ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឈាវ ហុង ថា ការធ្វើកសិកម្មមិនចោលម្សៀតទេ ឱ្យតែធ្វើច្បាស់លាស់
29, Mar 2024 , 8:59 pm        
រូបភាព
សៀមរាប៖ មានបទពិសោធន៍លើវិស័យកសិកម្មជាង២០ឆ្នាំ លោក ឈាវ ហុង នៅតែមើលឃើញពី សក្កានុពល និងភាពជោគជ័យនៃវិស័យមួយនេះ។ លោក ហុង យល់ឃើញថា ការធ្វើកសិកម្មមិនចោលម្សៀតទេ តែត្រូវធ្វើឱ្យច្បាស់លាស់ និងកុំដើរលឿនពេក។ ប្រសិនបើធ្វើត្រូវ អ្នកមានប្រាក់ខែ៥០០ទៅ១០០០ដុល្លារ មិនអាចប្រៀបនឹងចំណូលការធ្វើកសិកម្មបានឡើយ។ ជាម្ចាស់ចម្ការដែលមានផ្ទៃដី៦ហិកតានៅស្រុកសូទ្រនិគម លោក ហុង ផ្ដាំទៅកសិករថា ប្រសិនបើចង់ជោគជ័យត្រូវដាំដុះដំណាំចម្រុះ កុំធ្វើតែមួយមុខៗ និងធ្វើជាជំហានៗ កុំលោភលន់។

 
ព័ត៌មានពិស្ដារ សូមស្ដាប់ និងអានបទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ឈាវ ហុង ម្ចាស់ចម្ការ Hong Eco Farm ដូចតទៅ៖


 
 
អ៊ីសា រ៉ហានី៖ លោក ឈាវ ហុង តើលោកអាចជួយជម្រាបបានទេ ថាតើកសិដ្ឋានរបស់លោកបង្កើតឡើង តាំងពីពេលណាមកហើយ?
 
ឈាវ ហុង៖ បាទទាក់ទងនឹងចម្ការរបស់ខ្ញុំ អ្វីដែលចាប់អនុវត្តន៍នៅឆ្នាំ២០០០ ក៏ប៉ុន្តែយើងគ្រាន់តែដាំ ជាលក្ខណៈគ្រួសារ សាមញ្ញ ដល់ឆ្នាំ២០១២ បានខ្ញុំចាប់ផ្តើមពង្រឹងពង្រីកបន្ថែមទៀត ដោយសារបានខាងក្រសួង មន្ទីរ និងអង្គការដៃគូជួយច្រើនទាក់ទងនឹងបច្ចេកទេសខ្លះៗ រហូតពង្រីកធំនៅឆ្នាំ២០១៦។ ហើយផ្ទៃដីដែលខ្ញុំធ្វើចម្ការនៅទីនេះមាន៦ហិកតា ដោយបែងចែកជាប្រព័ន្ធកសិកម្មចម្រុះ មានប្រភេទបន្លែហូបផ្លែ និងបន្លែហូបស្លឹក ដូច្នេះបន្លែទាំង២ប្រភេទនេះយើងដាំចែកទៅតាមពេលវេលា និងតម្រូវការតាមទីផ្សារ។ មួយផ្នែកទៀតយើងមានរោងចិញ្ចឹមមាន់ និងស្រះចិញ្ចឹមត្រី។
 
អ៊ីសា រ៉ហានី៖ តើការរៀបចំទាំងនេះ យើងរៀបចំដំណាលគ្នាតែម្ដង ឬរៀបជាដំណាក់កាលៗទម្រាំមាន ផ្ទៃដីធំរហូតដល់សព្វថ្ងៃ?
 
