អន្តរជាតិ
នយោបាយអន្តរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាវាយប្រហារលើមូលដ្ឋានយោធាក្រុងណៃពិដោ ក្រុមឧទ្ទាមនៅ Magwe មីយ៉ាន់ម៉ា។ រូបភាព ៖ YoungForce
× រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ានៅថ្ងៃទី៤ ខែមេសា បានប្រកាសថា កម្លាំងការពារប្រជាជន បានប្រើប្រាស់ដ្រូនដើម្បីវាយប្រហារមូលដ្ឋានរដ្ឋាភិបាលយោធានៅក្នុងរដ្ឋធានីណៃពិដោ។
រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) បានប្រកាសថា មូលដ្ឋានទ័ពយោធានៅក្នុងរដ្ឋធានីណៃពិដោត្រូវបានវាយប្រហារដោយដ្រូន។ ប៉ុន្តែក្រុមនេះមិនបានបញ្ជាក់ពីប្រភេទដ្រូន ដែលបានប្រើ និងទំហំនៃការខូចខាតនៅមូលដ្ឋាននោះទេ។
កងកម្លាំងការពារប្រជាជន (PDF) ដែលជាផ្នែកមួយរបស់រដ្ឋាភិបាលស្រមោលមួយនេះ បាននិយាយថា ខ្លួនបានទទួលបញ្ជាឱ្យវាយប្រហារទីតាំងចំនួន២នៅក្នុងរដ្ឋធានីណៃពិដោ ដែល១ក្នុងចំណោមនោះជាមូលដ្ឋានទ័ពអាកាស។
យោធាមីយ៉ាន់ម៉ា ដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ២០២១ មិនបានឆ្លើយតបលើព័ត៌មាននេះទេ។ ប្រសិនបើព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនោះ វានឹងប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់កងទ័ពមីយ៉ាន់ម៉ា ខណៈដែលកម្លាំងនេះកំពុងប្រឈមក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន។ នេះបើតាមសារព័ត៌មាន Reuters។
ប្រធានាធិបតីស្តីទី លោក Myint Swe បានព្រមានថា ប្រទេសនេះស្ថិតក្នុងហានិភ័យនៃការបែកបាក់ ប្រសិនបើខ្លួនបរាជ័យក្នុងការដោះស្រាយការបះបោរដោយក្រុមឧទ្ទាម។
ឧត្តមសេនីយ៍ មីន អុងឡាំង កាលពីសប្តាហ៍មុនបានអំពាវនាវឱ្យប្រជាជន និងកងទ័ពរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធដែលកំពុងស្វែងរកការបំផ្លិចបំផ្លាញប្រទេស ក៏ដូចជាការឃុបឃិតក្នុងការបំផ្លិចបំផ្លាញផែនការបោះឆ្នោត៕
© រក្សាសិទ្ធិដោយ thmeythmey.com