កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ទទួលស្គាល់ថា Man Utd ពិបាកប្រជែងកៅអី UCL
04, Apr 2024 , 3:12 pm        
រូបភាព
លោក ​Erik ten Hag អ្នកចាត់ការក្រុម Manchester United សារភាពថាការប្រជែងតំណែងកំពូលទាំង៤ Top4 នៅ Premier League ដើម្បីទទួលបានកៅអីក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ ពិតជាពិបាកខ្លាំងដោយសារក្រុមមានគម្លាត ១១ពិន្ទុ ពីក្រុមលេខ៤ ខណៈសល់៩ប្រកួតនឹងបញ្ចប់រដូវកាល ២០២៣-២៤។



ក្រុមរហស្សនាមបិសាចក្រហម កំពុងនៅចំណាត់ថ្នាក់លេខ ៦ នៃលីគកំពូលអង់គ្លេស ដោយមានការប្រកួតនៅសល់សរុប ៩លើកទៀត ស្របពេលក្រុមលេខ ៤ Aston Villa នៅសល់ ៧ប្រកួត ជាមួយគម្លាតពិន្ទុ១១ពិន្ទុ។ ក្រុម Tottenham Hotspur ស្ថិតនៅលេខ ៥ ក៏កំពុងតែប្រជែងគ្នាដណ្តើមកៅអី Champions League រដូវកាលក្រោយ។
 
ពិតណាស់តំណែងក្រុមកំពូលទាំង​ ៤ ដើម្បីកៅអី Champions League ពិតជាពិបាក ប៉ុន្តែការប្រកួតប្រជែងសម្រាប់កៅអីក្របខណ្ឌទី២ អឺរ៉ុប ​UEFA Europa League នឹងអាចជាផ្លូវតែមួយសម្រាប់ក្រុមបិសាចក្រហម។​​ លោក Ten Hag អ្នកចាត់ការសញ្ជាតិហូឡង់ មើលឃើញពីភាពលំបាកមិនអាចប្រកែកបានសម្រាប់ Man Utd ក្នុងការប្រជែង Top4។
 
«ខ្ញុំដឹងថានឹងក្លាយជារឿងដ៏ពិបាក ព្រោះថាយើងមិនស្ថិតក្នុងតំណែងមួយដែលល្អនោះទេ។ ប៉ុន្តែយើងចង់ឱ្យគ្រប់គ្នាឈ្នះរាល់ការប្រកួត នេះជាស្តង់ដាដែលយើងត្រូវការនៅទីនេះ ខ្ញុំជាមនុស្សដែលស្មោះត្រង់គឺថាយើងត្រូវតែចាប់យកឱ្យបាន តែខ្ញុំដឹងថាយើងក៏មានបញ្ហាច្រើន វាគឺដូច្នេះ។»។ លោក Ten Hag បាននិយាយដូច្នេះក្នុងសន្និសីទកាសែត។
 
Man United ធ្វើមិនបានល្អ បើធៀបទៅនឹងរដូវកាលមុន ដោយពួកគេបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ UEFA Champions League, EFL Cup ព្រមទាំងមានចំណាត់ថ្នាក់មិនល្អក្នុងក្របខណ្ឌ Premier League។
 
លោក Ten Hag បានអះអាងបន្ថែមពីកម្រិតសមត្ថភាពរបស់កូនក្រុមថា កីឡាករម្នាក់ៗមិនមានកម្រិតសមត្ថភាពប្រហែលគ្នាប៉ុន្មានឡើយ ​ខណៈការប្រកួតនាពេលបច្ចុប្បន្នគឺមានការប្រជែងគ្នាខ្លាំង ក៏ដូចជាទម្លាប់នៃការលេងគឺតែងមានភាពខុសគ្នា។
 
សម្រាប់ការប្រកួតបន្ទាប់របស់ Man United ក្នុងជំនួបក្របខណ្ឌ Premier League ពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Stanford Bridge តទល់នឹងក្រុមម្ចាស់ផ្ទះ Chelsea ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១២ ក្នុងតារាង នាថ្ងៃទី៤ ខែមេសា វេលាម៉ោង ២:១៥នាទីយប់រំលងអាធា្រត្រ (ម៉ោងនៅកម្ពុជា)៕

Tag:
 Erik ten Hag
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com