ជាតិ
នាយករដ្ឋមន្រ្តី អំពាវនាវពលរដ្ឋជួយទិញផលិតផលខ្មែរឱ្យបានច្រើន ក្នុងស្មារតីជាតិនិយម
04, Apr 2024 , 8:19 pm        
រូបភាព
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានអំពាវនាវពលរដ្ឋជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។



តាមរយៈសារលិខិតអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផល​ខ្មែរ​ លើកទី៧ ​​ក្រោមប្រធានបទ «ផលិតផលនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» កាលពីថ្ងៃទី១ មេសា សម្ដេច​ ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖«ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម»។
 
ក្នុងឱកាសនោះ សម្ដេច ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមបំផុសបំផុលចលនាដាំដុះ ចិញ្ចឹមសត្វ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិតបន្ថែមទៀត។ ពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ។ 
 
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងឡាយ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព។
 
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តរៀបចំព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ ទិញផលិតផលខ្មែរ នៅតាមទីតាំងសក្ដានុពល ឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ ក្នុងការជួយលើកកម្ពស់ និងផ្សព្វផ្សាយលក់ផលិតផលខ្មែរ។ ស្ថាប័នដដែលនេះ ត្រូវដាក់បញ្ចូលផលិតផលសក្តានុពលនានា ជាផលិតផលភូមិមួយផលិតផលមួយ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយ ឱ្យបានទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដូចជា កត្តាផលិតកម្ម ទីផ្សារ ឱ្យបានទាន់ពេល។ 
 
សម្ដេច ហ៊ុន ម៉ាណែត បានអះអាងបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាលែងពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីហើយ។ លោក មើលឃើញថា វិស័យមួយនេះ កាន់តែទំនើបដោយពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម ហើយមានការតភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់ក្នុងតំបន់ និងសកល រួមជាមួយនឹងការកើតមានឡើងនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់។ ទោះជាបែបនេះក្ដី វឌ្ឍនភាពទាំងនេះ មិនទាន់បានឆ្លើយតបទាំងស្រុងទៅនឹងមហិច្ឆតា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០នៅឡើយ។ 
 
ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ គឺជាគោលដៅអាទិភាពដ៏ធំបំផុត ក្នុងការកសាងសង្គមកម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ និងមានចំណូលខ្ពស់។ កត្តាទាំងនេះ ទាមទារឱ្យរដ្ឋាភិបាលដាក់ចេញ និងអនុវត្តនូវក្របខ័ណ្ឌអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមចលនាបដិវត្តឧស្សាហកម្ម៤.០, ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ និងសកល, ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម, ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងស្វ័យប្រវត្តិកម្ម៕ 

Tag:
 ហ៊ុន ម៉ាណែត
  កសិកម្ម
  ពាណិជ្ជកម្ម
 
© រក្សាសិទ្ធិដោយ thmeythmey.com