កីឡាជាតិ
ជាតិ
ឡាយហ្វ ជ្រើសលោកប្រាក់ សុវណ្ណារ៉ា ជាអ្នកចាត់ការ ដោយផ្តោតលើការអភិវឌ្ឍន៍កីឡាករ
04, Apr 2024 , 6:59 pm        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅថ្ងៃទី៣ ខែមេសា ត្រូវបានតែងតាំង​ជា​អ្នកចាត់ការទូទៅ​ក្រុមកីឡាបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ (Life FC) ចាប់ពីរដូវកាលក្រោយ ២០២៤-២៥ តទៅ។ ជ្រើសរើសលោកប្រាក់ សុវណ្ណារ៉ា ដោយសារក្រុមជើងឯកលីគ២ មានចក្ខុវិស័យចំបងលើការអភិវឌ្ឍក្រុម និងកីឡាករ។



«ក្នុងគោលដៅអភិវឌ្ឍក្លិបក្នុងខេត្តព្រះសីហនុមួយនេះ ឱ្យមានការរីកចម្រើនទៅមុខ ខ្ញុំសង្ឃឹមថា ទាំងថ្នាក់ដឹកនាំក្លិប មន្ត្រី បុគ្គលិក និងកីឡាករឡាយហ្វ រួមទាំងខ្ញុំ នឹងសហការរួមគ្នា ដើម្បីសម្រេចចក្ខុវិស័យរបស់ក្លិបក្នុងរយៈពេលដ៏ខ្លី»។ នេះជាការអះអាងរបស់លោក ប្រាក់ សុវណ្ណារ៉ា នៅចំពោះមុនអ្នកការសែត និងអគ្គលេខាធិការក្លិបឡាយហ្វ លោក Peter Koo ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាក្នុងតំណែងអ្នកចាត់ការ។
 
លោក Peter Koo អគ្គលេខាធិការសញ្ជាតិកូរ៉េខាងត្បូង អះអាងថាការសម្រេចជ្រើសរើសលោក ប្រាក់ សុវណ្ណារ៉ា ជាអ្នកចាត់ការទូទៅ និងជាគ្រូបង្គោល ដោយសារអតីតអ្នកចាត់ការក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រូបនេះ មានបទពិសោធដឹកនាំច្រើន និងចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់នៅកម្ពុជា។ 
 
សម្រាប់​តួនាទី​ជាអ្នកចាត់ការទូទៅឡាយហ្វ អតីតគ្រូជម្រើសជាតិកម្ពុជារូបនេះ ត្រូវទទួល​ខុសត្រូវ​ខ្ពស់​លើ​ផ្នែក​បច្ចេកទេស ទាំង​ការរៀបចំ​ដាក់​ផែនការ និង​ដឹកនាំ​បង្វឹក​កីឡាករ​ដោយផ្ទាល់​ និងជាពិសេសការភិវឌ្ឍន៍កីឡាករតែម្តង។ 
 
លោក សុវណ្ណារ៉ា ដែលធ្លាប់ដឹកនាំបឹងកេតឈ្នះលីគកំពូលកម្ពុជា ឆ្នាំ២០១៦ ចាត់ទុក​ការផ្តល់​តួនាទី​ជា​អ្នក​ចាត់​ការ Life FC ​ជា​មោទកភាពមួយ ប៉ុន្តែលោកពន្យល់ថាការដឹកនាំក្លិបមួយឱ្យរីកចម្រើនបានមិនងាយស្រួលនោះទេ បើមិនមានការសហការពីសមាជិកក្លិប មន្ត្រី និងកីឡាករទាំងអស់។
 
ដើម្បីសម្រេចចក្ខុវិស័យរបស់ក្លិបដែលទើបឈ្នះជើងឯកលីគលំដាប់ទី២កម្ពុជា Cambodia League 2 រដូវកាលនេះ និងត្រៀមឡើងទៅប្រជែងពាននៅលីគកំពូលរដូវកាលក្រោយ អ្នកចាត់ការដែលបញ្ចប់​ថ្នាក់​គ្រូបង្វឹក Pro-License ​រំពឹងថា ទាំងថ្នាក់ដឹកនាំក្លិប មន្ត្រី បុគ្គលិក និងកីឡាករឡាយហ្វ រួមទាំងខ្លួនផ្ទាល់ នឹងសហការរួមគ្នាបានល្អ។ 
 
មុនឈានដល់ចុះកិច្ចសន្យានេះ លោក ប្រាក់ សុវណ្ណារ៉ា បានពិភាក្សា និងយល់ច្រើនពីចក្ខុវិស័យរបស់ក្លិបក្នុងការកសាងក្រុម និងការអភិវឌ្ឍយុវជនជាដើម ហើយតាមរយៈទស្សនវិស័យរបស់ក្លិប​ អ្នកចាត់ការសញ្ជាតិកម្ពុជារូបនេះជឿជាក់ថាក្រុមនឹងឆាប់វិវត្តន៍ទៅមុខលឿន។ 
 
​ឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មានជុំវិញការរៀបចំ និងសមត្ថភាពក្រុមដើម្បីប្រជែងនៅលីគកំពូល អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ​​បញ្ជាក់ថា​៖«​​ឡាយហ្វ នៅមានភាពក្មេងខ្ចីនៅឡើយ បើធៀបនឹងក្រុមនៅលីគកំពូលដែលសុទ្ធតែមានបទពិសាធន៍ច្រើន។ ទោះឈ្នះជើងឯ តែក្រុមនៅមានគម្លាតតិចតួចនឹងក្រុមនៅលីគ២ ពេលនេះក្រុមនៅមានចំនុចខ្វះខាតច្រើនសម្រាប់ការប្រជែងនៅលីគកំពូល»៕

Tag:
 ប្រាក់ សុវណ្ណារ៉ា
  Life FC
© រក្សាសិទ្ធិដោយ thmeythmey.com