កីឡាជាតិ
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ការប្រកួតអុកចត្រង្គ នឹងបង្ហាញវត្តមាននៅ «សង្ក្រាន្តព្រៃវែង»
02, Apr 2024 , 11:09 am        
រូបភាព
អុកចត្រង្គអង្គរសង្ក្រាន្ដឆ្នាំ២០២៣
អុកចត្រង្គអង្គរសង្ក្រាន្ដឆ្នាំ២០២៣
រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំការប្រកួតកីឡា«អុកចត្រង្គសង្ក្រាន្ដព្រៃវែង» ចាប់ពីថ្ងៃទី៨-១៣ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីអប់រំ យុវជន និងកីឡាខេត្ត។



យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ការប្រកួត វគ្គជម្រុះ ធ្វើចាប់ពីថ្ងៃទី៨-១០ ខែមេសា នៅមន្ទីរអប់រំ ។ ចំណែក វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើនៅថ្ងៃទី១៣ ខែមេសា។ ចំពោះទីតាំងវគ្គផ្ដាច់ព្រ័ត្រ គណៈកម្មការរៀបចំ មិនទាន់កំណត់នៅឡើយទេ។
 
ការប្រកួតនេះ មានលក្ខណៈដណ្ដើមជយលាភី និងចំណាត់ថ្នាក់ធម្មតា ដោយមិនមែនជាការប្រកួតដណ្ដើមពានស្ដេចអុកចត្រង្គ ដូចអង្គសង្ក្រាន្តឡើយ។ សម្រាប់ការប្រកួតនេះទៀតសោត បានតម្រូវឱ្យបេក្ខភាពចូលរួមប្រកួត គឺជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងផ្ទាល់តែម្ដង។ ប៉ុន្តែលក្ខណៈបច្ចេកទេសក្នុងការប្រកួតវិញ គឺអនុវត្តតាមស្តង់ដារបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។

អុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០២៣
 
គួរជម្រាបថា នៅឆ្នាំនេះ មិនមានការប្រកួតដណ្តើមពានស្ដេចអុកចត្រង្គកអង្គរសង្ក្រាន្ដឡើយ។ ពានស្ដេចអុកចត្រង្គ ត្រូវបានធ្វើ៦លើក នៅទឹកដីសៀមរាប។ ៦លើកនោះ កីឡាករ ឈាវ បូរ៉ា ឈ្នះជាស្ដេចអុកអង្គរសង្ក្រាន្ដ ២ឆ្នាំជាប់គ្នា (ឆ្នាំ២០១៤-២០១៥), កីឡាករ ហូយ សូណា ឈ្នះជាស្ដេចអុក ១លើក (ឆ្នាំ២០១៦) និងកីឡាករ ហេង សៅឌី ឈ្នះ ១លើក (ឆ្នាំ២០១៧)។ ចំណែកកីឡាករ សុខ លឹមហេង ឈ្នះជាស្ដេចអុកអង្គរសង្ក្រាន្ដ ២លើក គឺឆ្នាំ២០១៨ និងឆ្នាំ២០២៣។ ដោយឡែកក្នុងឆ្នាំ២០១៩-២០២២ កីឡាប្រពៃណីនេះ មិនត្រូវបានរៀបចំក្នុងពិធីចូលឆ្នាំខ្មែរទេ ដោយសារវិបត្តិកូវីដ-១៩៕
 

Tag:
 អុកចត្រង្គ
  សង្ក្រាន្ដ
© រក្សាសិទ្ធិដោយ thmeythmey.com