ជាតិ
សង្គមជាតិ
បុរសដែលវាយស្ត្រីម្នាក់នៅបន្ទប់ជួល ថា ថតវីដេអូលេងសើចទេ តែសមត្ថកិច្ច កំពុងពិនិត្យមើលនីតិវិធី
04, Apr 2024 , 5:29 pm        
រូបភាព
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ។
ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ អះអាងថា ជនបង្កហេតុ និងនារីរងគ្រោះក្នុងវីដេអូ បានទទួលស្គាល់ថា ពិតជាបានប្រើហិង្សាមែន តែពុំបង្ករបួសស្នាមឡើយ។ សមត្ថកិច្ចកំពុងរង់ចាំចំណាត់ការបន្ថែមពីលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។

 
កាលពីថ្ងៃទី៣ មេសា លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យឃើញវីដេអូ ដែលបានចែករំលែកតាមបណ្ដាញសង្គម ដោយឃើញបុរសម្នាក់បានប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់ នៅក្នុងបន្ទប់ជួលមួយកន្លែង នារាជធានីភ្នំពេញ ។ ក្រោយឃើញវីដេអូនេះ លោក ណារិន្ទ បានបញ្ជាឱ្យលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ លើករណីនេះ។ 
 
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ បានបន្ថែមថា សម​ត្ថកិច្ច បានសាកសួរលើបុរសបង្កហិង្សា និងនារីរងគ្រោះហើយ នៅថ្ងៃទី៤ មេសានេះ។ បើតាមលោក វិច្ឆិកា ជនបង្កហេតុ និងជនរងគ្រោះ ទទួលស្គាល់ថា ពិតជាប្រើហិង្សាមែន ប៉ុន្តែពុំមានរបួសស្នាមឡើយ។ ជនបង្កហេតុនេះ ត្រូវបានគេស្គាល់ថា ជាអ្នកនិយមប្រើប្រាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ ដែន សូនី។ 
 
«យើងកំពុងបន្តនីតិវិធីសាកសួរ ហើយរង់ចាំបញ្ជារបស់លោកស្នងការបន្ថែម ដោយសារស្ត្រីរងគ្រោះ គាត់ពុំបានដាក់ពាក្យបណ្ដឹង លោកសូនី(ជនបង្កហេតុ)ឡើយ ហើយរូបភាពហិង្សានេះ កើតឡើងតាំងពីខែធ្នូ (២០២៣) ម្ល៉េះ! កាលនោះ ភាគីរងគ្រោះ និងជនបង្កបានព្រមព្រៀងគ្នា ហើយធ្វើកិច្ចសន្យានិងអប់រំនៅប៉ុស្តិ៍…»។ អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅរសៀលនេះ។
 
តាមរយៈវីដេអូឃ្លីបមួយ កាលពីថ្ងៃទី៣ មេសា បុរសឈ្មោះ ដែន សូនី និងនារីរងគ្រោះ ក្នុងវីដេអូវាយតបគ្នានោះ បានចេញមុខអះអាងថា ពួកគេទាំងពីរ ថតវីដេអូលេងសើច (Prank) ដោយសម្ដែងជាតួប្តីប្រពន្ធឈ្លោះគ្នា ដោយប្តីប្រើអំពើហិង្សាទៅលើប្រពន្ធ។ ប៉ុន្តែក្រោយថតវីដេអូនោះហើយ ស្រាប់តែបាត់ទូរសព្ទ ទាំងវីដេអូថតហើយ មិនទាន់កាត់ឱ្យបានត្រឹមត្រូវ នៅក្នុងនោះដែរ ហើយត្រូវគេយកទៅបង្ហោះលើបណ្ដាញសង្គម នាពេលថ្មីៗនេះតែម្ដង។ នេះបើតាមលោក ដែន សូនី និងនារីរងគ្រោះ បានចេញវីដេអូបកស្រាយលើបណ្ដាញសង្គម។
 
តែយ៉ាងណា ករណីនេះ រង់ចាំការសម្រេចបន្ថែមពីស្នងការនគរបាលជាតិ លោក ជួន ណារិន្ទ សិន។ នេះបើតាមលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ។ 

© រក្សាសិទ្ធិដោយ thmeythmey.com