កីឡាអន្តរជាតិ
អន្តរជាតិ
Diaz ម្ចាស់មេដាយមាសអូឡាំពិកតែម្នាក់របស់ហ្វីលីពីន ប្តេជ្ញាបន្តអាជីព ទោះខកខានទៅអូឡាំពិកប៉ារីស
05, Apr 2024 , 4:39 pm        
រូបភាព
កីឡាការិនី Hidilyn Diaz ម្ចាស់មេដាយមាសអូឡាំពិក តែម្នាក់របស់ហ្វីលីពីន ប្រភេទកីឡាលើកទម្ងន់ ប្តេជ្ញាបន្តអាជីព បើទោះជាបរាជ័យក្នុងការប្រកួតជម្រុះដណ្តើមសំបុត្រទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវកាលក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤។



Diaz ជម្រើសជាតិកីឡាលើកទម្ងន់ហ្វីលីពីន វ័យ ៣៣ឆ្នាំ ប្រកួតចាញ់កីឡាការិនីមិត្តរួមជាតិខ្លួន Elreen Ando លើប្រភេទទម្ងន់ ៥៩គីឡូក្រាម នៅក្នុងការប្រកួតជម្រុះ IWF World Cup ដែលធ្វើឡើងនៅក្នុងប្រទេសថៃ។ Ando វ័យ ២៥ឆ្នាំ ត្រូវតំណាងឱ្យហ្វីលីពីន​ ប្រភេទកីឡាលើកទម្ងន់ទៅកាន់ ក្រុងប៉ារីស ប្រទេសបារាំង។
 
Diaz ជាកីឡាការិនីដែលឈ្នះមេដាយមាស អំឡុងការប្រកួតអូឡាំពិកទីក្រុងតូក្យូ ដោយកាលនោះនាងស្ថិតក្នុងប្រភេទទម្ងន់ ៥៥កីឡូក្រាម។ ការប្រកួតវគ្គជម្រុះដណ្តើមសំបុត្រទៅកាន់ព្រឹត្តិការណ៍អូឡាំពិកលើកនេះ កីឡាការិនីវ័យ ៣៣ឆ្នាំ បានត្រឹមបញ្ចប់ចំណាត់ថ្នាក់លេខ ១១ ដោយលើកបានទម្ងន់ ២២២គីឡូក្រាម ប៉ុណ្ណោះ ឈរពីក្រោម Ando ដែលលើកបាន ២២៨គីឡូក្រាម។
 
នេះជាការខកខានប្រកួតនៅអូឡាំពិកលើកដំបូងសម្រាប់កីឡាការិនី Diaz ចាប់តាំងពីបង្ហាញខ្លួន ៥លើក រាល់ការប្រកួត តាំងពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ ២០០៨ មក។ ទោះបរាជ័យទៅកាន់អូឡាំពិក តែកីឡាការិនី Diaz បានប្តេជ្ញាចិត្តថានឹងបន្តអាជីពនេះទៀត។
 
«ខ្ញុំនឹងនៅតែបន្តលើកវា ប៉ុន្តែខ្ញុំមិនដឹងទេថាតើខ្ញុំនឹងអាចធ្វើបានសម្រាប់ព្រឹត្តិការណ៍អូឡាំពិកដទៃទៀត ឬក៏អត់នោះទេ។ ពេលនេះ ខ្ញុំត្រូវតែរីករាយជាមួយអ្វីដែលខ្ញុំធ្វើបាន។​ ខ្ញុំនឹងនៅតែចងចាំអ្វីដែលខ្ញុំបានចាប់ផ្តើម ការហ្វឹកហាត់ និងការបណ្តុះបណ្តាលអត្តពលិករបស់យើងក្នុងពេលអនាគត។»។ នេះបើតាមការអះអាងរបស់កីឡាការិនី Diaz ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP៕

Tag:
 ហ្វីលីពីន
  Hidilyn Diaz
© រក្សាសិទ្ធិដោយ thmeythmey.com