ជាតិ
សង្គមជាតិ
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កៀរគរសមាជិកបានជាង៥ពាន់នាក់ក្នុងឆ្នាំ២០២៣
31, Mar 2024 , 2:59 pm        
រូបភាព
ភ្នំពេញ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានពង្រីកខ្លួនកាន់តែធំជាងមុន ដោយកៀរគរសមាជិកបានចំនួន៥០៨៤នាក់ នារយៈពេល១ឆ្នាំ ឆ្នាំ២០២៣។ សមាជិកនៃសមាគម IPA ជាអ្នកសារព័ត៌មានឯករាជ្យមកពីតំបន់នានា ដើម្បីផ្សព្វផ្សាយព័ត៌មានផ្សេងពីតំបន់ខ្លួន និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។


 
ក្នុងសន្និបាតសរុបលទ្ធផលការងារឆ្នាំ២០២៣ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នាព្រឹកថ្ងៃទី៣១ ខែមេសា លោក ទូច វណ្ណៈ ប្រធាន IPA បានបញ្ជាក់ថា រយៈពេលមួយឆ្នាំ២០២៣ សមាគមខ្លួនបានគៀរករសមាជិកបានជាង៥ពាន់នាក់ និងកិច្ចសហការជាមួយអង្គភាពសារព័ត៌មាន អង្គការ និងសមាគមដទៃទៀតជាង៩០ស្ថាប័នផងដែរ។ 
 
លោកបន្ថែមថា សមាជិកទាំងអស់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញសរសេរអត្ថបទព័ត៌មាន ការធ្វើអធិប្បាយព័ត៌មាន របៀបរាយការណ៍ព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីផ្ដល់ជាមូលដ្ឋានគ្រឹះ និងការពង្រឹងសមត្ថភាពសម្រាប់ការបំពេញការឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមនិយាយជារួម និងនិយាយដោយឡែក គឺការចូលរួមអភិវឌ្ឍន៍សហគមន៍នីមួយ។
 
លោក អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លើកឡើងថា វត្តមានរបស់យុវជនក្នុងវិស័យសារព័ត៌មាន ជាការចូលរួមដ៏សំខាន់មួយក្នុងដំណើរអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ ប្រធានក្រុមប្រឹក្សាភិបាល IPA រូបនេះ ចាត់ទុកថា វាជាការចូលរួមចំណែកបណ្តុះបណ្តាល និងពង្រឹងវិស័យព័ត៌មាន ដែលមានក្រមសីលធម៌ និងមានជំនាញច្បាស់លាស់ បន្ថែមគុណតម្លៃនៃសារព័ត៌មានសម្រាប់មនុស្សទូទៅ និងសង្គមជាតិ៕
 

Tag:
 សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com