កីឡាអន្តរជាតិ
អន្តរជាតិ
អតីតកីឡាករជម្រើសជាតិអាហ្វ្រិកខាងត្បូងម្នាក់ ត្រូវបានបាញ់សម្លាប់ក្នុងករណីប្លន់
05, Apr 2024 , 3:19 pm        
រូបភាព
អតីតកីឡាករក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូង Luke Fleurs ដែលបានលេងឱ្យក្លិបដ៏ល្បីប្រចាំប្រទេសអាហ្រ្វិក ក្លិប ​Kaizer Chiefs ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ក្នុងករណីប្លន់ ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីប៉ូលីសអាហ្រ្វិកខាងត្បូង។



Luke មានវ័យ ២៤ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំដើមទ្រូង នៅក្នុងស្ថានីយចាក់ប្រេងឥន្ទនៈមួយកន្លែង នាពេលរាត្រី ហើយខ្មាន់កាំភ្លើងបានប្លន់យករថយន្តជិះរត់គេចខ្លួន។
«ខណៈដែលគេកំពុងតែរង់ចាំ ពេលកំពុងចាក់ប្រេងឥន្ទនៈ រូបគេត្រូវបានជួបប្រទះហេតុការណ៍ដោយតទល់នឹងបុរស ២នាក់ ដែលមានប្រដាប់អាវុធក្នុងដៃ។»។ នេះបើតាមសម្តីអ្នកនាំពាក្យដែលជាមន្ត្រីប៉ូលិសលោក Colonel Mavela Masondo ប្រាប់ទៅអ្នកកាសែត។ 
 
បើតាមការអះអាងបន្ថែមពីសំណាក់មន្ត្រីប៉ូលិសជាអ្នកនាំពាក្យដដែល មកដល់ពេលនេះក្រុមចោរប្លន់ទាំង ២ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ។
 
Luke Fleurs ជាខ្សែការពារ ដែលធ្លាប់បានលេងគ្រប់ពេលវេលាសម្រាប់ក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូង អំឡុងពេលគេស្ថិតក្នុងបញ្ជីឈ្មោះប្រកួតប្រជែង អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ កាលឆ្នាំ ២០២១។ ឆ្នាំដដែល Luke ត្រូវបានជម្រើសជាតិកោះហៅ ឱ្យទៅប្រកួតប្រជែងសម្រាប់វគ្គជម្រុះ World Cup ទល់នឹងប្រទេសអេទ្យូពី។
 
សហព័ន្ធបាល់ទាត់អាហ្រ្វិកខាងត្បូង ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីសោកស្តាយក្រោយបាត់បង់ធនធានកីឡាករដ៏ល្អមួយរូប។ លោក Danny Jordaan បាននិយាយដូច្នេះថា៖«យើងងើបដឹងខ្លួន ជាមួយនឹងការក្តីតក់ស្លុតបំផុត ចំពោះដំណឹងដ៏ក្រៀមក្រំពីការបាត់បង់ជីវិតរបស់កីឡាករយុវជនរបស់យើង។ នេះគឺជាការបាត់បង់ដ៏ធំសម្រាប់ក្រុមគ្រួសារជនរងគ្រោះ និងមិត្តរួមក្រុមនៃបាល់ទាត់របស់គេ។»។
 
​មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងកីឡា សិល្បៈ និងវប្បធម៍ លោក Zizi Kodwa ក៏បានលើកឡើងថាជារឿងដ៏សោកសៅបំផុតដែលជីវិតមនុស្សម្នាក់ត្រូវបានកាត់ផ្តាច់ប្រើពេលដ៏ខ្លីដោយបញ្ហាហិង្សានៃឧក្រិដ្ឋកម្ម។
 
​កីឡាករ Luke Fleurs បានចូលរួមជាមួយនឹងក្លិប Chiefs ក្រោយផ្ទេរពីក្លិប SuperSport United កាលពីខែតុលា ឆ្នាំ ២០២៣។ បុរសវ័យ ២៤ឆ្នាំ មុនឈានដល់ការលេងបាល់កម្រិតអាជីព រូបគេបានកើតចេញពីការលេងនៅក្នុងក្រុមយុវជនរបស់ក្លិបយុវជន Ubantu Football Academy ក្នុងទីក្រុង Cape Town៕

Tag:
 បាល់ទាត់
  Luke Fleurs
© រក្សាសិទ្ធិដោយ thmeythmey.com