ជាតិ
អ្នករត់កង់បី នៅភ្នំក្រោម មិនសូវកាក់កបឡើយ នារដូវនេះ
01, Apr 2024 , 9:19 am        
រូបភាព
លោក ណែប ប៊ុនធី អ្នករត់កង់បីនៅចុងឃ្នៀស ពេលផ្តល់បទសម្ភាសដល់សារព័ត៌មានឌីជីថលថ្មីៗ។
លោក ណែប ប៊ុនធី អ្នករត់កង់បីនៅចុងឃ្នៀស ពេលផ្តល់បទសម្ភាសដល់សារព័ត៌មានឌីជីថលថ្មីៗ។
សៀមរាប៖ ក្នុងតំបន់អ៊ូអរជាប់មាត់បឹងទន្លេសាប នៃខេត្តសៀមរាប នោះគឺតំបន់ចុងឃ្នៀស ភ្នំក្រោម។ នៅមាត់កំពង់ទឹក អ្នករត់កង់បីច្រើនគ្រឿងកំពុងចតរ៉ឺម៉កក្បែរៗគ្នា ដើម្បីរង់ចាំដឹកភ្ញៀវ។ រដូវនេះ អ្នករត់កង់បីមិនសូវកាក់កបប៉ុន្មានទេ ព្រោះមិនមានអ្នកទន្លេឡើងមកគោកច្រើន។

 
ក្រោមកម្ដៅថ្ងៃនាម៉ោង១០ព្រឹកនៅរដូវប្រាំងនាចុងខែមីនា  ក្រុមអ្នករត់កង់បីប្រចាំតំបន់ចុងឃ្នៀសមាត់កំពង់ទន្លេសាប កំពុងទន្ទឹងរង់ចាំដឹកភ្ញៀវដោយចិត្តអន្ទះសា។ អ្នករត់កង់បីទាំងនោះបានឱ្យដឹងថា នារដូវនេះ ពលរដ្ឋដែលនៅតំបន់ខាងក្រោម មិនសូវឡើងមកគោកប៉ែកខាងសៀមរាបនេះច្រើនទេ។ 
 
អ្នករត់កង់បីនៅតំបន់ចុងឃ្នៀសភ្នំក្រោម លោក ណែប ប៊ុនធី ប្រាប់ថា ភ្ញៀវដែលឡើងមកកំពង់នេះ ភាគច្រើនមកតំបន់ពាក់កន្ទេល ក្បាលតោ និងព្រែកទាល់។ ពួកគេច្រើនឡើងទៅទិញសម្ភារនេសាទ សាច់មង ខោអាវ និងរបស់របរប្រើប្រាស់ផ្សេងៗ។ លោក ប៊ុនធី បន្តថា អ្នកនេសាទទាំងនោះច្រើនមក ជាលក្ខណៈគ្រួសារ ហើយដឹកសម្ភារជាច្រើនចេញទៅវិញ ក្នុងនោះក៏មានអ្នកលក់ឥវ៉ាន់ចាប់ហ៊ួយផងដែរ។ 


 
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ពុំមានមានអ្នកនេសាទឡើងមកគោកខាងសៀមរាបច្រើន ដូចពេលមុនៗទេ មូលហេតុក៏ដោយសារពួកគេរកមិនសូវបាន ហើយការចាយវាយផ្សេងៗ ក៏តាមនោះដែរ។ នេះជាការកត់សម្គាល់របស់លោក ប៊ុនធី ដោយបន្តថា៖« អ្នករត់រ៉ឺម៉កសង្ឃឹមអ្នកទន្លេរកបាន អ្នកខាងលើក៏រកបានដែរ តែបើពួកគាត់រកមិនសូវបាន យើងអ្នករត់រ៉ឺម៉កនេះក៏មិនសូវបានដែរ»។
 
ថ្ងៃខ្លះបុរសរត់កង់រូបនេះ ពុំមានភ្ញៀវដឹកក៏មានដែរ។ លោក ប៊ុនធី ប្រាប់ថា ជួនកាល២ថ្ងៃទៅ៥ថ្ងៃ ទើបមានភ្ញៀវដឹកបានមួយជើង ហើយពួកគេច្រើនទៅផ្សារ ដែលក្នុងមួយជើងទៅមក បានថ្លៃឈ្នួលពី៤ទៅ៥ម៉ឺន ឬ៧ទៅ៨ម៉ឺនរៀល ប្រសិនពួកគេទៅរៀងយូរ។
 
ចំណែកលោក ស៊ុន ពៅ កំពុងគេងលើរ៉ឺម៉កនិងលេងទូរសព្ទបណ្ដើរ ក៏រអ៊ូពុំសូវមានភ្ញៀវដឹកដែរ។ លោកថា រដូវនេះអ្នកទន្លេរៀងស្ងាត់បន្ដិច ពួកគេរកមិនសូវបាន ព្រោះការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ច្រើន។ លោកបន្តថា កំណើនកង់បីក៏មានច្រើន ដែលបច្ចុប្បន្នចូលខ្ទង់៧០គ្រឿង ដូច្នេះមានភាពលំបាកបន្ដិចក្នុងការចែកគ្នាដឹក ស្របពេលដែលភ្ញៀវមិនសូវមានច្រើន៕



Tag:
 រ៉ឺម៉កកង់បី
  ភ្នំក្រោម
  ចុងឃ្នៀស
© រក្សាសិទ្ធិដោយ thmeythmey.com