ឈាវ ហុង៖ ជំហានដំបូងយើងដាំធម្មតាទេ ជាបន្លែហូបផ្លែ និងបន្លែហូបស្លឹក ដោយសារយើងមានតម្រូវការជីកំប៉ុស ដូច្នេះយើងឆ្លៀតចិញ្ចឹមមាន់ដើម្បីយកលាមកមាន់មកធ្វើជីកំប៉ុស។ ជាចំណុចចាប់ផ្តើម នៅតំបន់ខ្ញុំជាដីលិចទឹក ខែវស្សាយើងធ្វើស្រែលិចទឹក ដូច្នេះយើងជីកស្រះចាក់ធ្វើជាទួលឃាត់ទឹក យើងយកដីទួលមកដាំបន្លែ ហើយយកស្រះនោះចិញ្ចឹមត្រីវិញ។ នេះជាប្រព័ន្ធកសិកម្មចម្រុះ វាវិលជុំ វារុញជួយគ្នា។ 


កសិដ្ឋានចិញ្ចឹមមាន់នៅចម្ការ ហុងអេកូ។ រូបភាពពីហ្វេសប៊ុក Hong Eco Farm
 
អ៊ីសា រ៉ហានី៖ លោក ហុង អាចបញ្ជាក់បានទេ សព្វថ្ងៃដំណាំបន្លែលោកមានដាំអ្វីខ្លះដែរ?
 
ឈាវ ហុង៖ រាល់ថ្ងៃយើងមានបន្លែប៉េងបោះឈឺរី ស្បៃក្រញាញ់ ខាត់ណាដើម ម្ទេសហាវៃ។
 
អ៊ីសា រ៉ហានី៖ កន្លងមកកសិករយើងតែងរអ៊ូរទាំងរឿងតម្លៃទីផ្សារមិននឹងធឹង ឡើងចុះតិចច្រើន និងចុះច្រើនពេលរដូវប្រាំងដែលកសិករដាំដុះច្រើន សម្រាប់លោក ហុង តើធ្លាប់មានបញ្ហាទីផ្សារដែរ ឬទេ?
 
ឈាវ ហុង៖ កន្លែងនេះមួយ ដូចជាអត់មានជាបញ្ហានៅក្នុងចម្ការខ្ញុំទេ។ ទាក់ទងនឹងការដាំបន្លែភ័យខ្លាចសល់ វាអត់មានបញ្ហាទេ។ សំខាន់ណាស់ កន្លងមកកសិករជួបបញ្ហានៅខែ១ ខែ២ ខែ៣។ ដូច្នេះគាត់មិនដឹងថា តើខែណាមានតម្រូវការអ្វីខ្លះ? ដូចជាខែនេះអី កសិករមានដាំបានឯណា ដូច្នេះបន្លែឡើងថ្លៃ មិនមែនថោកទេរាល់ថ្ងៃ។ ដោយសារគាត់មិនបានគិតថាពេលណាត្រូវដាំ ពេលណាគួរដាំបន្លែអីៗ ហើយវាជាទស្សនៈរបស់កសិករគាត់តែងថ្ងួរ នេះជាចំណុចខ្សោយរបស់គាត់។ ដូចក្នុងខែ១ដល់ខែ៣ គាត់ដាំរាប់ហិកតា បេះរាប់តោន នេះជាបញ្ហា។ បើគាត់ដាំប្រភេទដំណាំចម្រុះវិញ អត់បញ្ហាទេ ដីមួយហិកតាយើងញែកដាំបន្លែច្រើនទៅ បើវាខុសមួយវាត្រូវមួយ វាយោងគ្នា។ ដូច្នេះសម្រាប់ អ្នកដែលទិញក៏គេត្រូវការដែរ បន្លែច្រើនមុខ។ 
 
អ៊ីសា រ៉ហានី៖ បទពិសោធន៍ជាកសិករចាស់វស្សាមួយរូប លោក ហុង មានអ្វីជាការណែនាំកសិករ ពិសេសដាំជាលក្ខណៈគ្រួសារ ហើយដាំពុំមានបច្ចេកទេស ឬផែនការត្រឹមត្រូវ?
 
