តិការទូទាត់ឌីជីថល ទាំងប្រាក់រៀលនិងដុល្លារអាមេរិក បានកើន ១,៧៨៦ លានប្រតិបត្តិការ។ ចំនួននេះមានទំហំដល់៤៩២ពាន់លានដុល្លារ ដែលស្មើនឹង១៦ដងនៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់ធនាគារជាតិនៃកម្ពុជា(NBC) ដែលឆ្លើយតបនឹងលទ្ធផល នៃការធ្វើអង្កេតអនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់ VISA។

 
ថ្មីៗនេះ ធនាគារជាតិសង្កេតឃើញមានសារព័ត៌មានមួយចំនួនបាន ចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផលនៃការធ្វើអង្កេតអនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់ VISA ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងនៅមានកម្រិតទាប។ ជាពិសេសការប្រើប្រាស់សាច់ប្រាក់សុទ្ធ គឺនៅតែបន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់ នៃការប្រើប្រាស់មធ្យាបាយទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល។
 
ពាក់ព័ន្ធនឹងលទ្ធផលអង្កេតរបស់ក្រុមហ៊ុនសេវាទូទាត់ VISA នេះ ធនាគារជាតិ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដូចជា៖ តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ និងការផ្ទេរប្រាក់។ ជាពិសេស គឺការស្កេន«ឃ្យូអរកូត» សម្រាប់ទូទាត់ ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ 
 
ការអភិវឌ្ឍនេះ គឺអាស្រ័យដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ ទំនើបៗជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើត App សម្រាប់ការទូទាត់តាមឃ្យូអរកូត ការបង្កើតស្តង់ដាឃ្យូអរកូត។ ទាំងនេះបានផ្តល់នូវភាពងាយស្រួលដល់ការទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស ជាពិសេសក្នុងពេលប្រើប្រាស់ទូរសព្ទទំនើប បានកើនឡើង ដល់ជាង ១៩ លានគ្រឿង ច្រើនជាងចំនួនប្រជាជនកម្ពុជាសរុបដែលមានជាង ១៦ លាននាក់។ ធនាគារជាតិបានរៀបរាប់លម្អិតបែបនេះ នៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួន នាថ្ងៃទី២៤មីនា ឆ្នាំ២០២៤។
 
ធនាគារជាតិបានបង្ហាញថា៖ «ជាក់ស្តែង ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀលនិងដុល្លារអាមេរិក បានកើនឡើង ពី១ ១០០លានប្រតិបត្តិការ ក្នុងឆ្នាំ២០២២ មកដល់១៧៨៦លានប្រតិបត្តិការក្នុងឆ្នាំ២០២៣។ រីឯ ចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀលនិងដុល្លារអាមេរិក បានកើនឡើងពី៤០០នពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដល់៤៩២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រមាណ ១៦ ដង នៃផលិតផលក្នុងស្រុកសរុប»។
 
បើតាមសេចក្តីបំភ្លឺដដែល ក្នុងចំណោមប្រព័ន្ធទូទាត់ការប្រើប្រាស់ប្រព័ន្ធបាគង មានកំណើនគួរឱ្យកត់សម្គាល់ ដោយមានអតិថិជនបើកគណនីសរុប២៧,៦លានគណនី ដោយអាចទូទាត់ប្រាក់បានជាមួយហាងទំនិញ-សេវាកម្មជាង ២,៩លានទីតាំង។ ចំនួននេះ គិតត្រឹមចុងឆ្នាំ២០២៣។
 
លើសពីនេះ ធនាគារជាតិក៏កំពុងលើកកម្ពស់ការទូទាត់តាមឌីជីថលយ៉ាងសកម្ម តាមរយៈគំនិតផ្តួចផ្តើម និងការសហការផ្សេងៗជាមួយស្ថាប័នហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងបណ្តាប្រទេស ក្នុងតំបន់និងពិភពលោក។ ជាមួយនឹងការអនុវត្តគោលនយោបាយទាំងនេះ ការទូទាត់ឌីជីថលនៅ ក្រៅប្រទេសក៏បានកើនឡើងផងដែរ ដូចជា ថៃ វៀតណាម និងឡាវ ជាដើម។ ការណ៍នេះធ្វើឱ្យប្រជាជនកម្ពុជាអាចទូទាត់នៅហាងទំនិញនៅប្រទេសទាំងនេះ ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួន។ ទន្ទឹមនេះ ភ្ញៀវអន្តរជាតិ ក៏កំពុងប្រើប្រាស់ការទូទាត់ឌីជីថលច្រើនជាងមុនផងដែរ តាមរយៈការស្កេនឃ្យូអរកូត ដោយសារកិច្ចខិតខំ ទូទាត់ជាមួយប្រទេសក្នុងតំបន់កាន់តែច្រើនឡើងជាលំដាប់៕ 
 

Tag:
 ការទូទាត់ប្រាក់តាមឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com