កីឡាអន្តរជាតិ
អន្តរជាតិ
Leverkusen កាន់តែគៀកលើកពាន Bundesliga លើកដំបូងក្នុងប្រវត្តិសាស្ត្រ
07, Apr 2024 , 9:59 pm        
រូបភាព
ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga កាន់តែរំកិលទៅលើដៃ Bayer Leverkusen បន្ទាប់ពីក្រុមដែលដឹកនាំដោយលោក Xabi Alonso បន្តកំណត់ត្រា ២៨ប្រកួតក្នុងលីគមិនស្គាល់ចាញ់ ស្របពេលគូប្រជែង Bayern Munich បន្តរងបរាជ័យ។ Leverkusen ឈ្នះ Union Berlin ១-០ ឯ Bayern ចាញ់ FC Heidenheim ៣-២។



១គ្រាប់របស់ Florian Wirtz បានជួយ Leverkusen ឈ្នះ Union Berlin ១-០ ក្នុងការប្រកួតលីគសប្តាហ៍ទី២៨ នៅថ្ងៃទី៦ ខែមេសា។ ជ័យជម្នះនេះ បានជួយក្រុមលោក Alonso រក្សាកំណត់ត្រាមិនចាញ់៤១លើកពីគ្រប់ការប្រកួតរដូវកាល ២០២៣-២៤ និងកាន់តែគៀកការឈ្នះជើងឯកលីគកំពូលលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
ស្របពេល Leverkusen បន្តឈ្នះនៅប្រកួតទី២៨ ម្ចាស់ការពារតំណែងជើងឯក Bayern Munich ឯណោះវិញ រងបរាជ័យក្រោមថ្វីជើង Heidenheim។ លទ្ធផលនេះ បានធ្វើឱ្យក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Thomas Tuchel នៅសល់ឱកាសតិចតួចប៉ុណ្ណោះក្នុងការប្រជែងពាន Bundesliga រដូវកាលនេះ និងជាលើកទី១២ជាប់គ្នា។ Bayern គ្រងជើងឯកលីគកំពូលអាល្លឺម៉ង់ តាំងពីឆ្នាំ២០១៣មកម្លេះ ខណៈ Leverkusen មិនធ្លាប់ស្គាល់ជាតិលើកពាននេះនៅឡើយ។
  


Leverkusen ឈរកំពូលតារាងដោយរកបាន៧៦ពិន្ទុ នាំមុនគូប្រជែង Bayern Munich ដែលជាម្ចាស់ជើងឯក៣៣សម័យ ដាច់ដល់ទៅ១៦ប្រកួត ស្របពេលការប្រកួតនៅសល់៦លើកទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលនេះ។
 
មិនត្រឹមមានភាគរយខ្ពស់លើកពាន Bundesliga នោះទេ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ  Alonso ថែមទាំងជួយ Leverkusen ឈានដល់វគ្គផ្តាច់ព្រ័ត្រ DFB Cup ដោយត្រូវជួប Kaiserslautern ថែមទៀត។ ក្រុមអាល្លឺម៉ង់មួយនេះ នៅភារកិច្ចប្រជែងពានរង្វាន់អឺរ៉ុប UEFA Europa League ដោយត្រូវប៉ះក្រុមអង់គ្លេស West Ham United នៅវគ្គ៨ក្រុមចុងក្រោយ៕

Tag:
 Bayer Leverkusen
  Xabi Alonso
© រក្សាសិទ្ធិដោយ thmeythmey.com