កីឡាអន្តរជាតិ
អន្តរជាតិ
ទស្សន៍ទាយ៖ Liverpool ជើងឯក EPL Arsenal លេខ២ Man City លេខ៣ Man Utd លេខ៦
06, Apr 2024 , 9:39 pm        
រូបភាព
Liverpool នឹងក្លាយជាជើងឯក Premier League រដូវកាលនេះ ដោយ Arsenal និង Manchester City បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងលេខ៣។ Manchester United មិនទទួលបានកៅអី UEFA Champions League ឡើយ។ នេះបើតាមការទស្សន៍ទាយរបស់កុំព្យូទ័រទំនើបមួយឈ្មោះ BETSiE។



បើតាមការផ្សាយរបស់កាសែត The Sun ឧបករណ៍ BETSiE បានទស្សន៍ទាយតារាងចំណាត់ថ្នាក់ចុងក្រោយនៃលីគកំពូលអង់គ្លេស រដូវកាល ២០២៣-២៤នេះ រួមទាំងការប្រជែងតំណែងកំពូលទាំងបួន Top 4 និងក្រុមដែលត្រូវកាត់ចោលទៅលីគទី២ Championship រដូវកាលក្រោយ។
 
BETSiE ជាព្យូទ័រទំនើបមួយ ដែលអាចទស្សន៍ទាយបាន ដោយផ្អែកលើការងារគណិតវិទ្យា និងដំណើរការទិន្នន័យជាលេខ។ ដោយនៅ​សល់​ការ​ប្រកួត​ចំនួន​៧​លើករៀងខ្លួន ឧបករណ៍ BETSiE ទាយថា ការ​ប្រជែង​ដណ្តើម​ជើងឯកមានតែ Liverpool, Arsenal និងម្ចាស់ការពារតំណែងជើងឯក Man City ប៉ុណ្ណោះ ដោយក្រុមទាំងបីមានពិន្ទុប្រដេញគ្នា ៧០ ៦៨ និង៦៧ពិន្ទុ។
 
កុំព្យូទ័រទំនើបនេះ បានគណនាថា Liverpool នឹងក្លាយជាជើងឯកលីគកំពូលអង់គ្លេស ដោយរកបាន ៨៧ពិន្ទុ នៅចុងបញ្ចប់រដូវកាល ដោយរកបាន ១៧ពិន្ទុបន្ថែម ពីការប្រកួត៨លើក។

Arsenal ត្រូវ​បាន​ព្យាករ​ថា​នឹង​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ២ មាន៨៦ពិន្ទុ និង Man City លេខ ៣ មាន៨៤ពិន្ទុ។
 
BETSiE ​គិត​ថា​ Aston Villa នឹងបញ្ចប់ក្នុងចំណាត់​ថ្នាក់​ទី​៤ ដោយទទួលបានកៅអី Champions League ​​មាន៦៨ពិន្ទុ តាម​ពី​ក្រោយ​ដោយ Tottenham Hotspurs។ Man Utd បានត្រឹម​លេខ​៦​ ជាមួយពិន្ទុសរុប ៥៨​ពិន្ទុ​ប៉ុណ្ណោះ។ 
 
ទន្ទឹមនឹងនេះ Sheffield United, Burnley និង Luton Town ត្រូវបានព្យាករណ៍ថានឹងត្រូវកាត់ចេញពីលីគកំពូល។ ការប្រកួតចុងក្រោយ Premier League ២០២៣-២៤ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា៕

Tag:
 Premier League
  BETSiE
© រក្សាសិទ្ធិដោយ thmeythmey.com