កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool, Arsenal និង Man City ដេញគ្នារដឹក ស្របពេល Man Utd ទំនងអស់កៅអី UCL
05, Apr 2024 , 11:39 am        
រូបភាព
Liverpool បន្តរក្សាកំពូលតារាង Premier League នៅសប្តាហ៍ទី៣០របស់ខ្លួន ក្រោយយកឈ្នះ Sheffield United ៣-១។ ជ័យជម្នះរបស់ Liverpool បានធ្វើឱ្យការប្រជែងជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤ ជាមួយ Arsenal និង Manchester City កាន់តែមានភាពស្វិតស្វាញ។ ចាញ់ Chelsea ទាំងប្រផិតប្រផើយ ៤-៣ បានធ្វើឱ្យ Manchester United ពិបាកក្នុងការដណ្តើម Top 4 ដើម្បីបានកៅអី UEFA Champions League រដូវកាលក្រោយ។



Liverpool, Arsenal និងម្ចាស់ការពារតំណែងជើងឯក Man City សុទ្ធតែរកបាន៣ពិន្ទុរៀងខ្លួនក្នុងជំនួបលីគសប្តាហ៍ទី៣០ នៅថ្ងៃទី៤ និងទី៥ ខែមេសា។ បន្តរកបានជ័យជម្នះរៀងខ្លួន បានធ្វើឱ្យក្រុមទាំង៣នេះ កាន់តែមានការប្រកួតប្រជែងគ្នាខ្លាំង ដើម្បីដណ្តើមជើងឯកលីគកំពូលអង់គ្លេស ជាមួយពិន្ទុប្រដេញគ្នា។
 
ហង្សក្រហមកើនដល់៧០ពិន្ទុ ឈរកំពូលតារាង តាមពីក្រោយដោយ កាំភ្លើងធំ មាន៦៨ពិន្ទុ និង មេឃខៀវ ៦៧ពិន្ទុ។ ស្របពេលការប្រកួតដល់៨លើក នឹងបញ្ចប់រដូវកាលនេះ ត្រូវបានគេមើលឃើញថា មានតែ៣ក្រុមនេះប៉ុណ្ណោះដែលត្រូវប្រជែងពាន Premier League ដោយសារមានពិន្ទុនាំមុខដាច់។
 
ដោយឡែក ការប្រជែងតំណែងចំណាត់ថ្នាក់លេខ៤ ឬក្នុងតំបនើ Top4 ដើម្បីទទួលបានកៅអី Champions League រដូវកាលក្រោយ ក៏មានភាពស្វិតស្វាញដែរ។ Aston Villa ដែលឆ្លងកាត់ប្រកួត៣១លើក ស្ថិតនៅលេខ៤បណ្តោះអាសន្ន មាន៥៩ពិន្ទុ ដោយនាំមុខ Tottenham Hotspur ដែលឈរលេខ៥ តែទើបប្រកួត៣០លើក ចំនួន២ពិន្ទុ និង Man Utd ១១ពិន្ទុ។ 
 
តាមរយៈពិន្ទុនេះ ធ្វើឱ្យក្រុមបិសាចក្រហមទំនងជាពិបាកក្នុងការដណ្តើមយកលេខ៤ បន្ទាប់ពីពួកគេចាញ់ Chelsea ៤-៣ នៅជំនួបទី៣០។ ចំណែក Aston Villa និង Spurs នឹងមានការប្រជែងគ្នាខ្លាំង ដោយសារមានពិន្ទុប្រដេញគ្នារដឹក។
 
Luton Town, Burnley និង Sheffield United ស្ថិតនៅតំបន់ត្រូវកាត់ចោលដដែល ស្របពេល Nottingham Forest, Everton និង Brentford ដែលនៅតំបន់សុវត្ថភាព តែក៏មិនទាន់មានលំនឹងដែរ។ Luton ដែលឈរលេខ១៨ មាន២២ពិន្ទុ តាមពីក្រោយក្រុមលេខ១៧ Nottingham Forest តែ៣ពិន្ទុប៉ុណ្ណោះ។ Everton ឈរលេខ១៦ មាន២៦ពិន្ទុ និង Brentford នៅលេខ១៥ មាន២៨ពិន្ទុ៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com