ជាតិ
វីដេអូ
អ្នកត្បាញស្មុគ អ្នកស្រី តែម រែម ចង់ឱ្យរបស់ខ្មែរមានតម្លៃខ្ពស់
01, Apr 2024 , 7:59 am        
រូបភាព
សៀមរាប៖ ស្មុគ ជាប្រអប់ ដែលត្បាញពីស្លឹកត្នោត។ នៅពេលភ្ញៀវទេសចរ ធ្វើដំណើរទៅឃុំព្រះដាក់ នឹងឃើញប្រអប់ស្មុគជាច្រើន ត្រូវបានយកមកដាក់នំអាកោត្នោត ឬចំណីអាហារផ្សេងៗ។ អ្នកស្រី តែម រែម អ្នកត្បាញស្មុគនៅឃុំព្រះដាក់ ចង់ឱ្យរបស់ខ្មែរដែលបន្សល់ទុកពីដូនតាមានតម្លៃខ្ពស់ និងសុំឈ្មួញ ឬអ្នកទិញកុំសូវតថ្លៃ។


 
រស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប អ្នកស្រី តែម រែម បានប្រកបរបរត្បាញស្មុគ បន្ទាប់ពីធ្វើស្រែចម្ការ។ អ្នកស្រី តែម រែម ចេះត្បាញស្មុគតពីចាស់ៗក្នុងភូមិ។ អ្នកត្បាញស្មុគរូបនេះ បានបន្តត្បាញស្មុគ ព្រោះមិនចង់ឃើញសម្ភារ និងរបរពីដូនតាមួយនេះបាត់បង់។
 
មុននឹងយកស្លឹកត្នោតមកត្បាញជាស្មុគ គេត្រូវទៅកាប់ស្លឹកត្នោត រួចច្រាសស្លឹក ដើម្បីយកទៅដាក់ហាលថ្ងៃ។ បន្ទាប់ពីហាលឱ្យស្ងួត គេបន្តយកវាទៅឆូតចេញជាបន្ទះវែងៗ រួចយកទៅត្បាញ។ បើតាមអ្នកស្រី តែម រែម ការធ្វើស្មុគនេះ មានផលលំបាក ជាពិសេសប្រឈមនឹងមុតដៃជាប្រចាំ។ 
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយអ្នកស្រី តែម រែម អ្នកត្បាញស្មុគត្នោតនៅឃុំព្រះដាក់ដូចតទៅ៖

 

ស្មុគដែលស្រ្តីវ័យ៦៦ឆ្នាំរូបនេះ ត្បាញអាចលក់ចេញពីតម្លៃ ៥០០ទៅ១០០០រៀល សម្រាប់បោះឱ្យឈ្មួញមកទិញដល់ផ្ទះ។ អ្នកស្រី តែម រែម បរិយាយទាំងសម្ដីរដឺនយ៉ាងដូច្នេះ៖«មួយថ្ងៃចាក់ស្មុគបានលុយតែ១ម៉ឺនទេ ចាក់មិនងាយបានទេ។ ឈឺចង្កេះ ឈឺខ្នង។ ចាក់បានមួយ ១០០០រៀល ចាក់បានដប់ ឈឺខ្នងអស់ហើយ»។ 
 
បើទោះបច្ចុប្បន្នមានវ័យចំណាស់ក្ដី តែអ្នកស្រី តែម រែម មិនបញ្ឈប់របរប្រពៃណីដូនតាមួយនេះឡើយ។ ជាមួយគ្នានេះ ទោះបានកម្រៃតិចតួចក៏ឡើយ របរនេះ ក៏ជួយសម្រួលជីវភាពអ្នកស្រីមួយផ្នែកផងដែរ។ «គេកម៉្មង់ស្មុគដាក់បាយ ដាក់ចេកឆាប ឱ្យតែមានម៉ូយកម៉្មង់ខ្ញុំធ្វើឱ្យគេ។ ប៉ះម៉ូយណាទៅ គេតថ្លៃទៀត»។ នេះជាការរៀបរាប់របស់អ្នកស្រី តែម រែម ដោយបន្តថា ការចំណាយពេលធ្វើស្មុគនេះ មិនសមនឹងតម្លៃឡើយ។ 
 
ដើមឡើយ អ្នកស្រី តែម រែម មិនដែលទិញស្លឹកត្នោតពីគេនោះទេ ប៉ុន្តែដោយសារស្វាមីមានវ័យចំណាស់ឡើងដើមត្នោតលែងបាន ក៏បង្ខំចិត្តអ្នកស្រីទិញស្លឹកត្នោតពីគេយកមកត្បាញ។ ទន្ទឹមនឹងនេះ អ្នកស្រី តែម រែម មិនចង់ឃើញឈ្មួញកណ្ដាលតថ្លៃរបស់ខ្មែរ ជាពិសេសឱ្យតម្លៃស្មុគក្នុងតម្លៃទាប។ អ្នកត្បាញរូបនេះ បន្តថា៖«ចង់ឱ្យបង្កើនរបស់ខ្មែរយើងឱ្យបានថ្លៃគួរសម ឱ្យបានមួយ ២០០០ ឬ៣០០០រៀល»។ 
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៧ខែ មីនា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដោយមានស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរទៅកាន់ឧទ្យានកម្សាន្ត Angkor WildLife and Aquarium, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្គរ, ការជិះកន្ត្រកវិល ដែលខ្ពស់ជាងគេនៅខេត្តសៀមរាប, ជិះរថយន្ត Jeepទស្សនាភូមិព្រះដាក់ និងតំបន់ទេសចរណ៍កំពង់ភ្លុកជាដើម៕
 

Tag:
 របរប្រពៃណី
  ស្មុគ
  សៀមរាប
  ព្រះដាក់
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com