ជាតិ
ព័ត៍មានសុខភាព
សុខភាព
តាម​ពិត​បែប​នេះ ​បានជា​ជំងឺ​ស្លេកស្លាំង កើត​លើ​អ្នកជំងឺ​ទឹកនោមផ្អែម
02, Apr 2024 , 10:59 pm        
រូបភាព
ចំពោះ​ទឹកនោមផ្អែម​ប្រភេទ​មួយ គេ​មិន​អាច​កំណត់​បាន​កត្ដា​ហានិភ័យ​របស់​វា​អោយ​បាន​ច្បាស់លាស់​ទេ​។ ប៉ុន្ដែ​វា​ប្រហែលជា​មាន​ទាក់ទង​កត្ដា​តំណពូជ កត្ដាបរិស្ថាន ដែល​អាច​បណ្ដាល​អោយ​កើត​ជំងឺ​នេះ​។ បើសិនជា​មាន​នរណា​ម្នាក់​ក្នុង​គ្រួសារ​កើត​ទឹកនោមផ្អែម​នេះ ឱកាស​កើត​ជំងឺ​នេះ​អាច​នឹង​កើនឡើង​។

 
ប្រសិនបើ​គ្នា​យើង​មាន​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​ត្រូវ​ពិនិត្យ​ឈាម​ឲ្យ​បាន​ទៀងទាត់​ដើម្បី​រក​មើល​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ដែរ​។
វា​ជា​រឿង​ទូទៅ​មួយ​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ដែល​តែងតែ​ជួប​បញ្ហា​ឈាម​។ បើ​យើង​បាន​រក​ឃើញ​ជំងឺ​ស្លេកស្លាំង​បាន​ទាន់​ពេល យើង​អាច​គ្រប់គ្រង​មូលហេតុ​បង្ក​របស់​វា​បាន​។
 
១. អ្នកជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ស្លេកស្លាំង

ជា​ធម្មតា បញ្ហា​ស្លេកស្លាំង​នេះ​អាច​កើត​មានបាន ដោយសារ​តែ​យើង​មិន​មាន​កោសិកា​ឈាមក្រហម​គ្រប់គ្រាន់​។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​ទឹកនោមផ្អែម ជួប​ផលវិបាក​មួយ​ចំនួន​ដូច​ជា ខូច​ភ្នែក និង​ប្រព័ន្ធ​ប្រសាទ​។ ក្រៅពី​នេះ បញ្ហា​ជំងឺ​ស្លេកស្លាំង​ក៏​នាំ​ឲ្យ​មាន​ផល​កាន់តែ​អាក្រក់​ដល់​តម្រងនោម បេះដូង ជំងឺ​សរសៃ​អាក់ទែ ដែល​សុទ្ធតែ​ជា​ជំងឺ​ឧស្សាហ៍​កើត​មាន​លើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​។
 
ជំងឺ​ទឹកនោមផ្អែម​តែង​ធ្វើ​ឲ្យ​ខូច​តម្រងនោម ហើយ​ការ​ខ្សោយតម្រងនោម​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ស្លេកស្លាំង​។ តម្រងនោម​មាន​សុខភាព​ល្អ នៅ​ពេល​រាង​កាយ​ទទួល​បាន​កោសិកា​ឈាមក្រហម​ថ្មី​ៗ​។ តម្រងនោម​បញ្ចេញ​អ័រម៉ូន erythropoietin (EPO) ដែល​ជា​សញ្ញា​ទៅ​កាន់​ខួរឆ្អឹង​ឲ្យ​បញ្ចេញ​កោសិកា​ឈាមក្រហម​កាន់តែ​ច្រើន​។ តម្រងនោម​ខូច មិន​អាច​ផ្ដល់​សញ្ញា​EPO គ្រប់គ្រាន់ ដើម្បី​បាន​កោសិកា​ឈាមក្រហម​នោះ​ទេ​។
 
ជា​ធម្មតា មនុស្ស​យើង​មិនសូវ​បានដឹង​ថា​ខ្លួន​មាន​ជំងឺ​តម្រងនោម​នោះ​ទេ រហូត​ទាល់តែ​មាន​បញ្ហា​នៅ​ពេល​ក្រោយមក​ទៀត​។ ប៉ុន្តែ បើ​គ្នា​យើង​តេស្ត​ឃើញ​ថា​មាន​ជំងឺ​ស្លេកស្លាំង វា​អាច​ជា​សញ្ញា​ដំបូង​ៗ​នៃ​បញ្ហា​តម្រងនោម​ដែរ​ហើយ​។
 
សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ច្រើន​តែ​មានការ​រលាក​សរសៃឈាម​។ ការ​រលាក​នេះ​ធ្វើ​ឲ្យ​ខួរឆ្អឹង​មិន​អាច​ទទួល​សញ្ញា​បាន​ត្រឹមត្រូវ​ក្នុង​ការ​បង្កើត​កោសិកា​ឈាមក្រហម​ដែរ​។
 
២. រោគ​សញ្ញា​ជំងឺ​ស្លេកស្លាំង
នៅ​ពេល​ខួរក្បាល និង​សរីរាង្គ យើង​មិន​បាន​ទទួល​អុក​ស៊ី​សែន​គ្រប់គ្រាន់ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់កម្លាំង និង​ខ្សោយ​។ រោគ​សញ្ញា ជំងឺ​ស្លេកស្លាំង​ផ្សេង​ទៀត​រួម​មាន​៖
•​ ​ហត់
•​ ​វិលមុខ
•​ ​ឈឺក្បាល
•​ ​ស្លេក
•​ ​ត្រជាក់​ចុងដៃចុងជើង និង
•​ ​សីតុណ្ហភាព​ក្នុង​ខ្លួន​ទាប ជាដើម​។
 
សម្ពាធ​ឈាម​ខ្ពស់ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ អាច​ធ្វើ​ឲ្យ​ខូច​តម្រងនោម ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺ​ស្លេកស្លាំង​។ ប្រសិនជា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​ប្រើ​ថ្នាំ យើង​ត្រូវ​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​ជា​ចាំបាច់​។ របប​អាហារ​ត្រឹមត្រូវ និង​ការ​ហាត់ប្រាណ​ទៀងទាត់ សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​បញ្ហា​ស្លេកស្លាំង​នេះ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com