កីឡាអន្តរជាតិ
អន្តរជាតិ
Leverkusen រក្សាកំណត់ត្រាមិនចាញ់ ៤០ប្រកួត ខណៈឡើងវគ្គផ្តាច់ព្រ័ត្រ DFB Cup
04, Apr 2024 , 5:59 pm        
រូបភាព
ក្រុមកំពូលតារាងលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen បន្តបង្កភាពភ្ញាក់ផ្អើលទៅកាន់អ្នកស្នេហាវិស័យបាល់ទាត់ ដោយការប្រកួត ៤០លើកចុងក្រោយ មិនដែលបរាជ័យម្តងណាឡើយ។ Leverkusen រកបានជ័យជម្នះ ៣៥ប្រកួត និងស្មើ ៥ប្រកួត បន្ទាប់ពីក្រុមដឹកនាំដោយលោក Xabi Alonso បំបាក់ក្រុម Fortuna Dusseldorf ៤-០ កក់កៅអីវគ្គផ្តាច់ព្រ័ត្រ DFB Cup។



ឡើងវគ្គផ្តាច់ព្រ័ត្រ DFB Cup បានជួយឱ្យក្រុមដែលមានបុរសសញ្ជាតិអេស្ប៉ាញលោក Xabi Alonso ជាអ្នកចាត់ការកំពុងតែសម្លឹងស្វែងពាន ១រង្វាន់ ទីមួយប្រចាំរដូវកាល មុនពេលសម្លឹងបន្តការឈ្នះពាន Bundesliga ជាពានលីគលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។
 
ការឈ្នះដដែល បានធ្វើឱ្យលោក Alonso បន្តមានក្តីសង្ឃឹមកាន់តែខ្លាំងឡើងក្នុងការឈ្នះពានរង្វាន់ បន្ទាប់ពីក្រុមបានបន្តភាពអស្ចារ្យនឹកស្មានមិនដល់។
 
«វាពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ការប្រកួតចុងក្រោយប្រចាំរដូវកាល គឺជាវគ្គផ្តាច់ព្រ័ត្រ។ យើងពេលនេះគឺសប្បាយចិត្តខ្លាំងឥតឧបមា ចំពោះឱកាសដ៏ធំបែបនេះ។ វាពិតជាដំណើរដ៏វែងឆ្ងាយ បើយើងសម្លឹងមើលកាលពីខែមិថុនា ជាមួយនឹងកីឡាករថ្មីៗ មកដល់ពេលនេះ យើងធ្វើការងារបានល្អខ្លាំងណាស់។ យើងបានបង្ហាញនៅលើទីលាន ដែលថាអ្វីទៅជារឿងសំខាន់ យើងត្រូវតែរីករាយក្នុងពេលនេះ។»។ លោក Alonso អ្នកចាត់ការក្រុម Leverkusen កំពុងតែត្រូវបានក្លិបយក្សធំៗនៅអឺរ៉ុបចាប់ចិត្តចង់យកទៅដឹកនាំក្រុម។
 
៤០ប្រកួតមិនដែលចាញ់ ក៏ជាកំណត់ត្រាមួយដែលនឹងធ្វើឱ្យក្រុម Bayern Munich ដែលក្រុមការពារជើងឯក ទទួលការខកចិត្តពីការប្រជែងពានរង្វាន់ លីគកំពូល Bundesliga ខណៈគម្លាតពិន្ទុក្រុមទាំង ២ ដល់ទៅ ១៣ពិន្ទុ ហើយការប្រកួតនៅសល់ត្រឹមតែ ៧ប្រកួត។ 
 
ក្រៅពីពាន DFB Cup, Bundesliga ក្លិប Bayer Leverkusen ក៏បានកំពុងស្ថិតនៅក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពាន Europa League ផងដែរ។ 
 
វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ DFB Cup ដដែល Leverkusen នឹងត្រូវឡើងទៅជួបក្រុម Kaiserslautern ដែលបានទម្លាក់ក្រុមមកពីលីគទី៣ Saarbrucken លទ្ធផល ២-០ កាលពីថ្ងៃទី២ ខែមេសា។ ជំនួបវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរ ក៏នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា៕

Tag:
 Bayer Leverkusen
© រក្សាសិទ្ធិដោយ thmeythmey.com