ជាតិ
សង្គមជាតិ
លោក ស សុខា ឱ្យស្នងការរាជធានី-ខេត្ត បង្កើនការបង្ក្រាបករណីគ្រឿងញៀន និងល្បែង
05, Apr 2024 , 8:19 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ទំព័រហ្វេសប៊ុករបស់ លោក ស សុខា
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ទំព័រហ្វេសប៊ុករបស់ លោក ស សុខា
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យស្នងការតាមបណ្ដារាជធានី-ខេត្ត បង្កើនការចុះបង្ក្រាបបទល្មើសគ្រឿងញៀន ជាជាងរង់ចាំការចុះអន្តរាគមន៍ជាមួយមន្ត្រីជំនាញថ្នាក់ជាតិ។

 
ក្នុងពិធីផ្សព្វផ្សាយពីបទវិន័យនគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ មេសា លោក ស សុខា ស្នើឱ្យស្នងការរាជធានី-ខេត្ត ពង្រឹងគោលការណ៍ភូមិឃុំសុវត្ថិភាពឡើងវិញ។ ពាក់ព័ន្ធនឹងគោលការណ៍នេះ រដ្ឋមន្ត្រីមហាផ្ទៃ បានសង្កត់ធ្ងន់លើបញ្ហាក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសង។ 
 
ករណីក្មេងទំនើង លោក ស សុខា ពន្យល់បន្ថែមឱ្យមន្ត្រីថ្នាក់រាជធានី-ខេត្ត រឹតបន្តឹងលើល្បឿនបើកបរ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីផងដែរ។ រីឯ បញ្ហាគ្រឿងញៀនលោកសង្កត់ធ្ងន់បែបនេះ៖ «ខ្ញុំសូមស្នើឱ្យឯកឧត្តមស្នងការរាជធានី- ខេត្តទាំងអស់ កុំចាំតែមន្ទីរគ្រឿងញៀនចុះធ្វើ ហើយបានយើងមានការសម្របសម្រួលចុះអមជាមួយ។ ខ្ញុំសូមទទូចឱ្យមានឆន្ទៈខ្ពស់ ក្នុងការខិតខំប្រឹងប្រែងលើបញ្ហានេះ»។ 
 
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី ក៏ពិនិត្យឃើញមានស្នងការរាជធានី-ខេត្ត មួយចំនួន បានប្រឹងប្រែងលើករណីនេះហើយ ប៉ុន្តែខ្លះទៀតពុំទាន់ប្រឹងប្រែងឱ្យដល់កម្រិត  ខណៈតំបន់ខ្លះ កំពុងកើនឡើងករណីគ្រឿងញៀន។ ហេតុនេះ ទើបលោក ស សុខា ដាស់តឿនទៅស្នងការរាជធានី-ខេត្តនីមួយៗ បន្ថែមថា៖ «សូមទទូច ឱ្យពិនិត្យលើបញ្ហានេះ ហើយកុំចាំថ្នាក់លើ ឬថ្នាក់ក្រសួង ទៅធ្វើ ឬធ្វើជំនួសច្រើនពេកអត់ល្អទេ!»។ 
 
ជាមួយគ្នាដែរ លោក ស សុខា ក៏ស្នើទៅស្នងការរាជធានីខេត្តឱ្យបន្តចាត់វិធានការលើល្បែងផ្សងសំណាង ដែលគ្មានអាជ្ញាប័ណ្ណ កុំឱ្យងើបឡើងវិញ៕ 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com