ឈាវ ហុង៖ ជាទស្សនៈរបស់ខ្ញុំ និងជាអ្វីដែលខ្ញុំអនុវត្តន៍កន្លងមក សំខាន់បំផុតយើងត្រូវរៀបចំផែនការ ដាំឱ្យបានច្បាស់លាស់។ ហើយក្នុងមួយឆ្នាំ១២ខែ ត្រូវឱ្យគាត់កត់ត្រាថាក្នុងខែណាដែលបន្លែមានតម្លៃល្អ ខែណាដែលបន្លែមានតម្លៃថោក និយាយរួមឱ្យខ្លីបំផុតផែនការដាំបំពេញតម្រូវការនៅលើទីផ្សារ មិនមែនចេះតែដាំទេ។ ហើយកន្លែងខ្ញុំមិនដែលមានបញ្ហាដែលបន្លែលក់មិនចេញទេ អត់ទេ។ ដូច្នេះរាល់ថ្ងៃនេះមានតែដាំបន្លែអត់គ្រប់ឱ្យគេ។ 
 
អ៊ីសា រ៉ហានី៖ ទីផ្សារសំខាន់យើងលក់ចេញទៅខាងណាវិញ?
 
ឈាវ ហុង៖ បន្លែនៅទីនេះយើងទៅសៀមរាបផង កំពង់សោមផង និងភ្នំពេញផង។ មិនសម្រាប់តែទៅ ផ្សារទំនើបទេ យើងលក់នៅផ្សារទូទៅដែរ។ បើយើងចាប់យកផ្សារទំនើបពេក គេរើសបន្លែលេខមួយ ដូច្នេះបើបន្លែលេខ១ឱ្យផ្សារទំនើប ចុះបន្លែលេខ២ លេខ៣យើងយកទៅណា? ដូច្នេះយើងកុំចាប់យក ផ្សារទំនើបខ្លាំងពេក យើងចាប់យកផ្សារទូទៅ បន្លែឡានលក់បាន យើងក៏លក់បានដូចគ្នា។ ព្រោះទាក់ទងនឹងតម្លៃយើងនៅតែល្អ សម្រាប់បន្លែដែលចេញពីខ្ញុំទៅ អាចខ្ពស់ជាង៣០០ទៅ៥០០ក្នុងមួយគីឡូ ទោះបីមានប៉ុន្មានក៏អត់សល់ដែរ។


កសិដ្ឋានលោក ឈាង ហុង នៅស្រុកសូទ្រនិគម។ រូបភាពពីហ្វេសប៊ុក Hong Eco Farm
 
អ៊ីសា រ៉ហានី៖ សម្រាប់លោក ហុង ផ្ទៃដីមានច្រើនដែរ អាចចាយទុនច្រើនទេចាប់ពីដំបូង រហូតដល់បច្ចុប្បន្ននេះ?
 
ឈាវ ហុង៖ បើនិយាយពីទុនយើងវាស់អត់ត្រូវទេ ដោយសារយើងប្រើជំហានពី១ទៅ៦ជំហាន តិចៗរហូតមកដល់ពេលនេះ បើថាសរុបទុនប៉ុន្មានបូកអត់ចេញ យូរពេក ហើយយើងពង្រីករហូត។
 
អ៊ីសា រ៉ហានី៖ សម្រាប់លោក ហុង មានអ្វីជាសារទៅកសិករដែលនៅស្ទាក់ស្ទើរ និងមិនហ៊ានធ្វើជា លក្ខណៈស្ដង់ដា ជារួមនៅជាលក្ខណៈបុរាណនៅឡើយ?
 
ឈាវ ហុង៖ ចំណុចនេះមួយខ្ញុំក៏អត់ហ៊ានជំរុញគាត់ទេ ក៏ប៉ុន្តែគ្រាន់តែថា ធ្វើកសិកម្មកុំផ្អែកទៅលើ ទុនធនាគារច្រើនពេក។ បើផ្អែកលើទុនធនាគារ កសិករនឹងប្រឈមនឹងបញ្ហា ព្រោះថា ការដាំដំណាំ ដូចយើងនិយាយថា ភាពជោគជ័យវាកើតមាន ប៉ុន្តែភាពបរាជ័យក៏អាចកើតមានដែរ។ យើងមិនអាចជោគជ័យទាំង១០០ភាគរយបានទេ។ ជាក់ស្ដែងរាល់ថ្ងៃនេះ ខ្ញុំដាំបន្លែអត់កើតដែរ ក្ដៅ ព្រោះថាបម្រែបម្រួលអាកាសធាតុខ្លាំងពេក។ ខ្ញុំរិះរកគ្រប់វិធីសាស្រ្តហើយ ដើម្បីឱ្យមានបន្លែលក់ នៅរដូវប្រាំងនេះ។ វិធីសាស្រ្តគ្រាន់តែឱ្យកសិករព្យាយាមដើរកុំឱ្យលឿនពេក ដើរមួយៗ កុំឱ្យសម្លឹងឃើញថា គេជោគជ័យហើយ ហើយយើងប្រឹងធ្វើតាមគេក៏ប្រឈមនឹងបញ្ហាអស់ដីអស់ធ្លីដែរ។ 
 
