កីឡាអន្តរជាតិ
អន្តរជាតិ
Schooling ម្ចាស់មេដាយមាសអូឡាំពិកក្រុងរីយ៉ូ ប្រកាសចូលនិវត្តន៍ពីកីឡាហែលទឹក ត្រឹមវ័យ២៨ឆ្នាំ
02, Apr 2024 , 2:01 pm        
រូបភាព
កំពូតារាកីឡាហែលទឹកសិង្ហបុរី និងម្ចាស់មេដាយមាសអូឡាំពិក Joseph Schooling នៅថ្ងៃទី២ ខែមេសា បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករហែលទឹក ត្រឹមវ័យ ២៨ឆ្នាំ។ Schooling ថាការចូលនិវត្តន៍ ដោយទុកឱកាសឱ្យក្មេងជំនាន់ក្រោយ និងផ្តោលើគម្រោងបើកសាលាបង្វាត់ហែលទឹករបស់ខ្លួន។

 
«ដល់ពេលដែលមនុស្សគ្រប់គ្នាត្រូវតែបើកទំព័រថ្មី បង្វែរជំពូកថ្មី។ នេះជាពេលវេលាដែលខ្ញុំត្រូវតែធ្វើដូច្នេះ នេះជាការចូលនិវត្តន៍ផ្លូវការរបស់ខ្ញុំ។»។ Joseph Schooling ម្ចាស់មេដាយមាសអូឡាំពិក ក្រុងរីយ៉ូ ឆ្នាំ២០១៦ បាននិយាយនៅក្នុងកិច្ចសម្ភាស ជាមួយសារព័ត៌មាន China News Asia (CNA)។
 
Schooling បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ប្រទេសសិង្ហបុរី ដោយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងរីយ៉ូ រូបគេបានឈ្នះមេដាយមាស លើវិញ្ញាសាហែលទឹកក្បាច់មេអំបៅចម្ងាយ ១០០ម៉ែត្រ ដោយបានបំបាក់កីឡាករល្បីលំដាប់ពិភពលោក Michael Phelp ដែលជានិមិត្តរូបរបស់ គេផ្ទាល់។
 
មិនត្រឹមតែប៉ុណ្ណោះ ​Schooling ក៏ជាកីឡាករហែលទឹក រក្សាកំណត់ត្រាថ្នាក់ជាតិចំនួន ៨កំណត់ត្រាផងដែរ ដោយ កំណត់ត្រាចំនួន ៦ ធ្វើបានក្នុងវិញ្ញាសាឯកត្តជន និង ២កំណត់ត្រាផ្សេងទៀត លើវិញ្ញាសាបណ្តាក់។
 
តារាហែលទឹកវ័យ ២៨ឆ្នាំ ដែលធ្លាប់ឈ្នះមេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមផង បានលើកហេតុផលការពារពីការចូលនិវត្តន៍របស់គេថា កន្លងមកគេក៏ធ្លាប់បានចង់ប្រកាសចាកចេញ ដោយចង់ផ្តោតទៅលើគម្រោងសាលាបង្ហាត់ហែលទឹកច្រើនជាងការប្រកួត។ Schooling ធ្លាប់រងការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋសិង្ហបុរី ដោយសាររូបគេធ្លាក់វគ្គជម្រុះ ទៅកាន់អូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២១។ រូបគេក៏មានពាក់ព័ន្ធក្តីក្តាំប្រើប្រាស់សារធាតុហាមឃាត់ផងដែរ។ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា Schooling បានប្រកាសដកខ្លួនចូលរួមផងដែរ។
  


ម្ចាស់មេដាយមាសដដែលបានលើកឡើងដូច្នេះ៖«ខ្ញុំពិតជាបានធ្វើអ្វីផ្សេងក្រៅពីនេះពិតមែន ខ្ញុំហាក់មិនសូវជាចូលចិត្តធ្វើអ្វីដែលខ្ញុំតែងបានក្រោកឡើងកាលពីខ្ញុំអាយុ ៤ឆ្នាំទៀតឡើយ។ ខ្ញុំនៅតែក្រឡេកមើលលទ្ធភាពការប្រកួតនៅទីក្រុងប៉ារីស ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំនឹងបញ្ចប់នៅពេលខ្ញុំអាយុ ២៩ឆ្នាំ។ ប៉ុន្តែអ្វីៗក៏អាចនឹងផ្លាស់ប្តូរ ខ្ញុំជឿជាក់ថាការផ្លាស់ប្តូរនោះនឹងក្លាយជារឿងល្អ។»។
 
កាលពីនៅវ័យកុមារ Schooling ធ្លាប់មានក្តីស្រម៉ៃចង់ចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិក ដោយកាលនោះរូបគេត្រូវបានជំរុញទឹកចិត្ត ដោយជីតារបស់គេលោក Lloyd Oscar Valberg អតីតកីឡាករលោតកម្ពស់ ធ្លាប់បង្ហាញខ្លួនសម្រាប់សិង្ហបុរី ក្នុងអូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ ១៩៤៨។
 
​នៅវ័យ ១៤ឆ្នាំ Schooling ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅរស់នៅអាម៉េរិក​ ដើម្បីហ្វឹកហាត់ និងស្វែងរកជំនាញ ក៏ដូចជាក្តីស្រលាញ់ទៅលើវិស័យកីឡា។
 
ចូលរួមព្រឹត្តិការណ៍ SEA Games ក្នុងឆ្នាំ ២០១១ និង ២០១៣ ជាមួយការឈ្នះមេដាយមាស ហើយឈានចូលឆ្នាំ ២០១៤ តារាហែលទឹកវ័យ ២៨ឆ្នាំ បានក្លាយជាកីឡាករសញ្ជាតិសិង្ហបុរីលើកដំបូង ដែលឈ្នះមេដាយប្រាក់ លើវិញ្ញាសា ហែលក្បាច់មេអំបៅ ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡា Commonwealth។
 
ឆ្នាំ ២០១៤ Schooling បន្តធ្វើបានល្អដោយឈ្នះមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡា Asian Games ក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងកំណត់ត្រាពេលវេលាតិចជាងគេបំផុត​។​ លើសពីនេះ បុរសវ័យ ២៨ឆ្នាំ ដដែល ក៏បានក្លាយជាកីឡាករសិង្ហបុរី ដំបូងដែលឈ្នះមេដាយមាស Asian Games ក្នុងរយៈពេលជាង ២ ទសវត្សរ៍។
 
ព្រឹត្តិការណ៍ SEA Games ឆ្នាំ ២០១៥​ Schooling ឈ្នះមេដាយមាសចំនួន ៩ មុនពេលបង្កើតប្រវតិ្តសាស្ត្រដ៏ធំថែមទៀត ដោយក្លាយជាកីឡាករហែលទឹកសិង្ហបុរី ដំបូងគេ​ ដែលឈ្នះមេដាយសំរិទ្ធិ ក្នុងកីឡាហែលទឹកនៅព្រឹត្តិការណ៍ Swimming World Championship។ នៅឆ្នាំ ២០១៦ គឺជាឆ្នាំ ដែល School សម្រេចចិត្តបានសមិទ្ធិផលដ៏ធំប្រចាំជីវិត នោះគឺការឈ្នះមេដាយមាសអូឡាំពិក សម្រាប់ប្រទេសសិង្ហបុរី៕

Tag:
 Joseph Schooling
  ហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com