កីឡាអន្តរជាតិ
អន្តរជាតិ
Jasmin ប្រើពេលជាង២ថ្ងៃ រត់ម៉ារ៉ាតុនឆ្លងឧបសគ្គ ១៦១គីឡូម៉ែត្រ ដើម្បីស្ត្រីទូទាំងពិភពលោក
29, Mar 2024 , 8:29 pm        
រូបភាព
Jasmin Karina Paris ក្លាយជាកីឡាការិនីដំបូងគេបង្អស់ក្នុងពិភពលោក ដែលបានរត់ដល់ទីបញ្ចប់នៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុនឆ្លងឧបសគ្គដ៏ល្បីល្បាញ Barkley Marathons ក្នុងចម្ងាយ ១៦១គីឡូម៉ែត្រ ដោយប្រើពេល ៦០ម៉ោង។ សមិទ្ធផលនេះ បានជួយកីឡាការិនីអង់គ្លេស Jasmin  មានភាពល្បីល្បាញសុសសាយពាសពេញពិភពលោក ស្របពេលនាងចាត់ទុកការសម្រេចគោលដៅនេះ ដើម្បីស្ត្រីទូទាំងពិភពលោក។


 
កីឡាការិនីវ័យ ៤០ឆ្នាំ ពិតណាស់បានបំផុសគំនិតដល់មនុស្សរាប់ម៉ឺននាក់ និងថែមទាំងបង្កើតការចាប់អារម្មណ៍មិនធ្លាប់មានពីមុនមក សម្រាប់ព្រឹត្តិការន៍រត់ម៉ារ៉ាតុន ឆ្លងឧបសគ្គ Barkley Marathons។
 
Jasmin Paris មិនត្រឹមតែជាកីឡាការិនីរត់ម៉ារ៉ាតុនឆ្លងឧបសគ្គប៉ុណ្ណោះទេ អ្នកស្រីក៏មានអាជីពជាពេទ្យសត្វ និងជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវផងដែរ។ កីឡាការិនីដែលមានកូន២នាក់ អាចរត់សម្រេចបានគោលដៅកាលពីថ្ងៃទី២២ ខែមីនា ក្នុងកម្មវិធី Barkley Marathons 2024 និងសម្រេចបានកំណត់ត្រាដែលមិនធ្លាប់មានអ្នកធ្វើបានពីមុនមក ជាមួយនឹងការរត់នៅក្នុងទីលានស្ថិតក្នុងសួនព្រៃឈើធម្មជាតិ Frozen Head State Park ស្ថិតក្នុងទីជនបទ Tennessee ក្នុងទីក្រុង Morgan County ប្រទេសអាម៉េរិក។
 
ស្ត្រីសញ្ជាតិអង់គ្លេស ធ្វើបានសម្រេចការរត់ចម្ងាយ ១៦១គីឡូម៉ែត្រ (៥ជុំ ក្នុង១ជុំចម្ងាយ២០ម៉ាយ ស្មើ ៣២,២គីឡូម៉ែត្រ) ដោប្រើថេរវេលា ៦០ម៉ោង។ ការរត់នេះ តម្រូវឱ្យឆ្លងកាត់លើផ្លូវរៀបស្មើ កាត់តំបន់ព្រៃភ្នំ និងការឡើងភ្នំអេវឺរ៉ែសចំនួនពីរដង។


 
អ្នកស្រី Jasmin បានក្លាយជាអ្នករត់ដល់ទីបញ្ចប់នៃព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ Barkley Marathons ទី២០ និងជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីការរត់នេះបានដំឡើងចម្ងាយឈានដល់ ១០០ម៉ាយ (១៦១គីឡូម៉ែត្រ) តាំងពីឆ្នាំ ១៩៨៩ មក។ អំឡុងពេលរត់នោះ Jasmin និងអ្នករត់ដទៃ ត្រូវបានគ្របដណ្តប់ដោយស្នាមឆ្កូតមុតជាប់សាច់ ដោយសារប៉ះមែកឈើផ្សេងៗ ព្រមទាំងរអិលដួលជាដើម។
 
ក្រោយពីបញ្ចប់ការរត់នោះរួច បានរយៈពេល ៣ថ្ងៃ កីឡាការិនី Jasmin បានពន្យល់ពីក្តីរីករាយ ដែលខ្លួនអាចសម្រេចបានគោលដៅមិនធ្លាប់មានពីមុននៃកីឡារត់ម៉ារ៉តុនឆ្លងឧបសគ្គ Barkley Marathons។
 
«ខ្ញុំធ្វើវាសម្រាប់ខ្លួនឯកផ្ទាល់ ហើយខ្ញុំពិតជាមានក្តីរំភើបខ្លាំងមែនទែន ដែលអ្វីខ្ញុំទទួលបានពេលនេះគឺជាអ្វីដែលខ្ញុំបានដាក់គោលដៅត្រូវធ្វើ បន្ទាប់ពីការព្យាយាមអស់រយៈពេល ៣ឆ្នាំ។ ខ្ញុំពិតជារំភើបខ្លាំង នៅពេលដែលអ្វីខ្ញុំធ្វើវា ដើម្បីស្ត្រីទាំងអស់ទូទាំងពិភពលោក។ មិនត្រឹមតែជាអ្នករត់ប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីគ្រប់រូបដែលនឹងសាកល្បងប្រកួតប្រជែង និងអ្នកដែលមិនធ្លាប់បានគិត អាចមានជំនឿចិត្តក្នុងការធ្វើរឿងបែបនេះ។ គំនិតមួយនេះហើយដែលខ្ញុំគិតថា នឹងបំផុសដល់ពួកគាត់ឱ្យជឿជាក់លើខ្លួនឯងថានឹងធ្វើបាន។[…]»។ អ្នកស្ត្រី Jasmin បាននិយាយបកស្រាយដូច្នេះប្រាប់ទៅកាន់កាសែត BBC។



ភាពអស្ចារ្យរបស់កីឡាការិនី Jasmin ត្រូវបានមនុស្សជុំវិញពិភពលោកពិពណ៌នាថាជា «ភាពអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្ររត់ប្រណាំងឆ្លងកាត់ឧបសគ្គ» ដែលមិនធ្លាប់មានពីមុនមក។
កំណត់ត្រារបស់អ្នកស្ត្រី Jasmin បានធ្វើឱ្យលោក Laz Lake ដែលមានឈ្មោះពិត Gary Cantrell អ្នកបង្កើតកម្មវិធីរត់ចម្ងាយឆ្លងកាត់ឧបសគ្គ Barkley Marathons ភ្ញាក់ផ្អើល ហើយថែមទាំងពន្យល់បកស្រាយពីរៀបដែលស្ត្រីសញ្ជាតិអង់គ្លេស បានធ្វើរហូតសម្រេចបានគោលដៅដ៏អស្ចារ្យ។ 
 
លោក Laz Lake ម្ចាស់កម្មវិធីបាននិយាយដូច្នេះថា៖«Jasmin Paris សម្រេចបាននូវអ្វីដែលអស្ចារ្យសឹងមិនគួរឱ្យជឿ ហើយដើម្បីសម្រេចបាននូវរឿងអ្វីដែលសឹងមិនគួរឱ្យជឿបែបនេះបាន អ្នកត្រូវតែធ្វើវាបែបនេះ។ ប្រសិនបើអ្នកចង់ធ្វើអីមួយ អ្នកត្រូវតែធ្វើហើយត្រូវចាប់វាឱ្យបាន។»៕

Tag:
 Jasmin Paris
  រត់ចម្ងាយ
© រក្សាសិទ្ធិដោយ thmeythmey.com