នេះជាទស្សនៈខ្ញុំ ប៉ុន្តែមិនមែនមិនឱ្យកសិករធ្វើដែរ យើងធ្វើ ធ្វើហើយ២ឬ៣ឆ្នាំ យើងស្ទាបស្ទង់ថា តម្រូវការទីផ្សារយើងត្រូវដឹងឱ្យច្បាស់ ក្នុងមួយឆ្នាំខែណាដែលបន្លែសម្បូរ ហើយខែណាដែលបន្លែអត់មាន ខែណាដែលទីផ្សារត្រូវការបន្លែអ្វីខ្លះ យើងត្រូវដឹងសិន មុនយើងរៀបផែនការដាំ។ 
 
អ៊ីសា រ៉ហានី៖ សម្រាប់លោក ហុង តើវិស័យនេះយើងសិក្សាដោយខ្លួនឯង ឬមានជំនាញខាងណា គាត់ចុះទៅបង្រៀនខ្លះដែរ?
 
ឈាវ ហុង៖ ចំណុចនេះល្អ។ សម្រាប់ខ្ញុំមានតាំងពីក្រសួង មន្ទីរកសិកម្ម ហើយនិងដៃគូក្នុងស្រុក ការិយាល័យស្រុក និងអង្គការដៃគូ គាត់បានផ្តល់ជាបច្ចេកទេស គួបផ្សំខ្ញុំអនុវត្តន៍ផ្ទាល់ផង។
 
អ៊ីសា រ៉ហានី៖ សម្រាប់លោក ហុង យល់ថា របរកសិកម្មនេះ តើកសិករខ្មែរយើងអាចជារបររីកចម្រើន មួយដែរ ដោយមិនចាំបាច់ចំណាកស្រុកទៅក្រៅឬយ៉ាងណា?


រូបនៅចម្ការ ហុងអេកូ
 
ឈាវ ហុង៖ ល្អទាក់ទងនឹងចំណុចនេះមួយ។ ប្រជាពលរដ្ឋកម្ពុជាយើងប្រសិនជាគាត់មានទស្សនៈមួយថា គាត់តាំងចិត្តហើយ លុះត្រាតែគាត់ផ្ដោតទៅលើកសិកម្ម ហើយកុំឱ្យគាត់ដើរលឿនពេក កុំឱ្យកាត់សម្លឹងមើលខ្ពស់ កុំសម្លឹងឃើញគេមាន ហើយក៏មិនបោះបង់មហិច្ចតាដែលយើងមានដែរ។ កសិកម្មសម្រាប់ពលរដ្ឋខ្មែរយើងគឺល្អ តែលុះត្រាតែអ្នកនោះតាំងចិត្តឱ្យច្បាស់លាស់ដែរ។ ខ្ញុំឧទាហរណ៍បើដាំស្លឹកគ្រៃមួយគុម្ព វាងាប់ហើយយើងរកមូលហេតុដែលវាងាប់ដោយសារអី ដួលពីកន្លែងស្លឹកគ្រៃ ត្រូវក្រោកពីកន្លែងស្លឹកគ្រៃ រកឱ្យឃើញពីចំណុចខ្សោយរបស់ស្លឹកគ្រៃ។ ធ្វើកសិកម្ម បើយើងតាំងចិត្តឱ្យមុះមុតឱ្យច្បាស់លាស់ មិនបាច់ចំណាកស្រុកទេ អ្នកដែលទៅធ្វើការក្នុងមួយខែ៥០០ ឬ១០០០ដុល្លារអី ប្រហែលទប់មិនជាប់ជាមួយកសិកម្មទេ។
 
អ៊ីសា រ៉ហានី៖ នៅក្នុងកសិដ្ឋានលោក ហុង សព្វថ្ងៃ ជាលក្ខណៈកសិដ្ឋានទំនើបទៅហើយ ដោយសារយើងមានដាំនៅក្នុងផ្ទះសំណាញ់ តើបច្ចុប្បន្ននេះលោកមានផ្ទះសំណាញ់ប៉ុន្មានដែរ? 
 
