កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម មានអ្នកឧបត្ថម្ភពីជប៉ុន ដើម្បីរកគ្រូបង្វឹកមានសមត្ថភាពដឹកនាំជម្រើសជាតិ
08, Apr 2024 , 8:39 am        
រូបភាព
បន្ទាប់ពីចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយដៃគូឧបត្ថម្ភជប៉ុន សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នឹងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត ក្នុងការស្វែងរកគ្រូបង្វឹកថ្មីដឹកនាំក្រុមជម្រើសជាតិ។



VFF បានចុះកិច្ចព្រមព្រៀង ជាមួយអ្នកឧបត្ថម្ភពីប្រទេសជប៉ុន នៅថ្ងៃទី៣ ខែមេសា។ កិច្ចសន្យាដែលមានសុពលភាពពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ជួយ VFF ទទួលបានប្រាក់កាន់តែច្រើន សម្រាប់ចំណាយលើក្រុមកីឡាករបាល់ទាត់ជម្រើសជាតិវៀតណាម និងស្វែងរកគ្រូបង្វឹកថ្មីប្រកបដោយគុណភាពដឹកនាំផងដែរ។
 
តំណែងគ្រូបង្វឹកវៀតណាមនៅទំនេរនៅឡើយ បន្ទាប់ពី VFF និងគ្រូបង្វឹកសញ្ជាតិបារាំងលោក Philippe Troussier ចែកផ្លូវគ្នា កាលពីថ្ងៃទី២៦ ខែមីនា។ បញ្ចប់កិច្ចសន្យាមុនកំណត់ ដោយសារលោក Troussier ដឹកនាំវៀតណាមចាញ់ឥណ្ឌូណេស៊ីទាំងពីរជើងក្នុងការប្រកួតជម្រុះ World Cup និងបរាជ័យ៣លើកជាប់ៗគ្នាទល់នឹងគូប្រជែងនៅអាស៊ីអាគ្នេយ៍។ Troussier ទទួលបានប្រាក់ឈ្នួលមួយខែ ៥ម៉ឺនដុល្លារ ក្នុងតំណែងគ្រូវៀតណាម ទាំងឈុតធំ និងក្រោយ២៣ឆ្នាំ។
  


សម្រាប់តំណែងគ្រូថ្មី VFF នឹងជ្រើសរើសបេក្ខភាពដែលយល់ដឹងច្រើនពីវប្បធម៌របស់ក្រុមវៀតណាម និងភាពបទបែនរបស់កីឡាករ ដើម្បីជៀសវាងកុំឱ្យជាន់ដានម្តងទៀតដែលពួកគេបានធ្វើជាមួយលោក Troussier។
 
សហព័ន្ធ​បាល់ទាត់វៀតណាម រំពឹង​ថា​ស្ថាប័នខ្លួននឹងអាច​ប្រកាសបេក្ខជន​អ្នក​ដឹកនាំ​​ថ្មីឆាប់ៗ ​ឱ្យបានមុន​ការ​ប្រកួត​ទាំង​ពីរប្រកួតចុងក្រោយ​ជាមួយ​ហ្វីលីពីន និង​អ៊ីរ៉ាក់​ ក្នុង​​ជម្រុះជុំទី២ World Cup ឆ្នាំ២០២៦ នស​ខែ​មិថុនា។
 
ដោយឡែក សម្រាប់ភារកិច្ច​គ្រូ​បង្វឹក U23 វៀតណាម ត្រូវ​បាន​ប្រគល់​ឲ្យ​លោក Hoang Anh Tuan។ ក្រុម U23 នឹងចូលរួមព្រឹត្តិការណ៍ U23 Asian Cup ឆ្នាំ២០២៤ ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា នៅប្រទេសកាតា។ វៀតណាមស្ថិតក្នុងពូល D ជាមួយ អ៊ូសបេគីស្ថាន គូវ៉ែត និងម៉ាឡេស៊ី។ ជំនួប​បើក​ឆាក វៀតណាម ជួប​គូវ៉ែត ​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា៕

Tag:
 VFF
© រក្សាសិទ្ធិដោយ thmeythmey.com