កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រប៉ូឡូញម្នាក់នឹងដើរ ១០០គីឡូម៉ែត្រ តាមសន្យា ក្រោយអ្នកចាំទីស៊ុតចូលទី
03, Apr 2024 , 8:59 pm        
រូបភាព
អ្នកគាំទ្រសញ្ជាតិប៉ូឡូញឈ្មោះ Janek នឹងដើរក្នុងចម្ងាយ ១០០គីឡូម៉ែត្រ រយៈពេល ៣ថ្ងៃ ដើម្បីទៅទស្សនាការប្រកួតមួយ បន្ទាប់ពីរូបគេបានប្រកាសនៅលើបណ្តាញសង្គមថា នឹងទៅកាន់កីឡដ្ឋានរបស់ក្រុមទាំងអស់ស្ថិតក្នុងលីគកំពូលប៉ូឡូញ ប្រសិនបើក្លិបណាមានអ្នកចាំទីស៊ុតបាល់បញ្ចូលទី។ ក្រោយការបង្ហោះរបស់ Janek មានកីឡាករចាំទី Gabriel Kobylak របស់ក្លិប RKS Radomiak Radom អាចរកបានគ្រាប់បាល់បញ្ចូលទី។



«ប្រសិនបើមានអ្នកចាំទីណាម្នាក់អាចរកបានគ្រាប់បាល់នៅពាក់កណ្តាលរដូវកាលនេះតទៅ ក្នុងចំណោមការប្រកួតនៅសល់ ខ្ញុំនឹងធ្វើដំណើរដោយថ្មើរជើងទៅកាន់ក្លិបរបស់ពួកគេដល់កីឡដ្ឋានប្រកួត។»។ នេះបើតាមការសរសេរបង្ហោះរបស់ ​Janek នៅលើបណ្តាញសង្គម X កាលពីខែកុម្ភៈ។
 
Janek ដំបូងឡើយត្រូវបានគេរំពឹងទុកថានឹង​ប្រាកដថា នឹងធ្វើតាមការសន្យាឡើយ តែរូបគេនឹងត្រូវធ្វើតាមការសន្យា ក្រោយពេលអ្នកចាំទី ​Gabiel Kobylak របស់ក្លិប Radomiak បានស៊ុតបាល់ចូលទី និងក្លាយជាអ្នកចាំទីដំបូងគេ រកបានគ្រាប់បាល់នៅរដូវកាលនេះ។ 
 
Kobylak បានស៊ុតបាល់តាមស្មើ ១-១ ទល់នឹងក្លិប Puszcza Niepolomice នៅក្នុងវគ្គទី២ នៃការប្រកួត បន្ទាប់ពីរូបគេបានទាត់បាល់ចេញពីតំបន់ប្រអប់ទី រហូតធ្វើឱ្យចូលទីគូប្រកួត ដែលមានអ្នកចាំទីឈ្មោះ Oliwier Zych វ័យ ១៩ឆ្នាំ មិនអាចជួយសង្គ្រោះបាល់បាន។
 
ក្រោយការប្រកួតដែលអ្នកចាំទីស៊ុតបាល់ចូលរួច Janek ពិតជាធ្វើតាមការសន្យារបស់គេ ដោយគេបានបង្ហោះដូច្នេះថា៖«៣ថ្ងៃ និង ៨ម៉ោង នៃការដើរ។ ទីប្រជុំជនសម្រាប់ការសម្រាក និងបានដាក់គោលដៅចូល ហើយសូម្បីតែដៃគូដើរក្បួនក៏បានរៀបចំផងដែរ ការប្រកួតដែលជាគោលដៅគឺ Radomiak ទល់នឹង Zaglebie។»។
 
Janek អ្នកគាំទ្រ នឹងធ្វើដំណើរដោយថ្មើរជើងទៅកាន់ទីក្រុង Radom ជាទីក្រុងមួយមានចម្ងាយ ១០០គីឡូម៉ែត្រ នៅភាគខាងលិចទីក្រុង Warsaw តាមការគ្រោងទុក ដោយការចេញដំណើរពីតំបន់ភាគអាគ្នេយ៍ទីក្រុង Sandomierz សម្រាប់ទៅកានើការប្រកួតដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា។
 
លិប Radomiak បានឡើងលេងនៅលីគកំពូលប៉ូឡូញ ឆ្នាំ ២០២១ បន្ទាប់ពីក្លាយជាក្រុមជើងឯក លីគទីពីរ។ បច្ចុប្បន្នក្លិប Radomiak ស្ថិតនៅចំណាត់ថ្នាក់​លេខ ១១ ដោយមាន ៣២ពិន្ទុ​ក្រោយឆ្លងកាត់កាត់ប្រកួត ២៦លើក៕

Tag:
 ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com