ជាតិ
វីដេអូ
មគ្គទេសក៍ យស់ សា ជំរុញឱ្យទេសចរជិះរទេះគោ-ក្របី កម្សាន្តលេងលើទឹកដីអង្គរ
30, Mar 2024 , 6:59 pm        
រូបភាព
សៀមរាប៖ រទេះគោ គឺជាយានជំនិះរបស់ពលរដ្ឋខ្មែរ ដែលប្រើប្រាស់សម្រាប់ធ្វើដំណើរ និងដឹកកសិផលកសិកម្មដូចជាស្រូវជាដើម។ បច្ចុប្បន្នរទេះគោ-ក្របី បានប្រែមកបម្រើសេវាកម្មជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិះកម្សាន្តនៅតាមភូមិ។ ក្នុងដំណើរទស្សនកិច្ចដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី១៦ មីនា លោក យស់ សា មគ្គទេសក៍ថ្នាក់ជាតិនៅខេត្តសៀមរាប បានបង្ហាញភាពរីករាយ នៅពេលទេសចរចង់ជិះរទេះគោ-ក្របី។


 
លោក យស់ សា ជាមគ្គទេសក៍ថ្នាក់ជាតិមួយរូបនៅខេត្តសៀមរាប។ នៅក្នុងដំណើរទស្សនកិច្ចដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី១៦ មីនា លោក យស់ សា បាននាំអ្នកសារព័ត៌មានទៅកាន់ភូមិព្រះដាក់ នាស្រុកបន្ទាយស្រី។ ក្រោយទស្សនាការផលិតធូបបុរាណ លោក យស់ សា និងក្រុមអ្នកសារព័ត៌មានចំនួន៣២ស្ថាប័ន បានធ្វើដំណើរទៅជិះរទេះគោ-ក្របី។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

ទេសចរណ៍រទេះគោ មានវត្តមាននៅឃុំព្រះដាក់ រយៈពេលជាង ១០ឆ្នាំមកហើយ ពោលតាំងពីមុនវិបត្តិកូវីដ-១៩។ ការកកើតទេសចរណ៍រទេះគោនេះ ដោយសារភ្ញៀវទេសចរជនជាតិស៊ុយអែតមួយក្រុម មានបំណងចង់ជិះរទេះគោ ពេលដែលពួកគេមកកម្សាន្តនៅស្រុកបន្ទាយស្រី។ 
 
បច្ចុប្បន្ន នៅឃុំព្រះដាក់ នៅតែមានសេវាកម្មជិះរទេះគោ-ក្របីដល់ភ្ញៀវទេសចរ។ «ក្នុងនាមខ្ញុំជាមគ្គទេសក៍ គឺខ្ញុំរំភើបណាស់ឱ្យតែបងប្អូនចង់ជិះរទេះគោ គឺប្រាប់តែម្ដង»។ នេះជាការបង្ហាញអារម្មណ៍របស់លោក យស់ សា មគ្គទេសក៍ថ្នាក់ជាតិនៅខេត្តសៀមរាប។


 
បើតាមលោក យស់ សា ពលរដ្ឋនៅឃុំព្រះដាក់ជាច្រើនគ្រួសារ បន្តរក្សាទុករទេះគោ-ក្របី សម្រាប់ដឹកសម្ភារ និងភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ទេសចរណ៍រទេះគោនៅឃុំព្រះដាក់ មិនទាន់ទទួលបានភ្ញៀវទេសចរច្រើនដូចមុនកូវីដ-១៩ឡើយ។ 
 
មគ្គទេសក៍ថ្នាក់ជាតិ បានឱ្យដឹងថា៖«មិនដូច៦ឆ្នាំមុនទេ ៦ឆ្នាំមុនគឺល្បីតែម្ដង។ កាលមុន សហគមន៍អាចរកចំណូលយ៉ាងតិចបំផុតមួយថ្ងៃ ពី៤០០ទៅ៥០០ដុល្លារដែរពីទេសចរណ៍រទេះគោនេះ»។ សូមបញ្ជាក់ថា ក្នុងមួយរទេះគោ-ក្របី មានតម្លៃ២០ដុល្លារ ដែលភ្ញៀវទេសចរភាគច្រើនជាជនបរទេស៕ 







Tag:
 រទេះគោក្របី
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com