ជាតិ
សង្គមជាតិ
លោក ស សុខា បញ្ជាឱ្យធ្វើបច្ចុប្បន្នភាពលើកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល
29, Mar 2024 , 5:30 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ភ្នំពេញ៖ លោក ស សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យអាជ្ញាធរ បន្តយកចិត្តទុកដាក់ត្រួតពិនិត្យ+លើ កាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីបង្ការការជួញដូរមនុស្ស។ 
 
ក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ បូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ កាលពីថ្ងៃទី២៧ មីនា លោក ស សុខា បានលើកឡើងថា នៅតាមKTV និងរង្គសាលខ្លះ បានបង្ខិតបង្ខំឱ្យស្ត្រីធ្វើការ ហើយអ្នកខ្លះ ត្រូវបានលក់ពីខេត្តមួយ ទៅខេត្តមួយ តាមរយៈមេការជាដើម។ ហេតុនេះ លោកបញ្ជាឱ្យសមត្ថកិច្ច ត្រួតពិនិត្យកន្លែងទាំងនោះ។ 
 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ពាក់ព័ន្ធនឹងកន្លែង កាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ថា៖ «ពេលខ្លះគាត់បើកខាងមុខ បៀរហ្គាដិន តែខាងក្រោយមានបន្ទប់! ហើយសូមឱ្យធ្វើបច្ចុប្បន្នភាព! ថាតើបន្ទប់ទាំងអស់នោះ ធ្វើឡើងដើម្បីអ្វី? បន្ទាប់ដើម្បីច្រៀង ឬធ្វើអ្វីលើសពីនេះ!? សូមឱ្យត្រួតពិនិត្យ»។ 
 
ជាមួយគ្នាដែរ លោក ស សុខា បញ្ជាឱ្យអាជ្ញាធរខេត្តនៅជាប់ព្រំដែន ដែលសម្បូរកាស៊ីណូ ត្រូវតែម៉ឺងម៉ាត់ចំពោះម្ចាស់កាស៊ីណូទាំងនោះ ដោយធ្វើកិច្ចសន្យាមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន បង្ខំតបង្ខំ និងជួញដូរមនុស្សឡើយ។ 
 
ការដាក់បញ្ជាបែបនេះ ក៏ដោយសារតែសមត្ថកិច្ចកម្ពុជា បានរកឃើញករណីលក់ស្ត្រីខ្មែរ វៀតណាម ថៃជាដើម ពីកន្លែងមួយទៅកន្លែងមួយទៀត កាលពីពេលថ្មីៗនេះ។ ហេតុនេះ លោក ស សុខា អំពាវនាវឱ្យនាំគ្នាបន្តទប់ស្កាត់បន្ថែមទៀត ពីករណីជួញដូរមនុស្ស និងគ្រឿងញៀន៕ 

© រក្សាសិទ្ធិដោយ thmeythmey.com