កីឡាអន្តរជាតិ
អន្តរជាតិ
លោក Macron ថារុស្ស៊ីកំពុងរកវិធីធ្វើឱ្យការប្រកួតអូឡាំពិកប៉ារីស ខូចខាត
05, Apr 2024 , 8:59 pm        
រូបភាព
លោក ​Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយថារុស្ស៊ីកំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើន ដែលជាវិធីសាស្ត្រក្នុងការធ្វើឱ្យខូចខាតដល់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។



ស្ថិតក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌលហែលទឹកអូឡាំពិកថ្មីមួយ លោកប្រធានាធិបតីបារាំង ត្រូវបានក្រុមអ្នកកាសែតចោទសួរអំពីចក្ខុវិស័យចំពោះប្រទេសរុស្ស៊ី ដែលកំពុងតែដាក់គោលដៅមកលើការប្រកួតកីឡាអូឡាំពិកនៅប៉ារីសនេះ។
 
លោក Macron បានឆ្លើយតបទៅលើបញ្ហាកំពុងកើតឡើងថា៖«ដោយគ្មានការសង្ស័យ រួមទាំងនៅក្នុងវិស័យសារព័ត៌មាន។ រាល់ថ្ងៃនេះ (រុស្ស៊ី) កំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទថា យើងនឹងមិនអាចធ្វើរឿងនេះ ឬរឿងនោះនៃការប្រកួតឱ្យកើតឡើងបានឡើយ ដូច្នេះការប្រកួតនឹងមានហានិភ័យខ្ពស់។»។
 
លោកប្រធានាធិបតី បន្ថែមថា បច្ចុប្បន្នប្រទេសរុស្ស៊ី បានកំពុងស្វែងរកវិធីសាស្ត្រវាយប្រហារមកលើប្រទេសបារាំង ដោយការបង្កើតគណនីក្លែងក្លាយនៅលើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយរាល់ព័ត៌មានមិនពិតទាក់ទងនឹងការប្រកួត។
 
កន្លងមកប្រទេសបារាំង ត្រូវបានគេដឹងថាមានបញ្ហាជាច្រើននឹងរុស្ស៊ី ដោយមូលហេតុនៃបញ្ហាត្រូវបានផ្តោតសំដៅខ្លាំងពីទំនាក់ទំនងរវាងរដ្ឋាភិបាលបារាំង ជាមួយនឹងអ៊ុយក្រែន ដែលជាសត្រូវកំពុងប្រយុទ្ធគ្នាជាមួយនឹងរុស្ស៊ី។
 
ទោះជាយ៉ាងណាលោក Macron ក៏បានទាមទារឱ្យមានការយកចិត្តទុកដាក់ខ្លាំងបំផុតពីការជ្រៀតជ្រែករបស់រុស្ស៊ី អំឡុងការប្រកួតព្រឹត្តិការណ៍អូឡាំពិក។ ប្រធានាធិបតីបារាំង បានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាដែលនឹងអាចកើតឡើងពីការគំរាមកំហែងភេរវកម្ម ខណៈផែនការជំនួសសម្រាប់ពិធីបើកកីឡាអូឡាំពិកក្នុងខែកក្កដា ត្រូវបានលើកយកមកពិភាក្សាជាថ្មី។
 
លោក Macron បានបញ្ជាក់ត្រង់ចំណុចនេះដូច្នេះថា៖«យើងបានត្រៀមខ្លួនរួចរាល់។ យើងបានរៀបចំសេណារីយ៉ូជាច្រើនត្រៀមទុកជាមុនរួចស្រេច ប្រសិនបើមានបញ្ហាណាមួយកើតឡើង។»។
 
កម្មវិធីបើកនៅថ្ងៃទី២៦ ខែកក្កដា ត្រូវបានគេរំពឹងថានឹងត្រូវរៀបចំឡើងនៅតាមដងទន្លេសែន (Siene) ដោយការដង្ហែរអត្តពលិកនៅតាមទូក បណ្តែតតាមផ្ទៃទន្លេ ជាមួយនឹងការទស្សនាពីសំណាក់អ្នកគាំទ្រជាង ៣សែននាក់។ យ៉ាងណាគម្រោងពិធីបើកនេះ ត្រូវបានព្រមានពីបញ្ហាដែលនឹងអាចកើតមានឡើងនៃបញ្ហាភេរវកម្ម៕

Tag:
 Emmanuel Macron
  Paris 2024
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com