កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ធ្វើបាន hat-trick ជួយ Al Nassr បំបាក់ Al Abha ៨-០
03, Apr 2024 , 4:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបាល់បញ្ចូលទី ៣គ្រាប់ (hat trick) ក្នុងជ័យជម្នះរបស់ក្រុម Al Nassr លើ Al Abha លទ្ធផល ៨-០ នៃជំនួបក្របខណ្ឌ Saudi Pro League។ បន្តរកបាន hat trick តារាបាល់ទាត់ព័រទុយហ្កាល់ក៏បានបង្ហោះសារបង្ហាញពីឆន្ទៈក្រុមថាមិនរាថយឡើយចំពោះការប្រជែង Saudi Pro League។



ខ្សែប្រយុទ្ធ Sadio Mane, Abdulmajeed Al Sulaiheem, Abdulrahman Ghareeb ស៊ុតម្នាក់មួយគ្រាប់ក្នុងការប្រកួត និងកីឡាករ Abdulaziz Saud Al Aliwa ស៊ុតចូល ២គ្រាប់ ព្រមទាំងរួមចំណែកធំបន្ថែមពីកីឡាករវ័យ ៣៩ឆ្នាំ ស៊ុត ៣គ្រាប់ ដែលរកបាននៅត្រឹមតែវគ្គទីមួយនោះ ធ្វើឱ្យ Al Nassr យកឈ្នះដោយងាយស្រួលលើគូប្រកួត។ Al Abha ជាក្រុមចំណាត់ថ្នាក់បាតតារាងនៃក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត។
 
២គ្រាប់កើតចេញពី Ronaldo ធ្វើបានដោយការស៊ុតបាល់ពិន័យ Free Kick ដោយគ្រាប់ទី១ គេរកបាននៅត្រឹមតែនាទី១១ នៃការប្រកួតក្នុងវគ្គទីមួយ មុនពេលគ្រាប់បាល់ទី២ កើតឡើងដដែលគ្នានេះនៅនាទី២១។ គ្រាប់ទី៣ ជាការស៊ុតបាល់យ៉ាងល្អពីម្ចាស់ពាន Ballon d’Or ៥សម័យ នៅនាទី៤២។
 
រកបាន ៣គ្រាប់បន្ថែម Ronaldo បន្តក្លាយជាកីឡាករនាំមុខគេលើការស៊ុតគ្រាប់បាល់ក្នុងរដូវកាលប្រចាំលីគ Saudi Pro League រកបាន ២៩គ្រាប់​ នាំមុខគេកំពូលតារាងប្រជែងស្បែកជើងមាស។
 
បន្ទាប់ពីការឈ្នះរួច បុរសប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ដោយអះអាងថាក្រុមនឹងមិនរាថយឡើយចំពោះការប្រកួតប្រជែងពានក្នុងរដូវកាលនេះ។ ដ្បិតឈ្នះដោយងាយ តែ ​Al Nassr មានគម្លាតចំនួន ១២ពិន្ទុ ពីក្រុម Al Hilal។
 
«យើងនឹងមិនបន្ធូរបន្ថយឡើយ» តារាបាល់ទាត់វ័យ ៣៩ឆ្នាំ បានបង្ហោះនៅលើបណ្តាញសង្គម Instagram ភ្ជាប់ជាមួយនឹងរូបភាពអបអរជ័យជម្នះបែបនេះ។
 
សរុបទាំងការស៊ុតបាល់ និងការបញ្ជូនបាល់ក្នុងការប្រកួត Ronaldo មកដល់បច្ចុប្បន្នរកបានគ្រាប់បាល់ចំនួន ៣៦គ្រាប់ និងបញ្ជូនបាល់ ១២គ្រាប់ ពីការបង្ហាញខ្លួន ៣៥លើក នៅរាល់ការប្រកួតក្នុងរដូវកាលនេះ៕

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com