ជាតិ
ព័ត៍មានសុខភាព
សុខភាព
កាត់​បន្ថយ​ខ្លះទៅ​បើ​ស្រលាញ់​ជីវិត ! ផឹកស្រា​បៀរ​ច្រើន​ជ្រុល​នឹង​មាន​បញ្ហា​ស្មាន​មិន​ដល់
02, Apr 2024 , 6:59 am        
រូបភាព
នៅ​ពេល​បច្ចុប្បន្ន​នេះ ស្រា​បៀរ​បាន​ក្លាយជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ចំណោម​គ្រឿង​ស្រវឹង​ទាំងអស់​។ គ្នា​យើង​ភាគច្រើន​ចូល​ចិត្ត​ផឹកស្រា​បៀរ ក្រោយ​ពេល​សម្រាក​ពី​ការងារ​ដ៏​ហត់នឿយ​ពេញ​មួយ​ថ្ងៃ ក៏​ដូច​ជា​ដើម្បី​បំបាត់​ស្ត្រេ​ស​ជាដើម​។ ដោយសារ​តែ​ស្រា​បៀរ​មាន​ជាតិ​អាកុល​ត្រឹមតែ​៥ ទៅ​១២% វា​ត្រូវ​បាន​ចាត់​ទុក​ថា​ពុំ​សូវ​មាន​គ្រោះថ្នាក់​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​គ្រឿង​ស្រវឹង​ដទៃ​ទៀត​។

 
ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ស្រា​បៀរ​អាច​ជួយ​ឲ្យ​យើង​មាន​អាយុ​វែង កាត់​បន្ថយ​ការ​ឈឺចាប់ និង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ថែម​ទៀត​ផង​។ ប៉ុន្តែ ប្រសិនបើ​យើង​ផឹកស្រា​បៀរ​ក្នុង​បរិមាណ​ច្រើន​ជ្រុល និង​ជា​ទៀងទាត់​ទៀត​នោះ វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ទៅ​វិញ​។
 
១. ដុះ​ក្បាលពោះ

ថ្វី​ត្បិត​តែ​ស្រា​បៀរ​មាន​ជាតិ​អាល់កុល​ទាប ប៉ុន្តែ​វា​មាន​កាឡូរី​ខ្ពស់ ហើយ​កាឡូរី​ទាំងនេះ គឺ​មាន​ភាព​ខុស​គ្នា​ពី​កាឡូរី​ដែល​មាននៅ​ក្នុង​អាហារ​។ ជាក់ស្ដែង កាឡូរី​ប្រភេទ​នេះ នៅ​នឹង​ថ្កល់​ត្រង់​ផ្នែក​កណ្ដាល​នៃ​រាង​កាយ ដែល​ធ្វើ​ឲ្យ​យើង​ដុះ​ក្បាលពោះ​។ យើង​ប្រហែលជា​បានដឹង​ហើយ​ថា ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ពោះ គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​វា​ក៏​ពិបាក​ក្នុង​ការ​សម្រក​ផង​ដែរ​។
 
២. បញ្ហា​បេះដូង

តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​ថា ការ​ផឹកស្រា​បៀរ គឺ​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​បេះដូង ប៉ុន្តែ​ប្រសិនបើ​យើង​ផឹកស្រា​បៀរ​ច្រើន​ហួសប្រមាណ វា​អាច​បំផ្លាញ​សាច់ដុំ​បេះដូង បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​ខួរក្បាល សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​បញ្ហា​កន្ត្រាក់​ថត​បេះដូង​លើ​ញាប់ ថែម​ទៀត​ផង​។ យ៉ាងណាមិញ ហានិភ័យ​នឹង​កាន់តែ​ខ្ពស់​ទ្វេ​ដង ចំពោះ​អ្នក​ចូល​ចិត្ត​ផឹក​ច្រើន​ជ្រុល​ជា​រៀង​រាល់​ស​ប្ដា​ហ៍ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ផឹក​ជា​ទៀងទាត់​ប្រចាំ​ថ្ងៃ ដែល​កត្តា​នេះ​កើតឡើង​ដោយសារ​តែ​ការ​ប្រែប្រួល​សម្ពាធ​ឈាម​ភ្លាម​ៗ​។
 
៣. បញ្ហា​តម្រងនោម

ការ​ផឹកស្រា​ពីរ​កែវ​សម្រាប់​បុរស និង​មួយ​កែវ​សម្រាប់​នារី ត្រូវ​បាន​ចាត់​ទុក​ថា​នៅ​ក្នុង​កម្រិត​មួយ​សម​ល្មម ហើយ​ប្រសិនបើ​យើង​ផឹក​លើស​នេះ វា​អាច​បង្ក​ជា​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុខភាព​របស់​យើង​ទៅ​វិញ​។ ការ​ផឹកស្រា​បៀរ​ដែល​មាន​ជាតិ​អាល់កុល​ខ្ពស់ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​តម្រងនោម​ផ្សេង​ៗ ដូច​ជា​ក្រួស​ក្នុង​តម្រងនោម ឬ​ខ្សោយតម្រងនោម​ជាដើម​។
 
៤. កង្វះ​វីតាមីន

ប្រសិនបើ​យើង​ចូល​ចិត្ត​ផឹកស្រា​បៀរ​ជា​ប្រចាំ​នោះ រាង​កាយ​របស់​យើង​នឹង​ត្រូវការ​វីតាមីន ក៏​ដូច​ជា​សារធាតុ​រ៉ែ​មួយ​ចំនួន​កាន់តែ​ច្រើន​ឡើង​។ ប៉ុន្តែ នៅ​ក្នុង​ករណី​ដែល​យើង​មិន​អាច​បំពេញតម្រូវការ​នៃ​រាង​កាយ​បាន​ទេ​នោះ បញ្ហា​សុខភាព​ជា​ច្រើន​នឹង​កើតឡើង​។ ដើម្បី​ធ្វើ​មេតា​ប៉ូ​លី​ស​ជាតិ​អាល់កុល​ទាំងនោះ រាង​កាយ​ត្រូវការ​សារជាតិ​បំប៉ន​បន្ថែម ដូច​ជា​វីតាមីន​B​។ ជា​លទ្ធផល​នៃ​ស្រូប​យក​សារជាតិ​បំប៉ន​ដើម្បី​បំពេញតម្រូវការ​លើស​កម្រិត រាង​កាយ​របស់​យើង​នឹង​ខ្វះ​វីតាមីន ហើយ​ថែម​ទាំង​ប៉ះពាល់​ដល់​មុខងារ​ផ្នែក​ខាងក្នុង​របស់​យើង​ថែម​ទៀត​ផង​។
 
៥. ប៉ះពាល់​ដល់​ការ​គេង

យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​ផឹកស្រា​បៀរ​ពិតជា​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​គេង​លក់​ពិតមែន ប៉ុន្តែ​វា​មិន​មាន​រយៈពេល​យូរ​ឡើយ​។ ចលនា​ភ្នែក​ញាប់​ពេល​ដែល​យើង​គេង ដែល​ជា​ដំណាក់កាល​នៃ​ការ​គេង​លក់​ស្កប់ស្កល់ កើតឡើង​រយៈពេល​ប្រហែល​៩០​នាទី បន្ទាប់​ពី​យើង​គេង​លក់ ដែល​កត្តា​នេះ នឹង​ធ្វើ​ឲ្យ​យើង​ងងុយគេង​នៅ​ពេល​ថ្ងៃ ខ្វះ​ការ​ផ្ដោតអារម្មណ៍ និង​អស់កម្លាំង​ជាដើម ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com