ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ណែនាំមន្រ្តីច្រកព្រំដែនឱ្យសម្រួលការធ្វើដំណើររបស់ពលករខ្មែរ
31, Mar 2024 , 6:59 pm        
រូបភាព
អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ដែលរដ្ឋាភិបាលសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១ មីនា ២០២២ (រូបពីក្រសួងទេសចរណ៍)
អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ដែលរដ្ឋាភិបាលសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១ មីនា ២០២២ (រូបពីក្រសួងទេសចរណ៍)
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំមន្រ្តីតាមច្រកព្រំដែនកម្ពុជា-ថៃ ឱ្យត្រៀមកម្លាំងឱ្យបានត្រឹមត្រូវ ដើម្បីសម្របសម្រួលការធ្វើដំណើរចូលមកប្រទេសរបស់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំ និងពេលពួកគេវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃវិញ។ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី៣០ ខែមីនា របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

 
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសារក្នុងអំឡុងពេលចូលឆ្នាំនេះ ភាគីថៃ បានសម្រេចលើកលែងតម្លៃទិដ្ឋាការដល់ពលករខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយអាជ្ញាធរថៃនឹងធ្វើលិខិតថ្មីមួយ ដើម្បីសម្គាល់ និងគ្រប់គ្រងដំណើរចេញចូលប្រទេសរបស់ពលករខ្មែរ ក្នុងរយៈពេលនេះដែរ។
 
ដើម្បីពន្លឿនដំណើរចេញ-ចូល របស់ពលករខ្មែរអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏សម្រេចមិនតម្រូវឱ្យបោះត្រាចេញ-ចូលលើលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរនោះឡើយ តែមន្រ្តីព្រំដែនកម្ពុជា ត្រូវកត់ត្រាការចេញចូលរបស់ពលករ ទៅក្នុងប្រព័ន្ធអន្តោប្រវេសន៍ សម្រាប់ភាពងាយស្រួលក្នុងការងារស្រាវជ្រាវ និងកិច្ចការជំនាញផ្សេងៗ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានបន្តប្រាប់មន្ត្រីតាមច្រកព្រំដែន ឱ្យយកចិត្តទុកដាក់ សម្របសម្រួល និងសហការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅ បរិវេណប៉ុស្តិ៍ច្រកទ្វារ ចូល-ចេញ ប្រទេសឱ្យបានល្អ សំដៅបញ្ចៀសការកកស្ទះ បញ្ហាសុខភាពរបស់ពលករ និង អ្នកដំណើរទូទៅ។
 
ក្រៅពីណែនាំមន្ត្រីច្រកព្រំដែន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ណែនាំទៅនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិដែលនៅជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ឱ្យរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឱ្យដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជាក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន៕
 

Tag:
 ពលករខ្មែរ
 ច្រកព្រំដែនកម្ពុជា-ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com