ឈាវ ហុង៖ បើនិយាយទៅ សព្វថ្ងៃយើងមានផ្ទះសំណាញ់ធំ៨។ បើយើងញែកផ្ទះស្បៃក្នុងទទឹង១០ បណ្ដោយ៤០អី វាស្មើនឹងជាង៤០ផ្ទៃស្បៃ។ ក្នុងនោះយើងដាំផ្សេងៗគ្នាទាំងអស់ ដូចពពួកប៉េងប៉ោះអី យើងអាចដាំស្បៃ ឬសាឡាត់ពីក្រោមប៉េងប៉ោះនោះបាន។ កុំឱ្យវាទៅតែមួយមុខតែវា ហើយមួយវដ្ដប៉េងប៉ោះ យើងអាចដាំបន្លែស្លឹក៣ដង។ 
 
សម្រាប់កសិករទាំងអស់ ទាំងខ្ញុំក៏ដោយ ប្រសិនបើមិនជោគជ័យ អត់មានចំណូល អត់អាចដើរដល់ចំណុចនេះបានទេ ដោយខ្ញុំមិនជំពាក់លុយធនាគារផង។ ចំណូលវាសមរម្យ គឺយើងមានបុគ្គលិកជាង១០នាក់ដែរ អាចចិញ្ចឹមគាត់រស់ក្នុងបុគ្គលិកម្នាក់មានប្រាក់ខែ ២០០ ទៅ២៥០ដុល្លារអីដែរ។
 
អ៊ីសា រ៉ហានី៖ អាចថាខ្ទង់ជាង២០ឆ្នាំមកហើយ ដែលលោក ហុង ប្រឡូកក្នុងវិស័យកសិកម្មនេះ ហើយក៏ទទួលបានភាពជោគជ័យមួយរូបដែរ តើទៅអនាគតលោកចង់ជួយពង្រីក និងអភិវឌ្ឍន៍វិស័យនេះ ក្នុងកម្រិតណាមួយដែរ?
 
ឈាវ ហុង៖ សម្រាប់ចំណុចនេះ ទាក់ទងនឹងការបង្កើតជាសហគមន៍ ព្រោះរាល់ថ្ងៃខ្ញុំក៏រស់នៅក្នុងសហគមន៍ដែរ។ នៅចម្ការខ្ញុំជាលក្ខណៈឯកជន ប៉ុន្តែខ្ញុំក៏ជាសមាជិកមួយនៅក្នុងសហគមន៍។ សម្រាប់កសិករទូទៅ ខ្ញុំចង់បញ្ជាក់ថា ធ្វើកសិកម្មមិនខ្សោយ មិនចោលម្សៀតទេ គ្រាន់តែយើងចាប់ចំណុច កសិកម្មឱ្យច្បាស់លាស់ កុំដាំតាសក់រាប់សិបហិកតា ហើយថាយើងធ្វើកសិកម្មជោគជ័យ គឺអត់ទេ ហើយបេះសុទ្ធតែ៥តោន ៦តោន ហើយថាយើងជោគជ័យ គឺអត់ទេណា ព្រោះមួយគីឡូ៣០០រៀល។ កសិកម្មដែលជោគជ័យ គឺការធ្វើប្រព័ន្ធកសិកម្មចម្រុះបានទៅរួច បើថាធ្វើតែមួយមុខ ប្រហែលមិនអាចទេ៕

Tag:
 កសិកម្ម
  កសិកម្មទំនើប
© រក្សាសិទ្ធិដោយ thmeythmey.com